ភ្នំពេញ : កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២១នេះ បានបិទបញ្ចប់បេសកកម្មប្រគល់-ទទួលជែលលាងដៃជាជំហានទី១ ជូនសាខាកាកបាទក្រហមកម្ពុជា រាជធានី-ខេត្តចំនួន១៧ បន្ទាប់ពីទទួលបានពីក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺ ចុង (ខេមបូឌា) ត្រេឌីង ឯ.ក ចំនួន ១៦.២០០កេស (ស្មើនឹង ២៥៩.២០០ដប) កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ។ ពិធីប្រគល់-ទទួលជែលជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង (ខេត្តទី១៦) បានប្រព្រឹត្តទៅក្រោមវត្តមាន លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ននិងលោកស្រី មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង។
ថ្លែងក្នុងឱកាសនោះ លោកស្រី អគ្គលេខាធិការរងទី១ បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលកាកបាទក្រហមកម្ពុជា បានបិទបញ្ចប់បេសកកម្មប្រគល់ជែលជូនបណ្តាសាខាទាំង១៧ ជាជំហានទី១ ក្នុងនោះខេត្តកោះកុងជាខេត្តទី១៦ និងខេត្តប៉ៃលិនជាខេត្តទី១៧ ហេីយស្របពេលដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសបិទបញ្ចប់ទាំងស្រុងនូវ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» បន្ទាប់ពីកម្ពុជាយេីងបានប្រឹងប្រែងប្រយុទ្ធយ៉ាងខ្លាំងក្លាអស់រយៈពេល ១០ខែកន្លងមក។
ទន្ទឹមនឹងនេះ លោកស្រី បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញេីសួរសុខទុក្ខ ថ្លែងអំណរគុណ និងកោតសរសេីរចំពោះជួរគណៈអភិបាល កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់នៃខេត្តកោះកុង ក៏ដូចជាគណៈកិត្តិយស គណៈកម្មាធិការ មន្ត្រី បុគ្គលិក យុវជន និងអ្នកស្ម័គ្រចិត្តទាំងអស់នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ជាពិសេសក្រុមគ្រូពេទ្យជួរមុខទាំងអស់ ដែលបានលះបង់យ៉ាងធំធេង ក្នុងការចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ និងចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិយេីងក្រោមម្លប់នៃសន្តិភាព។
ជាមួយគ្នានេះ លោកស្រី បានលេីកឡេីងថា «អនុវត្តតាមអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានចាត់ចែងឱ្យមន្ត្រីទីស្នាក់ការកណ្តាលចុះប្រគល់ជែលទាំងអស់ជូនដល់ សាខា-អនុសាខាកាកបាទក្រហមកម្ពុជា និងមន្ទីរពេទ្យបង្អែក នៅទូទាំង២៥រាជធានី-ខេត្ត ដែលជាប្រតិបត្តិករជួរមុខប្រយុទ្ធនឹងជំងឺកូវីដ-១៩ គឺដេីម្បីលេីកកម្ពស់ការអនុវត្តយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដោយផ្តោតលេីការពង្រឹងសមត្ថភាពរបស់បុគ្គលិកសុខាភិបាលនៅតាមមន្ទីរពេទ្យបង្អែកខេត្ត ក្រុង ស្រុក នៅទូទាំងប្រទេស ក្នុងការព្យាបាលជំងឺជូនប្រជាពលដ្ឋនៅតាមមូលដ្ឋានរៀងៗខ្លួន»។ លោកស្រី បានបញ្ជាក់ផងដែរថា ៖ កម្ពុជាយើងបានឆ្លងកាត់ការលំបាកនៃជំងឺកូវីដ-១៩ រហូតមកដល់ពេលនេះ យើងបានឈានដល់ការអនុវត្តនូវយុទ្ធសាស្ត្រស្តីពី «ការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩» និង «យុទ្ធសាស្ត្រស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី» ដែលតម្រូវឱ្យមានការចូលរួមជាសំខាន់ពីសំណាក់បងប្អូនប្រជាពលរដ្ឋយើងក្នុងការអនុវត្តយុទ្ធសាស្ត្រខាងលើនេះ ដើម្បីប្រទេសជាតិយើងមានការអភិវឌ្ឍ រីកចម្រើន និងរក្សាបាននូវស្ថិរភាព សុខសន្តិភាព តាមគន្លងប្រក្រតីភាពថ្មី។
ក្នុងឱកាសនោះដែរ លោកស្រី មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខភាព និងសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសការផ្តល់ជែលលាងដៃនាពេលនេះពិតជាមានសារៈសំខាន់សម្រាប់ប្រតិបត្តិករជួរមុខយកទៅប្រេីប្រាស់ ក្នុងការរួមចំណែកទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩នៅតាមមូលដ្ឋាននានាឱ្យមានប្រសិទ្ធភាព។
សូមបញ្ជាក់ថា សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ទទួលបានជែលលាងដៃចំនួន ៦០០កេស (ស្មេីនឹង ១២.០០០ដប) ក្នុងនោះប្រគល់ជូនសាខាចំនួន ២០៥កេស, ជូនមន្ទីរពេទ្យខេត្តកោះកុងចំនួន ២០កេស, ជូនអនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុកទាំង៧ ចំនួន ៣៥០កេស និងជូនសាលារៀននានាក្នុងទីរួមខេត្តកោះកុងចំនួន ២៥កេស។ ដោយឡែក កម្មវិធីប្រគល់-ទទួលជែលចំនួន ៧៤២កេស (ស្មេីនឹង ១១.៨៧២ដប) ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ដែលជាខេត្តទី១៧នោះ បបានប្រព្រឹត្តទៅក្រោមវត្តមានលោកស្រី ហួន ច័ន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា និងលោកជំទាវ ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន៕
ដោយ : សិលា