អន្តរជាតិ៖ មនុស្សយ៉ាងហោចណាស់ចំនួន ៨នាក់បានស្លាប់ និងបាត់ខ្លួន ៩នាក់ ក្នុងករណីបាក់រលំសណ្ឋាគារមួយ នៅភាគខាងកើតប្រទេសចិន កាលពីថ្ងៃចន្ទទី១២ ខែកក្កដា ឆ្នាំ២០២១។ នេះបេីតាមការចុះផ្សាយរបស់ស្ថានីយទូរទស្សន៍រដ្ឋចិន CCTV។
យោងតាមរបាយការណ៍របស់ទូរទស្សន៍ CCTV បានបន្ថែមទៀតថា ក្រុមអ្នកជួយសង្គ្រោះបានទាញអ្នកនៅរស់រានមានជីវិត ៧ នាក់ពីគំនរបាក់បែកនៃសណ្ឋាគារលំដាប់ថវិកាឈ្មោះ Siji Kaiyuanក្នុងទីក្រុងទេសចរណ៍ដ៏មានប្រជាប្រិយឈ្មោះ ស៊ូចូវ។ ទូរទស្សន៍ CCTV បានរាយការណ៍បន្ថែមថា ការជួយសង្គ្រោះបាន “កំពុងដំណើរការ” ខណៈអាជ្ញាធរកំពុងស៊ើបអង្កេតមូលហេតុនៃគ្រោះមហន្តរាយនេះ។
បេីយោងតាមការចុះបញ្ជីនៅលើវេបសាយធ្វើដំណើរ Ctrip បានឱ្យដឹងថា សណ្ឋាគារ Siji Kaiyuan បានបើកក្នុងឆ្នាំ ២០១៨ ហើយមានបន្ទប់ចំនួន ៥៤ក៏ដូចជាសាលជប់លៀងនិងបន្ទប់សន្និសីទផងដែរ។
បន្ថែមពីនេះ រូបភាពដែលផ្សាយដោយទូរទស្សន៍ CCTV បានបង្ហាញបុគ្គលិកជួយសង្គ្រោះជាច្រើននាក់ពាក់មួកសុវត្ថិភាពនៅឯកន្លែងនៃគ្រោះមហន្តរាយនេះ ដោយបិទផ្លូវទាំងស្រុងនៅជុំវិញសណ្ឋាគារបាក់បែកនេះ។
គួរបញ្ជាក់ថា ការដួលរលំអគារឬគ្រោះថ្នាក់ទាក់ទងនឹងអគារមិនមែនជារឿងចម្លែកទេនៅក្នុងប្រទេសចិន ដែលជារឿយៗកើតឡើងដោយសារស្តង់ដារសំណង់ធូររលុងឬអំពើពុករលួយ៕ដោយ៖សហការី