អំពើហឹង្សាពាក់ព័ន្ធនិងសាសនានៅក្នុងប្រទេសមីយ៉ានមា បានចាប់ផ្តើមសារជាថ្មីក្រោយស្ងប់ស្ងាត់មួយរយៈ
ក្រោយពេល ព្រះវិហារអ៊ិុស្លាមនៅទទួលរងការដុតបំផ្លាញនៅភាគខាងជើងនៃប្រទេសនេះ ធ្វើឲ្យអ្នកកាន់សាសនាអ៊ិុស្លាមបង្ហាញការខឹងសម្បារយ៉ាងខ្លាំង ។ នេះជាលើកទីពីរហើយក្នុងរយះពេលជាងមួយសប្តាហ៍ ដែលក្រុមអ្នកកាន់សាសនាអ៊ិុស្លាមទទួលរងបំផ្លាញ។
ការធ្វើទុក្ខបុកម្នេញលើសហគមន៍អ្នកកាន់សាសនាអ៊ីស្លាមក្នុងប្រទេសមីយ៉ានមា បានកើតមានឡើងនៅក្នុងរដ្ឋកាឈីនស្ថិតប៉ែកខាងជើងប្រទេស។ តាមព័ត៌មានផ្សព្វផ្សាយដោយកាសែតផ្លូវការមួយចេញផ្សាយនាថ្ងៃសៅរ៍ ទី២ កក្កដាឲ្យដឹងថា មានមនុស្សមួយក្រុមប្រដាប់ដោយដំបង កាំបិត និងសម្ភារៈផ្សេងៗគ្រប់ដៃបានចូលទៅវាយប្រហារកម្ទេចនៅក្នុងវិហារ មួយ រួចចាក់សាំងដុតកម្ទេចចោលតែម្តង។ កាសែតផ្លូវការដដែលបានបញ្ជាក់ថា អំពើហិង្សាដុតបំផ្លាញវិហារសាសនាអ៊ីស្លាមបានកើតមានឡើងបន្ទាប់ពីមានការឈ្លោះប្រកែកគ្នាយ៉ាងតឹងសសៃក រវាងសហគមន៍អ្នកកាន់សាសនាអ៊ីស្លាម និងអ្នកកាន់សាសនាព្រះពុទ្ធទាក់ទងនឹងសំណង់វិហារមួយសម្រាប់សហគមន៍ អ្នកកាន់សាសនាអ៊ីស្លាម។
រដ្ឋអំណាចបានដាក់ពង្រាយកម្លាំងសន្តិសុខនៅកន្លែងពេញមួយថ្ងៃសៅរ៍ទី២ កក្កដា។ តែមិនមានការចាប់ខ្លួនមនុស្សណាម្នាក់ទេនៅក្នុងព្រឹត្តិការណ៍នោះ។ កាលពី៨ថ្ងៃមុន ក៏មានព្រឹត្តិការណ៍ដូចគ្នានេះបានកើតមានឡើងនៅក្នុងស្រុកមួយ ស្ថិតប៉ែកកណ្តាលប្រទេស ដោយមានអ្នកស្រុក អ្នកភូមិកាន់ព្រះពុទ្ធសាសនាប្រមាណជា ១០នាក់បានទៅវាយកម្ទេចវិហារមួយ និងសាលារៀនមួយរបស់សហគមន៍អ្នកកាន់សាសនាអ៊ីស្លាម៕
ដោយ មែវ សាធី