ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធម៌ដោយគៀបជាប់នៅក្នុងរថយន្ត ខណៈដែល បើករថយន្តសេរីទំនើបមួយគ្រឿងម៉ាក CELICAបុកជាមួយនឹងរថយន្តសេរីទំនើបមួយគ្រឿងទៀតម៉ាកRage Roverដែលត្រូវបានគេស្គាល់ថាជារបស់តារាចំរៀងប្រចាំនៅផលិតកម្មថោន ឈ្មោះលោក ខេម និងជាអ្នកបើករថយន្ដផងដែរ ដោយធ្វើដំណើរ ក្នុងទិសដៅបញ្ច្រាសទិសគ្នា រួចក៏បុកគ្នាចំពីមុខពេញទំហឹងតែម្តងបណ្តាលអោយរថយន្តរងការខូចខាតទាំងសងខាងយ៉ាងដំណំ និងបណ្តាលអោយបុរសម្នាក់គៀបជាប់នៅក្នុងរថយន្តស្លាប់ភ្លាមៗនៅកន្លែងកើតហេតុផងដែរ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២នឹង៤០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចមុខឃ្លាំងស្ថាននីយ៍ប្រេងសូគីម៉ិច តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។
បុរសជាជនរងគ្រោះមានឈ្មោះ លី ការីម អាយុ៣១ឆ្នាំ ជាបុគ្គលិកធនាគារអម្រិត បច្ចុប្បន្នស្នាក់នៅក្នុងភូមិគីឡូម៉ែត្រលេខ៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ ។
ប្រភពពត៌មានជុំវិញកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តសេរីទំនើបមួយគ្រឿងម៉ាកRangRoverពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2X-9987 បើកតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូង និងមានរថយន្តសេរីទំនើបមួួយគ្រឿងទៀត ម៉ាក CeLiCaពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-5575 បើកក្នុងល្បឿនលឿនដូចគ្នាទិសដៅបញ្ច្រាស់គ្នា ពេលមកដល់ចំណុចកើតហេតុបានបុកគ្នាចំពីមុខពេញទំហឹង បណ្តាលឱ្យបុរសម្នាក់ដែលជាម្ចាស់ CeLiCaស្លាប់គៀបជាប់ក្នុងរថយន្តយ៉ាងអាណោចអាធម៌ ។ ចំណែកអ្នកបើករថយន្តRangRover ត្រូវបានគេស្គាល់ថាជាតារាចំរៀងនៅក្នុងផលិតកម្មថោន គឺលោកខេម និងរួមដំណើរដោយនារីម្នាក់ទៀត បានចុះមកពីលើរថយន្តរួចគេចខ្លួនបាត់ រីឯរថយន្តទាំង២គ្រឿង រងការខូចខាតផ្នែកខាងមុខទាំងស្រុង។
ប្រភពខាងលើបានប្រាប់អោយដឹងទៀតថា រថយន្តទាំងពីរគ្រឿងបើកបរក្នុងល្បឿនលឿនដូចគ្នា មិនគោរពច្បាប់ចរាចរណ៍ ទើបបានជាបង្កអោយមានគ្រោះថ្នាក់យ៉ាងដូចនេះកើតឡើងបាន ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុ និងសហការជាមួយនិងនគរបាលជំនាញធ្វើការវាស់វែងស្ទូចយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ចំណែកសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕
ព្រែកជ័យ