ប៉ូលីសចរាចរណ៍ស័ក្ត៤កន្លះស្រវឹងស្រាបើករថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់១កង់

ចែករំលែក៖

ភ្នំពេញ ៖ មន្រ្តីប៉ូលីសចរាចរណ៍ម្នាក់ស្រវឹងស្រាជោគជាំបានបើករថយន្ត C R Vក្នុងល្បឿនលឿនមិនបានប្រុងប្រយ័ត្នជ្រុលទៅ បុក​ក្បាល​​នាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឱ្យបាក់អស់១កង់ ចំណែករថយន្តរងការខូច​ខាតផ្នែក​ខាងមុខ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩នឹង៣០នាទីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ ខាងកើតស្ពានអាកាស៧មករា ប្រមាណ១០០មែត្រ តាមបណ្តោយផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។

ប្រភពពត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ រថយន្ត C R V ពណ៍ទឹកប៉ិច ពាក់ស្លាកលេខ ភ្នំពេញ 2F-1543 បើកបរដោយបុរសម្នាក់ដែលគេស្គាល់ថាជាមន្រ្តីប៉ូលីសចរាចរណ៍ ពាក់ស័ក្ត៤កន្លះ បើកបរតាមបណ្តោយផ្លូវកម្ពុជាក្រោមក្នុង ទិសដៅពីលិចទៅកើតក្នុង​ល្បឿនយ៉ាងលឿនខ្វះការប្រុងប្រយ័ត្ន ហើយដោយទំនងជាស្រវឹងស្រាជោគជាំផងនោះ ពេលមកដល់ចំណុចកើតហេតុ​បានជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឱ្យបាក់អស់១កង់ ចំណែករថយន្តរង​ការ​ខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងបែកកង់មុខខាងឆ្វេងទៅមុខលែងរួច សំណាងល្អមិនបណ្តាល​ឱ្យនណារម្នាក់រងរបួសនោះទេ ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានសហការជាមួយនិងនគបាលជំនាញ ធ្វើការវាស់វែង និងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំ​ដោះ​ស្រាយនាពេលក្រោយ ។ ប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបាននាំគ្នារិះគន់ទៅលើ​សមត្ថកិច្ច​ចរាចរណ៍​នេះយ៉ាងខ្លាំង ដោយខ្លាំងថា ជាអ្នកដឹងច្បាប់ហើយ តែបែរជាផឹកស៊ីុស្រវឹងបើករថយន្តបង្កឱ្យមាន គ្រោះថ្នាក់ចរាចរណ៍ដូច្នេះទៅវិញ ថាតើចាំមើលចំណាត់ការមន្រ្តីស័ក្ត4កន្លះនេះ​ដោយរបៀបណាបើខ្លួនជាអ្នកអនុវត្តច្បាប់បែជាប្រព្រឹត្តខុសច្បាប់ដូចច្នេះថែមទៀត ៕ដោយៈ ព្រែកជ័យ

...

image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print