ភ្នំពេញ៖លោក ជា សុខច័ន្ទដេត ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ប្រកាសសាលក្រមផ្តន្ទាទោសបុរសម្នាក់ដាក់ពន្ធនាគាររយៈពេល១៤ឆ្នាំ ពីបទ ” លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តហិង្សា ” ចំនួន២ករណី ក្នុងរាជធានីភ្នំពេញ ដោយក្នុងមួយករណីផ្តន្ទាទោស៧ឆ្នាំ។
មន្ត្រីតុលាការ បញ្ជាក់ថា កាលពីកន្លងទៅ បុរសរូបនេះ ក៏ធ្លាប់ត្រូវបានតុលាការផ្តន្ទាទោសម្តងរួចមកហើយ រយៈពេល៧៧ឆ្នាំ ពីបទ ” លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តិហិង្សាចំនួន១៣ករណី ដោយក្នុងមួយករណីផ្តន្ទាទោស៧ឆ្នាំ ។ដូច្នេះបុរសរូបនេះ បច្ចុប្បន្នកំពុងមានទោសសរុបចំនួន១៣ករណី និង ត្រូវជាប់ពន្ធនាគាររយៈពេល៩១ឆ្នាំ ។
បុរសរូបនេះក៏នៅមានករណីជាច្រើនផ្សេងទៀតដែលកំពុងដំណើរការនៅសាលាដំបូងរាជធានីភ្នំពេញ ។
តុលាការបានផ្តន្ទាទោសជនជាប់ចោទឈ្មោះ នុជ សំណាង ហៅ សែន សំណាង អាយុ២៧ឆ្នាំ ។នាពេលសវនាការកន្លងទៅ ជនជាប់ចោទរូបនេះ សារភាពថា ពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន ៕
ដោយ៖ចេស្តា