បទអត្ថាធិប្បាយ៖​ ធាតុពិតនៃក្រុមបាតុករស៊ីឈ្នួលបរទេសនៅកម្ពុជា

ចែករំលែក៖

ពីមុនមកមានមនុស្សជាច្រើនយល់ថា សកម្មជនដីធ្លីនៅបុរីកីឡា ថ្មគោល និងបឹងកក់ មកធ្វើ​បាតុកម្ម ដើម្បីឱ្យរាជរដ្ឋាភិបាលជួយ​ដោះស្រាយ​​បញ្ហា​ដីធ្លីរបស់ពួកគេ ប៉ុន្តែជាក់ស្តែង បើទោះ​បី​ជា​មានការដោះស្រាយ ​ពីរាជ​រដ្ឋាភិបា​ល​ រហូត​មានការប្រគល់ប្លង់កម្មសិទ្ធិដីធ្លី និងផ្ទះ​សំបែង​ជូនពួកគេក្តី ក៏ក្រុម​បាតុករ​មុខដដែលៗទាំងនេះ នៅតែបន្តធ្វើបាតុកម្មតវ៉ា ដោយផ្លាស់ប្តូរ​ប្រធាន​បទ​​ថ្មីៗជានិច្ច។
ក្រុមបាតុករដែលមានមុខដដែលៗ គឺមានក្រុមបឹងកក់ ថ្មគោល និងបុរីកីឡា ជានិច្ចកាល ពួកគេបានបង្វែរ​ពីទាមទារឱ្យ​ដោះស្រាយរឿងដីធ្លី ទៅទាមទាររឿង​សិទ្ធិ​បញ្ចេញមតិ អស់ពី​ទាមទារ​សិទ្ធិបញ្ចេញមតិ ទៅបាតុកម្មទាមទារសិទ្ធិ​សេរីភាពឱ្យពលរដ្ឋ​ខ្មែរ​កម្ពុជាក្រោម ធ្វើ​បាតុកម្ម​ប្រឆាំង ​និងការអនុម័ត​ច្បាប់អង្គការ ច្បាប់សហជីព ច្បាប់បោះឆ្នោត និងបាតុកម្មទាមទារ​ដោះលែង​អ្នកទោស​ដែលជាមនុស្ស​​របស់គណបក្ស​សង្គ្រោះ​ជាតិជាដើម។ ថ្មីៗនេះ ក្រុមបាតុករ​ដដែលនោះ បានធ្វើយុទ្ធនាការ​អាវខ្មៅ​ ឬបដិវត្តន៍ពណ៌ខ្មៅ បម្រើឱ្យ​មហិច្ឆតាបរទេស​ ជាមួយ​នឹង​ការផ្តល់ថវិកា និងបណ្តុះបណ្តាលជំនាញបាតុកម្ម ពីអង្គការក្រៅរដ្ឋាភិបាលបរទេស ដែលទទួល​ជំនួយពីបរទេស ដែលមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ក្រោមលេស​ទាមទា​រ​​​ឱ្យដោះ​លែងមន្ត្រីអង្គការអាដហុក៤រូប និងអគ្គ​លេខាធិការ​រង គ.ជ.ប​ ១រូប។
កន្លងមកនេះ អាជ្ញាធរមានសមត្ថកិច្ចតែងតែបង្ហាញឥរិយាបថ យោគយល់ អធ្យាស្រ័យ និង​អត់ធ្មត់​កម្រិតខ្ពស់បំផុត ចំពោះសកម្មភាពរបស់ក្រុមបាតុករអាជីពស៊ីឈ្នួលបរទេស​ទាំងនោះ ដែលបានបង្កការអុកឡុកក្នុងសង្គម ដោយគ្រាន់តែចាប់ខ្លួនពួកគេ យកទៅធ្វើការអប់រំ​ណែនាំ និងឱ្យធ្វើកិច្ចសន្យា។ តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចបាន​កំណត់មុខសញ្ញា​យ៉ាងច្បាស់​​ថា ក្រុមបាតុករ ដែលចេញពីសហគមន៍បុរីកីឡា ថ្មគោល និងបឹងកក់ ពួកគេ​គឺជាក្រុម​បាតុករអាជីព និងពហុវិស័យ ដែលយកការធ្វើបាតុកម្មជាមុខរបរ​ដើម្បីរកប្រាក់។​ ដូច្នេះអាជ្ញាធរ ប្រាកដជា​មិនអាច​ធ្វើតាមការទាមទារ​របស់ពួកគេបានទេ ត្បិតថា ការទាមទាររបស់​ក្រុមបាតុករ​អាជីព គឺមានលក្ខណៈមិនប្រាកដប្រជា និងជាក់លាក់ទេ ពោលគឺក្រុមបាតុករ​ទាំងនេះ បានហាត់​រៀន​សម្តែង ដើម្បីយករបរបាតុកម្មនេះ ធ្វើជាឆ្នាំងបាយ​របស់ពួកគេ​ទៅហើយ។ ក្នុង​ចំណោម​ក្រុមបាតុករ​​អាជីពទាំងនោះ គេឃើញវត្តមានលេចធ្លោជាងគេ ៣រូបគឺ៖ ឈ្មោះ ទេព វន្នី, យ៉ោម បុប្ផា និងយាយ ម៉ាមមី ដែលជាតួអង្គសម្តែងសំខាន់ ​ក្នុងការស្រែកជេរ​រាជរដ្ឋាភិបាល និង​សមត្ថកិច្ច មានអ្នកលើកបដា រុញ​ច្រានសមត្ថកិច្ច ធ្វើកាយវិការច្រងេងច្រងាង ទ្រហោយំ ផ្តួលខ្លួន ដួលសន្លប់ ដើរ​ចូលឱ្យសមត្ថកិច្ចចាប់ រួចហើយក៏ធ្វើជាស្រែកទាមទារ​យុត្តិធម៌ ហើយ​ឱ្យគ្រួសារ ក្រុមបក្ខពួករបស់គេ និងកូនតូចៗមកយំតវ៉ា ទាមទារឱ្យដោះ​លែងពួកគេ​វិញជាដើម។ ជំនាញ​ទាំងអស់នេះ គឺក្រុមបាតុករអាជីព បានទទួលការបណ្តុះបណ្តាល​ពីអង្គការក្រៅ​​រដ្ឋាភិបាល​​បរទេស​​មួយចំនួន។ ក្រៅពីសកម្មភាពដ៏ប៉ិនប្រសប់ ដែលមានការ​ហាត់រៀន​​ជា​មុននោះ ក្រុមនេះក៏មាន​ទំនាក់ទំនង​​យ៉ាងជិតស្និទ្ធ បម្រើផលប្រយោជន៍ឱ្យគ្នាវិញ​ទៅមក ជាមួយក្រុម​អ្នកសារព័ត៌មាន​ប្រឆាំង ដែលបានត្រៀមកាមេរ៉ាយ៉ាងយកចិត្តទុកដាក់បំផុត ក្នុងការ​ថត​​សកម្មភាព​​សម្តែងរបស់​ពួកគេ ដែលមិនខុសអីពីឈុតឆាកខ្សែភាពយន្ត គឺមាន​តួអង្គកាច ស្លូត កំសត់ តួអង្គអ្នកក្លាហាន អ្នកឈរមើល ទីតាំងសម្តែងដែលទាក់ទាញ ក្រុមថតនិង​សរសេរ​ផ្សព្វផ្សាយបន្ទរ ដែលត្រូវ​បានគេគ្រោងទុក និងរៀបចំជាមុន ក្រោមជំនួយមាន​ចំណង​ពីបរទេស ដែលបាន​មកពីលោក​ខាងលិច។ តាមប្រភពពីក្រុមបាតុករ ជំនួយ​ដែលបម្រើ​ឱ្យការធ្វើបាតុកម្ម គឺមកពីប្រទេសអាមេរិក សហគមន៍អឺរ៉ុប និងអាល្លឺម៉ង់។ ម៉្យាងវិញ​ទៀត យុទ្ធនាការអាវខ្មៅ ដែលពួកគេកំពុង​តែចូលរួមនេះ ត្រូវបានរកឃើញថា គឺជា​បដិវត្តន៍​ពណ៌ ដែលមានចរិតផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែលកើត​ឡើង​ដោយការ​បោះឆ្នោត​​ដោយសេរី។ បដិវត្តន៍​ពណ៌ខ្មៅ ដែលក្រុមបាតុករ និងក្រុមអង្គការ​សង្គមស៊ីវិល​មួយ​ចំនួន​កំពុង​ធ្វើនេះ គឺផ្ទុយ​ពី​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ដោយអនុវត្តន៍ក្រោមការ​ជួយជ្រោមជ្រែង​ទាំងយុទ្ធសាស្ត្រ និងលុយ​​​​ពីប្រទេសលោកខាងលិច ក្នុងបំណង​បម្រើ​មនោគមវិជ្ជា​នយោបាយ​បែបលោក​ខាងលិច។ បដិវត្តន៍​ពណ៌ ត្រូវបានគេដឹង​យ៉ាង​ច្បាស់​ថា បានបង្កើត​ឡើង​​ដំបូងបំផុត ដោយ​សហរដ្ឋអាមេរិក នៅឆ្នាំ១៩៩៧ (Made in USA) និងកំពុងធ្វើឱ្យប្រទេស​មួយចំនួន​​លើពិភពលោក​ធ្លាក់ទៅក្នុងមហិច្ឆតារបស់ពួកគេ។
ជាមួយគ្នានេះដែរ នៅកម្ពុជាសកម្មភាពដដែលៗ ​របស់ក្រុមបាតុក​រ​ស៊ីឈ្នួល​បរទេស និងអង្គការ​ក្រៅ​​រដ្ឋាភិបាលបរទេស ​ដែលមានសេណារីយ៉ូ​ប្រហាក់​ប្រហែល​គ្នានេះ គឺបានបង្រៀន​សមត្ថកិច្ច ឱ្យយល់ពីធាតុពិតរបស់ពួកគេអស់ទៅហើយ អ្វីដែល​ជាចំងល់នៅត្រង់នេះ គឺ​មហាជន​អ្នក​ឈរ​មើល​​ទៅវិញទេ ដែលមួយចំនួនហាក់នៅមិន​យល់ពីការសម្តែងរបស់ពួកគេនៅឡើយ ហើយនៅ​តែយល់ថា ក្រុមបាតុករទាំងនោះជាជនរងគ្រោះ ហើយរាជ​រដ្ឋាភិបាល ឬអាជ្ញាធរ​គឺជាដើមហេតុ​ដែលបង្កបញ្ហាទៅវិញ។ ហេតុអ្វីប្រជាពលរដ្ឋខ្មែរ ដែលជឿ​លើសកម្មភាព​របស់ក្រុម​បាតុករ និង​ការ​​​​ផ្សព្វផ្សាយរបស់បណ្តាញពត៌មានប្រឆាំង មិនព្រមធ្វើការវែកញែក​ឱ្យ​បាន​ច្បាស់លាស់​ដោយ​ជឿតែលើ​​ការមើល​ឃើញ តាមរយៈការសម្តែងឡើង ដោយក្រុមមនុស្សមួយក្រុម ក្នុងគោល​បំណង​​​បម្រើផល​ប្រយោជន៍​ផ្ទាល់ខ្លួន គឺយកលុយបរទេស ហើយធ្វើការឱ្យបរទេស​​​ ដែលមានចេតនា​បំផ្លាញខ្មែរ ដោយមិន​បានគិតពីប្រទេសជាតិរបស់ខ្លួន។ ម៉្យាវិញទៀត ក្រុមបាតុករ​​​ទាំងនោះ គឺមានមុខ​ដដែលៗ​ទេ ដូច្នេះមហាជនគួរតែឆ្ងល់ថា តើពួកគេរស់នៅ​ដោយ​របៀបណា បើគិតតែ​ធ្វើ​​បាតុកម្ម​​តវ៉ាបែបនេះ តើមានចំណូលមកពីណា? លើសពីនេះ តាមការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​​មូលដ្ឋាន​របស់ក្រុមបាតុករទាំងនោះ បង្ហាញថា ជីវភាព​របស់ក្រុម​បាតុករ​​អាជីព​ទាំងនោះ ពីមួយថ្ងៃ​ទៅមួយថ្ងៃកាន់តែធូរធារឡើងៗ ប៉ុន្តែពួកគេ បានព្យាយាមស្លៀកពាក់​ចាស់ៗ ដោះគ្រឿង​​អលង្ការទុក ​មុនពេលចេញមកធ្វើបាតុកម្ម ដើម្បីបំភ័ន្តភ្នែកមហាជន​។ មានសំនួរមួយ ដែល​លោក​​អ្នកអាចធ្វើការពិចារណារកហេតុផលពិតថា បើគ្មានអ្នករៀបចំទេ តើហេតុអ្វី​​ក្រុមបាតុករ​អាជីព​​មកចូលរួម​​ប្រឆាំងតវ៉ាលើ​គ្រប់ប្រធានបទ ដឹងពេលវេលាយ៉ាងច្បាស់ ដឹងពីទីតាំង និងសូម្បី​តែ​​​ប្រធានបទខ្លះ ដែល​ពួកគេ​មិនទាំងយល់ឬពាក់ព័ន្ធផងនោះ ក៏ពួកគេមកធ្វើបាតុកម្ម​ដែរ? បើមិន​​បាន​​​​​​លុយ​ពីបរទេសទេ ហើយមិនរកស៊ីលក់ដូរអ្វីផង ហេតុអ្វីមានប្រាក់ចាយវាយ​ស៊ីផឹក និង​​លេងល្បែង​ស៊ីសងដូចសព្វថ្ងៃ? អ្វីដែលគួរឱ្យសង្ស័យនោះ​ គឺក្រុមបាតុករអាជីពទាំងនេះ បានចូលរួម​រាល់គ្រប់សកម្មភាពតវ៉ា ដែលមាននិន្នាការគាំទ្រ និងបម្រើផល​ប្រយោជន៍​ឱ្យគណបក្ស​​ប្រឆាំងជានិច្ច រហូតមានទំនាក់​ទំនង​ស្នេហា ជាមួយ​គ្នាទៅទៀត ដូចករណី អ្នកតំណាងរាស្ត្រ​ខេត្ត​ស្វាយរៀង​របស់គណបក្ស​សង្គ្រោះជាតិ រៀល ខេមរិន្ទ និងនាង យ៉ោម បុប្ផា សកម្មជនបឹងកក់ និងករណីលោក កឹម សុខា ដែលមានប្រពន្ធចុងជាអ្នក​បឹងកក់​ដូចគ្នា ឈ្មោះថា​នាង យ៉េស ជាជនជាតិវៀតណាម។
ជាការពិត​បញ្ហារបស់ប្រទេសជាតិមួយ ឬការចង់បានសិទ្ធិសេរីភាព របស់ពលរដ្ឋប្រទេសមួយ ប្រាកដ​ជាមាន​ការយកចិត្តទុកដាក់ពីប្រជាពលរដ្ឋទូទៅ នៃប្រទេសនោះជាក់ជាមិនខាន វាមិនមែន​​​ជា​​បញ្ហា​ដោយឡែក របស់ក្រុមណាមួយ ដែលតម្រូវឱ្យពួកគេ ចេញមុខគ្រប់ពេលវេលានោះទេ លើកលែងតែពួកគេ​ មានអ្វីដែលលើសពីការទាមទារ ដូចជាផលប្រយោជន៍ និងលុយកាក់ជាថ្នូរ​ជាដើម។ ត្រង់ចំណុចនេះ ខ្ញុំចង់បញ្ជាក់ថា បើក្រុមនោះពិតជាក្រុមបាតុករអាជីពស៊ីឈ្នួល បរទេសពិតមែន មហាជនគួរតែមានយុត្តិធម៌ក្នុងការវាយតម្លៃរបស់ខ្លួន គឺពួកគេមិនមែន​ជាវីរៈជន ឬអ្នកក្លាហាន​ដែលត្រូវគាំទ្រ និងអាណិតអាសូរនោះទេ ប៉ុន្តែពួកគេ​គឺជនទុច្ចរិត ជាអ្នកបំរើ​មហិច្ឆតាបរទេស ដើម្បីបំផ្លាញ​ប្រទេសជាតិខ្លួនឯង។ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាពិចារណា​ឡើងវិញ ហើយគប្បីបញ្ឈប់ការអាណិតអាសូរ ចំពោះសត្វក្រពើដែលបាននិងកំពុងសម្រក់​ទឹកភ្នែក ក្នុងឈុតឆាកសម្តែងរបស់ពួកគេតទៅទៀតទៅ៕
ដោយ៖ ព្រហ្ម លក្ខណ៍, ក្រុមយុវជនឆ្នើម

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print