ភ្នំពេញ ៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយដែលមិនធ្លាប់មានកន្លងមក គឺមានបុរសម្នាក់ត្រូវជាពូបានយកទុយោស្មប់សប់កង់ឡាន កង់ម៉ូតូ ទៅញ៉ុកគូទរបស់ក្មួយ រួចបានសប់ខ្យល់ ចូលក្នុងពោះតាមគូទបណ្តាលអោយប៉ោងពោះថប់ដង្ហើមស្លាប់យ៉ាងអាណោចអាធ័មតែម្តង កាលពីវេលាម៉ោង ១២ នឹង ៥០ នាទី រសៀលថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០១៥ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។
សមត្ថកិច្ចនគរបាលខណ្ឌដង្កោបានអោយដឹងថា ពូបង្កើតដែលយកទុយោស្មប់ញ៉ុកគូទបាញ់ខ្យល់ចូលក្នុងពោះរបស់ក្មួយខ្លួន រហូតក្មួយដាច់ខ្យល់ស្លាប់ខាងលើនេះមានឈ្មោះ ទិត្យ ម៉ាក ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរជា ជាង ប៉ះកង់ ឡាន ម៉ូតូ មានទីលំនៅត្រង់ចំណុចកើតហេតុ ។ ចំណែកក្មួយប្រុសរងគ្រោះខាង លើមានឈ្មោះ សុខ សាង អាយុ ៧ ឆ្នាំ ស្នាក់ នៅជាមួយម្តាយឪពុកក្បែរកន្លែងកើតហេតុ ។
ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុជនបង្កឈ្មោះ ទិត្យ ម៉ាក បានប្រលែងលេងជាមួយក្មួយឈ្មោះ សុខ សាង រហូតដល់ម៉ោងកើតហេតុ ក៏លេងកំប្លែងជាមួយក្មួយដោយយកទុយោស្មប់ញ៉ុកចូលគូទរបស់ក្មួយ រួចធ្វើបាញ់ខ្យល់ចូលម្តងតិចៗ រហូតសប់ជ្រុលដៃ បណ្តាលអោយក្មួយប្រុសថប់ ដង្ហើមប៉ោងពោះ ស្លាប់តែម្តងទៅ។ ភ្លាមៗនោះក៏មានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនឹងម្តាយឪពុកក្មេងរងគ្រោះនោះគ្នាមក ជួយអន្តរា គមន៍ដែលតែអកុសលក្មេងប្រុសបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
ក្រោមកើតហេតុសមត្ថកិច្ចជំនាញបានចុះធ្វើកោសល្យវិច័្ចយសាកសពក្មេងប្រុសរួចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកជនបង្កត្រូវឃាត់បណ្តោះអាសន្នឃុំនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕ភារ៉ា ដង្កោ