ភ្នំពេញ ៖ របាំងថ្មពុះចែកទ្រូងផ្លូវចំនួន៨កង់បានរងការខូចខាតដោយសារតែមន្រ្តីនគរបាលស័ក្ត៥ម្នាក់ បើករថយន្តសេរីទំនើប ម៉ាកឡង់គ្រឺស័រមួយគ្រឿង ស្រវឹងស្រាបើកបុករះបណ្តាលអោយរងការខូចខាត។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ ខាងជើងស្តុបបឹងសាឡាងប្រមាណ២០ម៉ែត្រ តាមបណ្តោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
ប្រភពពត៌មានជុំវិញកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេបានឃើញរថយន្តសេរីទំនើប ម៉ាក ឡេងគ្រីសស័រ ពណ៍ស្លែរ ពាក់ស្លាកលេខ ភ្នំពេញ 2L-3836 បើកបរដោយមន្រ្តីនគរបាលស័ក្ត៥ម្នាក់ បានបើកតាមបណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿនដោយមិនបានប្រុងប្រយ័ត្ន ខណះមកដល់ចំណុចកើតហេតុបានជ្រុលចង្កូតបុករះរបាំងថ្មពុះចែកទ្រូងផ្លូវខូចខាត៨កង់ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខ ។
ក្រោយកើតហេតុនគរបាលដែលជា អ្នកបើករថយន្តបានគេចខ្លួនបាត់ស្រមោលដោយទុករថយន្តចោលនៅកន្លែងកើតហេតុ ចំណែក រថយន្តត្រូវបានសមត្ថកិច្ចជំនាញចុះមកវាស់វែង និងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី ៕ដោយៈ ព្រែកជ័យ