ខេត្តរតនគិរី៖ លោកជួប វណ្ណរក្ស អធិការនគរបាលស្រុកអូរយ៉ាដាវខេត្តរតនគិរី រួមនឹងបក្ខពួកផងដែរ ត្រូវបានរងនូវបណ្តឹងរបស់ម្តាយនារីរងគ្រោះថា បានចាប់រំលោភសេពសន្ថវៈ និងគំរាមកម្លាប់ ។ នៅក្នុងពាក្យបណ្តឹង ម្តាយនារីរងគ្រោះបានទាមទារសំណងរដ្ឋប្បវេណីពីលោកអធិការរូបនេះ២ម៉ឺនដុល្លារ និងតម្រូវឲ្យតុលាការចាត់ការតាមផ្លូវច្បាប់ ។
ម្តាយនារីរងគ្រោះបានបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៥ វេលាម៉ោង៨យប់ កូនរបស់គាត់(សុំលាក់ឈ្មោះ) អាយុ២១ឆ្នាំ ដែលមានស្មារតីមិនពេញលក្ខណៈបានដើរចេញពីផ្ទះដើម្បីរកទិញអីហូប ស្រាប់តែជួបនឹងឈ្មោះ ចរ ប៊ុនសៃ ជាមន្ត្រីនគរបាលនៅអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ បានបបួលកូនរបស់គាត់ ហូបអីនៅកន្លែងភោជនីយដ្ឋានជំនោររាត្រី និងចូលរួមផឹកស៊ីផងដែរពីលោកអធិការ ជួប វណ្ណរក្ស ដែលនាំគ្នាបញ្ច្រកស្រាបៀរ បណ្តាលឲ្យកូនស្រីរបស់គាត់ស្រវឹងបាត់បង់ស្មារតីរួចហើយអធិការរូបនេះបានយកនាងទៅរំលោភបានសម្រេច ៕ អ៊ុច សាវុទ្ធ