ភ្នំពេញ៖ ជនសង្ស័យម្នាក់រួមនិងថ្នាំញៀនចំនួន១កញ្ចប់ត្រូវបានកំលាំងគណៈបញ្ជាឯកភាពខណ្ឌសែនសុខធ្វើការឃាត់ខ្លួនខណៈដែលសមត្ថកិច្ចបានដាក់គោលដៅចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ក្នុងមូលដ្ឋាន នៅយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៥ ចាប់ពីវេលាម៉ោង ១៩ : ៣០នាទី ដល់ ម៉ោង ២០ : ៣០នាទី ដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរង នៃគណៈអភិបាលខណ្ឌសែនសុខ នៅចំណុចផ្លូវ ២០១១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
លោក សក់ ចន្ទ័កញ្ញរិទ្ធ អភិបាលរងខណ្ឌបានអោយដឹងថា កំលាំងដែលចុះត្រួតពិនិត្យនោះមានចំនួនសរុប ៤២ នាក់ ក្នុងនេាះមន្ត្រីសាលាខណ្ឌ ០៥ នាក់ នគរបាលខណ្ឌចំនួន ២១នាក់ កងរាជអាវុធហត្ថខណ្ឌចំនួន ០នាក់ និងកំលាំងសណ្តាប់ធ្នាប់ខណ្ឌចំនួន ១៦ នាក់ បានត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន ១៦៥ គ្រឿង ដោយឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបានចំនួន ០១ នាក់ និងដកហូតគ្រឿងញៀនបានចំនួន ០១កញ្ចប់តូច និងម៉ូតូចំនួន ០១គ្រឿង ។
សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យមានឈ្មោះលី គឹមសេង ភេទប្រុសអាយុ៣៨ឆ្នាំ មុខរបរត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិកំពង់ឫស្សី ឃុំជីរោធ៍១ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។
បន្ទាប់ពីសាកសួជនសង្ស័យរួចសមត្ថកិច្ចខណ្ឌសែនសុខដឹកនាំដោយលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌបាននាំខ្លួនជនសង្ស័យទៅឆែកឆេបន្ទាប់ជួលនៅចំណុចខាងលើបន្ថែមទៀត តែពុំឃើញមានថ្នាំញៀនរឺរបស់អ្វីគួរអោយកត់សំគាល់ទេ ។
បច្ចុប្បន្ន ជនសង្ស័យរួមនិង វត្ថុតាង សម្ភារបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ៕
ដោយ៖ តុង សីហា