ពីមុនមកមានមនុស្សជាច្រើនយល់ថា សកម្មជនដីធ្លីនៅបុរីកីឡា ថ្មគោល និងបឹងកក់ មកធ្វើបាតុកម្ម ដើម្បីឱ្យរាជរដ្ឋាភិបាលជួយដោះស្រាយបញ្ហាដីធ្លីរបស់ពួកគេ ប៉ុន្តែជាក់ស្តែង បើទោះបីជាមានការដោះស្រាយ ពីរាជរដ្ឋាភិបាល រហូតមានការប្រគល់ប្លង់កម្មសិទ្ធិដីធ្លី និងផ្ទះសំបែងជូនពួកគេក្តី ក៏ក្រុមបាតុករមុខដដែលៗទាំងនេះ នៅតែបន្តធ្វើបាតុកម្មតវ៉ា ដោយផ្លាស់ប្តូរប្រធានបទថ្មីៗជានិច្ច។
ក្រុមបាតុករដែលមានមុខដដែលៗ គឺមានក្រុមបឹងកក់ ថ្មគោល និងបុរីកីឡា ជានិច្ចកាល ពួកគេបានបង្វែរពីទាមទារឱ្យដោះស្រាយរឿងដីធ្លី ទៅទាមទាររឿងសិទ្ធិបញ្ចេញមតិ អស់ពីទាមទារសិទ្ធិបញ្ចេញមតិ ទៅបាតុកម្មទាមទារសិទ្ធិសេរីភាពឱ្យពលរដ្ឋខ្មែរកម្ពុជាក្រោម ធ្វើបាតុកម្មប្រឆាំង និងការអនុម័តច្បាប់អង្គការ ច្បាប់សហជីព ច្បាប់បោះឆ្នោត និងបាតុកម្មទាមទារដោះលែងអ្នកទោសដែលជាមនុស្សរបស់គណបក្សសង្គ្រោះជាតិជាដើម។ ថ្មីៗនេះ ក្រុមបាតុករដដែលនោះ បានធ្វើយុទ្ធនាការអាវខ្មៅ ឬបដិវត្តន៍ពណ៌ខ្មៅ បម្រើឱ្យមហិច្ឆតាបរទេស ជាមួយនឹងការផ្តល់ថវិកា និងបណ្តុះបណ្តាលជំនាញបាតុកម្ម ពីអង្គការក្រៅរដ្ឋាភិបាលបរទេស ដែលទទួលជំនួយពីបរទេស ដែលមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ក្រោមលេសទាមទារឱ្យដោះលែងមន្ត្រីអង្គការអាដហុក៤រូប និងអគ្គលេខាធិការរង គ.ជ.ប ១រូប។
កន្លងមកនេះ អាជ្ញាធរមានសមត្ថកិច្ចតែងតែបង្ហាញឥរិយាបថ យោគយល់ អធ្យាស្រ័យ និងអត់ធ្មត់កម្រិតខ្ពស់បំផុត ចំពោះសកម្មភាពរបស់ក្រុមបាតុករអាជីពស៊ីឈ្នួលបរទេសទាំងនោះ ដែលបានបង្កការអុកឡុកក្នុងសង្គម ដោយគ្រាន់តែចាប់ខ្លួនពួកគេ យកទៅធ្វើការអប់រំណែនាំ និងឱ្យធ្វើកិច្ចសន្យា។ តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចបានកំណត់មុខសញ្ញាយ៉ាងច្បាស់ថា ក្រុមបាតុករ ដែលចេញពីសហគមន៍បុរីកីឡា ថ្មគោល និងបឹងកក់ ពួកគេគឺជាក្រុមបាតុករអាជីព និងពហុវិស័យ ដែលយកការធ្វើបាតុកម្មជាមុខរបរដើម្បីរកប្រាក់។ ដូច្នេះអាជ្ញាធរ ប្រាកដជាមិនអាចធ្វើតាមការទាមទាររបស់ពួកគេបានទេ ត្បិតថា ការទាមទាររបស់ក្រុមបាតុករអាជីព គឺមានលក្ខណៈមិនប្រាកដប្រជា និងជាក់លាក់ទេ ពោលគឺក្រុមបាតុករទាំងនេះ បានហាត់រៀនសម្តែង ដើម្បីយករបរបាតុកម្មនេះ ធ្វើជាឆ្នាំងបាយរបស់ពួកគេទៅហើយ។ ក្នុងចំណោមក្រុមបាតុករអាជីពទាំងនោះ គេឃើញវត្តមានលេចធ្លោជាងគេ ៣រូបគឺ៖ ឈ្មោះ ទេព វន្នី, យ៉ោម បុប្ផា និងយាយ ម៉ាមមី ដែលជាតួអង្គសម្តែងសំខាន់ ក្នុងការស្រែកជេររាជរដ្ឋាភិបាល និងសមត្ថកិច្ច មានអ្នកលើកបដា រុញច្រានសមត្ថកិច្ច ធ្វើកាយវិការច្រងេងច្រងាង ទ្រហោយំ ផ្តួលខ្លួន ដួលសន្លប់ ដើរចូលឱ្យសមត្ថកិច្ចចាប់ រួចហើយក៏ធ្វើជាស្រែកទាមទារយុត្តិធម៌ ហើយឱ្យគ្រួសារ ក្រុមបក្ខពួករបស់គេ និងកូនតូចៗមកយំតវ៉ា ទាមទារឱ្យដោះលែងពួកគេវិញជាដើម។ ជំនាញទាំងអស់នេះ គឺក្រុមបាតុករអាជីព បានទទួលការបណ្តុះបណ្តាលពីអង្គការក្រៅរដ្ឋាភិបាលបរទេសមួយចំនួន។ ក្រៅពីសកម្មភាពដ៏ប៉ិនប្រសប់ ដែលមានការហាត់រៀនជាមុននោះ ក្រុមនេះក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ បម្រើផលប្រយោជន៍ឱ្យគ្នាវិញទៅមក ជាមួយក្រុមអ្នកសារព័ត៌មានប្រឆាំង ដែលបានត្រៀមកាមេរ៉ាយ៉ាងយកចិត្តទុកដាក់បំផុត ក្នុងការថតសកម្មភាពសម្តែងរបស់ពួកគេ ដែលមិនខុសអីពីឈុតឆាកខ្សែភាពយន្ត គឺមានតួអង្គកាច ស្លូត កំសត់ តួអង្គអ្នកក្លាហាន អ្នកឈរមើល ទីតាំងសម្តែងដែលទាក់ទាញ ក្រុមថតនិងសរសេរផ្សព្វផ្សាយបន្ទរ ដែលត្រូវបានគេគ្រោងទុក និងរៀបចំជាមុន ក្រោមជំនួយមានចំណងពីបរទេស ដែលបានមកពីលោកខាងលិច។ តាមប្រភពពីក្រុមបាតុករ ជំនួយដែលបម្រើឱ្យការធ្វើបាតុកម្ម គឺមកពីប្រទេសអាមេរិក សហគមន៍អឺរ៉ុប និងអាល្លឺម៉ង់។ ម៉្យាងវិញទៀត យុទ្ធនាការអាវខ្មៅ ដែលពួកគេកំពុងតែចូលរួមនេះ ត្រូវបានរកឃើញថា គឺជាបដិវត្តន៍ពណ៌ ដែលមានចរិតផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងដោយការបោះឆ្នោតដោយសេរី។ បដិវត្តន៍ពណ៌ខ្មៅ ដែលក្រុមបាតុករ និងក្រុមអង្គការសង្គមស៊ីវិលមួយចំនួនកំពុងធ្វើនេះ គឺផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដោយអនុវត្តន៍ក្រោមការជួយជ្រោមជ្រែងទាំងយុទ្ធសាស្ត្រ និងលុយពីប្រទេសលោកខាងលិច ក្នុងបំណងបម្រើមនោគមវិជ្ជានយោបាយបែបលោកខាងលិច។ បដិវត្តន៍ពណ៌ ត្រូវបានគេដឹងយ៉ាងច្បាស់ថា បានបង្កើតឡើងដំបូងបំផុត ដោយសហរដ្ឋអាមេរិក នៅឆ្នាំ១៩៩៧ (Made in USA) និងកំពុងធ្វើឱ្យប្រទេសមួយចំនួនលើពិភពលោកធ្លាក់ទៅក្នុងមហិច្ឆតារបស់ពួកគេ។
ជាមួយគ្នានេះដែរ នៅកម្ពុជាសកម្មភាពដដែលៗ របស់ក្រុមបាតុករស៊ីឈ្នួលបរទេស និងអង្គការក្រៅរដ្ឋាភិបាលបរទេស ដែលមានសេណារីយ៉ូប្រហាក់ប្រហែលគ្នានេះ គឺបានបង្រៀនសមត្ថកិច្ច ឱ្យយល់ពីធាតុពិតរបស់ពួកគេអស់ទៅហើយ អ្វីដែលជាចំងល់នៅត្រង់នេះ គឺមហាជនអ្នកឈរមើលទៅវិញទេ ដែលមួយចំនួនហាក់នៅមិនយល់ពីការសម្តែងរបស់ពួកគេនៅឡើយ ហើយនៅតែយល់ថា ក្រុមបាតុករទាំងនោះជាជនរងគ្រោះ ហើយរាជរដ្ឋាភិបាល ឬអាជ្ញាធរគឺជាដើមហេតុដែលបង្កបញ្ហាទៅវិញ។ ហេតុអ្វីប្រជាពលរដ្ឋខ្មែរ ដែលជឿលើសកម្មភាពរបស់ក្រុមបាតុករ និងការផ្សព្វផ្សាយរបស់បណ្តាញពត៌មានប្រឆាំង មិនព្រមធ្វើការវែកញែកឱ្យបានច្បាស់លាស់ដោយជឿតែលើការមើលឃើញ តាមរយៈការសម្តែងឡើង ដោយក្រុមមនុស្សមួយក្រុម ក្នុងគោលបំណងបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន គឺយកលុយបរទេស ហើយធ្វើការឱ្យបរទេស ដែលមានចេតនាបំផ្លាញខ្មែរ ដោយមិនបានគិតពីប្រទេសជាតិរបស់ខ្លួន។ ម៉្យាវិញទៀត ក្រុមបាតុករទាំងនោះ គឺមានមុខដដែលៗទេ ដូច្នេះមហាជនគួរតែឆ្ងល់ថា តើពួកគេរស់នៅដោយរបៀបណា បើគិតតែធ្វើបាតុកម្មតវ៉ាបែបនេះ តើមានចំណូលមកពីណា? លើសពីនេះ តាមការស្រាវជ្រាវរបស់សមត្ថកិច្ចមូលដ្ឋានរបស់ក្រុមបាតុករទាំងនោះ បង្ហាញថា ជីវភាពរបស់ក្រុមបាតុករអាជីពទាំងនោះ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធូរធារឡើងៗ ប៉ុន្តែពួកគេ បានព្យាយាមស្លៀកពាក់ចាស់ៗ ដោះគ្រឿងអលង្ការទុក មុនពេលចេញមកធ្វើបាតុកម្ម ដើម្បីបំភ័ន្តភ្នែកមហាជន។ មានសំនួរមួយ ដែលលោកអ្នកអាចធ្វើការពិចារណារកហេតុផលពិតថា បើគ្មានអ្នករៀបចំទេ តើហេតុអ្វីក្រុមបាតុករអាជីពមកចូលរួមប្រឆាំងតវ៉ាលើគ្រប់ប្រធានបទ ដឹងពេលវេលាយ៉ាងច្បាស់ ដឹងពីទីតាំង និងសូម្បីតែប្រធានបទខ្លះ ដែលពួកគេមិនទាំងយល់ឬពាក់ព័ន្ធផងនោះ ក៏ពួកគេមកធ្វើបាតុកម្មដែរ? បើមិនបានលុយពីបរទេសទេ ហើយមិនរកស៊ីលក់ដូរអ្វីផង ហេតុអ្វីមានប្រាក់ចាយវាយស៊ីផឹក និងលេងល្បែងស៊ីសងដូចសព្វថ្ងៃ? អ្វីដែលគួរឱ្យសង្ស័យនោះ គឺក្រុមបាតុករអាជីពទាំងនេះ បានចូលរួមរាល់គ្រប់សកម្មភាពតវ៉ា ដែលមាននិន្នាការគាំទ្រ និងបម្រើផលប្រយោជន៍ឱ្យគណបក្សប្រឆាំងជានិច្ច រហូតមានទំនាក់ទំនងស្នេហា ជាមួយគ្នាទៅទៀត ដូចករណី អ្នកតំណាងរាស្ត្រខេត្តស្វាយរៀងរបស់គណបក្សសង្គ្រោះជាតិ រៀល ខេមរិន្ទ និងនាង យ៉ោម បុប្ផា សកម្មជនបឹងកក់ និងករណីលោក កឹម សុខា ដែលមានប្រពន្ធចុងជាអ្នកបឹងកក់ដូចគ្នា ឈ្មោះថានាង យ៉េស ជាជនជាតិវៀតណាម។
ជាការពិតបញ្ហារបស់ប្រទេសជាតិមួយ ឬការចង់បានសិទ្ធិសេរីភាព របស់ពលរដ្ឋប្រទេសមួយ ប្រាកដជាមានការយកចិត្តទុកដាក់ពីប្រជាពលរដ្ឋទូទៅ នៃប្រទេសនោះជាក់ជាមិនខាន វាមិនមែនជាបញ្ហាដោយឡែក របស់ក្រុមណាមួយ ដែលតម្រូវឱ្យពួកគេ ចេញមុខគ្រប់ពេលវេលានោះទេ លើកលែងតែពួកគេ មានអ្វីដែលលើសពីការទាមទារ ដូចជាផលប្រយោជន៍ និងលុយកាក់ជាថ្នូរជាដើម។ ត្រង់ចំណុចនេះ ខ្ញុំចង់បញ្ជាក់ថា បើក្រុមនោះពិតជាក្រុមបាតុករអាជីពស៊ីឈ្នួល បរទេសពិតមែន មហាជនគួរតែមានយុត្តិធម៌ក្នុងការវាយតម្លៃរបស់ខ្លួន គឺពួកគេមិនមែនជាវីរៈជន ឬអ្នកក្លាហានដែលត្រូវគាំទ្រ និងអាណិតអាសូរនោះទេ ប៉ុន្តែពួកគេគឺជនទុច្ចរិត ជាអ្នកបំរើមហិច្ឆតាបរទេស ដើម្បីបំផ្លាញប្រទេសជាតិខ្លួនឯង។ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាពិចារណាឡើងវិញ ហើយគប្បីបញ្ឈប់ការអាណិតអាសូរ ចំពោះសត្វក្រពើដែលបាននិងកំពុងសម្រក់ទឹកភ្នែក ក្នុងឈុតឆាកសម្តែងរបស់ពួកគេតទៅទៀតទៅ៕
ដោយ៖ ព្រហ្ម លក្ខណ៍, ក្រុមយុវជនឆ្នើម