ភ្នំពេញ៖ លោកពូម្នាក់នេះប្រៀបបាននឹងប៉ូលីសចរាចរណ៍ នៅតំបន់ផ្សារតូចទួលសង្កែ ទីកន្លែងធ្លាប់ស្ទះចរាចរណ៍ដ៏ណែនតាន់តាប់ ម្យ៉ាងទៀត បើទោះបីជាគាត់មានស្លៀកត្រឹមតែកន្សែងយ៉ាងកញ្ចាស់មួយនេះក្តី រាល់ថ្ងៃខ្ញុំឃើញគាត់មមាញឹកនឹងការងារនេះគួរអោយ គោរពស្រឡាញ់អាណិតគាត់ខ្លាំងមែន។
យុវជន សុផល ពិទូរ ជានិស្សិតបរិញ្ញាប័ត្ររងឆ្នាំទី២ នៃសកលវិទ្យាល័យIPPU បាននិយាយបែបនេះជាមួយនិងមិត្តភ័ក្រ្តរបស់គេ ដោយការពេញចិត្តទង្វើល្អបុរសនេះនៅតាមទីសាធារណៈ។ យុវជនពិទូរបានបន្តថាៈ មើលទៅទឹកចិត្តគាត់មិនរុញរាឡើយក្នុងការជួយសម្រួលចរាចរណ៍រាល់ៗថ្ងៃ មានពេលព្រឹក និងពេលរសៀល ខណះមានសភាពកកស្ទះចរាចរណ៍ នេះជាទឹកចិត្តដ៏ល្អកម្ររកបានសម្រាប់អ្នកលះបង់ ពេលវេលាសម្រាប់អ្នកដទៃ។
យុវជន សុផល ពិទូរ លើកឡើងថាៈ ខ្ញុំបានលើកទឹកចិត្តគាត់ក្នុងអារម្មណ៍នឹងនាំពីកាយវិការដ៏ល្អនេះទៅកាន់មិត្តភ័ក្រ្តដ៏ច្រើនទៀតបានដឹង ដើម្បីអោយឃើញថាៈ ខ្មែរមានពូជអំបូរជួយ សាមគ្គីគ្នា ហើយសូមអោយអ្នកដំណើរដទៃផ្សេងទៀតមេត្តាដាក់ចិត្តផ្តល់ការលើកទឹកចិត្តដល់គាត់ផង៕
ដោយ៖ សុខ ខេមរា