នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៥ កន្លងទៅនេះ ការិយាល័យឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកកិច្ចការសិទ្ធិមនុស្ស ប្រចំានៅកម្ពុជា តាមរយៈអ្នកនំាពាក្យ បានថ្លែង «ថ្កោលស្ថាប័នជាតិនីតិបញ្ញត្ដិ និងតុលាការ កម្ពុជា» ដែលជារដ្ឋអធិបតេយ្យមួយ ក្នុងចំណោមរដ្ឋសមាជិករបស់អង្គការសហប្រជាជាតិ (អ.ស.ប.) ដែលយើងសូមបែងចែកនៃការថ្លែងនេះជាពីរសាច់រឿង និងសូមធ្វើការអធិប្បាយដូចខាងក្រោម៖
ទី១) ភ្នាក់ងារ អ.ស.ប. មួយនេះបាន «លើកកម្ពស់និទ្ទណ្ឌភាព» ខណៈដែលតុលាការកម្ពុជាបានដំណើរការ សម្រេចផ្ដទ្ទាទោស និងកាត់ទោសជនជាប់ចោទ៣រូប ដែលជាមន្រ្ដីគណបក្សសង្រ្គោះជាតិ ឲ្យជាប់ពន្ធនាគារ២០ឆ្នាំ និងសកម្មជន៨រូបទៀត ឲ្យជាប់ពន្ធនាគារ៧ឆ្នាំ ដោយបានចោទពីបទ «បង្កចលនាបំបះបំបោរ» ប្រើអំពើហិង្សា យកដំបងដែកធ្វើជាអាវុធ វាយប្រហារទៅលើកងសន្ដិសុខ ដែលកំពុងការពារសណ្ដាប់ធ្នាប់សាធារណៈនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ បណ្ដាលឲ្យរបួសធ្ងន់ និងស្រាលចំនួន៣៩នាក់។
ទី២) ភ្នាក់ងារ អ.ស.ប. នេះបានលើកកម្ពស់ភាព «អនាធិបតេយ្យ»ដោយបានថ្កោលសភាកម្ពុជាទំាងពីរ គឺ រដ្ឋសភា និងព្រឹទ្ធសភា ដែលបានសម្រេចអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល (LANGO) ដែលកម្ពុជាមានសុឆន្ទៈចង់ពង្រឹងផ្នែកនីតិរដ្ឋ លើកកំពស់លទ្ធិប្រជាធិបតេយ្យ សេរីភាព និងតម្លាភាព។
ក្នុងន័យនេះ ប្រជាពលរដ្ឋខ្មែរមានការងឿងឆ្ងល់ជាទីបំផុត គេចោទសួរថា ហេតុអ្វីដែលខ្លួនជាភ្នាក់ងារ អ.ស.ប. សោះ មានកាតព្វកិច្ចជួយលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា បែរជាមកបន្ទាបបន្ថោកសិទ្ធិអ្នករងគ្រោះ ដែលត្រូវពួកសកម្មជនរបស់បក្សប្រឆំាង វាយប្រហារបណ្តាលឲ្យមានរបួសធ្ងន់ ខ្លះសន្លប់បាត់ស្មារតី ឈាមហូររហាមជោគក្បាល ហើយនៅតែបន្ដវាយពួកគេដោយគ្មានត្រាប្រណីទៀត។
តើនេះពុំបានន័យថា ស្ថាប័ន អ.ស.ប. មួយនេះ មកដាក់ការិយាល័យនៅកម្ពុជាដើម្បីគំាពារជនក្បាលខូច ជនសាហាវយង់ឃ្នង់ទេឬអី? តើនេះមិនបានន័យថា ភ្នាក់ងារ អ.ស.ប. ដែលមកបោះទីតំាងនៅលើទឹកដីកម្ពុជាមិនគឺដើម្បីគំាពារបក្សប្រឆំាងទេឬអី? ម្យ៉ាងទៀត ចំពោះការរំលោភវិសាលភាពរបស់តុលាការ មិនបានន័យថា អង្គការមួយនេះ រំលោភលើអធិបតេយ្យយុត្ដាធិការរបស់តុលាការកម្ពុជាទេឬអី?
ក្នុងបរិការនេះ យើងសូមសួរថា តើភ្នាក់ងារ អ.ស.ប. នេះ មានដែលបើកភ្នែកមើលការកាត់ទោសនៅប្រទេសអេហ្ស៊ីប កាលពីឆ្នាំទៅម៉ិញ គឺបានកាត់ប្រហារជីវិតពួកបាតុករចុងចោទ ចំនួន៥២៩រូប ខណៈដែលបានធ្វើឲ្យប៉ូលីសម្នាក់បានបាត់បង់ជីវិត ក្នុងពេលបាតុករប្រទ្រូសប្រទ្រាសគ្នាជាមួយកងកម្លាំងសន្តិសុខ។ ប្រទេសមហារបបប្រជាធិបតេយ្យជាច្រើន ពិសេសលោកខាងលេច ស្ងាត់មាត់ចឺន?
ភាពធ្ងន់ធ្ងរមួយទៀត ការរំលោភលើអធិបតេយ្យនៃអំណាចនីតិប្រតិបត្ដិ យើងសូមសូរអ្នកនំាពាក្យរូបនេះ ថា ការអនុម័តសេចក្ដីព្រាងច្បាប់របស់ប្រទេសណាមួយ តើរដ្ឋអធិបតេយ្យចំាបាច់សួរ ឬសុំយោបល់ពីពួកខ្លួន ឬពីអង្គការ «NGO» ដែរឬទេ? ធ្វើច្បាប់មួយដើម្បីត្រួតត្រា ពួកខ្លួន តើគេចំបាច់ឲ្យពួកខ្លួនឆ្លងកាត់មហាសាគរពីបរទេសមកសួរយោបល់ដែរឬទេ? តើភ្នាក់ងារ អ.ស.ប.មួយនេះ មានបានរាយគ្នាដាក់ការិយាល័យ ដើម្បីត្រួតពិនិត្យច្បាប់គ្រប់គ្រងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅប្រទេសបារំាង សហរដ្ឋអាមេរិក អាល្លីម៉ង់ អ៊ីតាលី ចក្រភពអង់គ្លេស អេស្បាញ អេហ្ស៊ីប អូស្រ្ដាលី ជប៉ុន សិង្គបុរី ។ល។ ដែរឬទេ?
នរណាក៏ដឹងដែរថា ប្រទេសដែលយើងបានរៀបរាប់នេះ គឺមានច្បាប់គ្រប់គ្រងយ៉ាងច្បាស់លាស់ និងតម្លាភាព គឺមុនពួកខ្លួនបង្កើតសមាគម ឬអង្គការមិនមែនរដ្ឋាភិបាល យើងសូមសួរថា តើអង្គការ ឬសមាគមទំាងអស់នៅក្នុងប្រទេសនោះនោះ មានដែលបានតស៊ូមតិប្រឆំាងនឹងច្បាប់តម្រូវឲ្យបំពេញបែបបទយ៉ាងនេះ ឬបែបបទយ៉ាងនោះដែរឬទេ? ជាការពិតណាស់រាល់ការលាក់កំបំាងនូវព័ត៌មាន ឯកសារសំខាន់ៗ ពីសកម្មភាពពាក់ព័ន្ធ និងថវិកាត្រូវទទួលការផ្ដទ្ទាទោស ។
ជាសរុបយើងយល់ថា អ្វីដែលបានអធិប្បាយមកខាងលើ គឺ ការិយាល័យឧត្ដមស្នងការសហប្រជាជាតិប្រចំាកម្ពុជា កំពុងរំលោភសិទ្ធិជនរងគ្រោះ និងអធិបតេយ្យរបស់ប្រទេសមួយដែលជារដ្ឋសមាជិករបស់អង្គការសហប្រជាជាតិ ពុំអាចប្រកែកបានទ្បើយ៕