អាស៊ានដើរតួនាទីយ៉ាងសំខាន់នៅដែនសមុទ្រចិនភាគខាងត្បូងក្នុងការស្វែងរកដំណោះស្រាយ បញ្ចាប់វិបត្តិដែលកំពុងតែកើនឡើងខ្ពស់រវាងចិននិងប្រទេសក្នុងតំបន់អាស៊ាន ។
នៅក្នុងសេចក្តីប្រកាសរួមបន្ទាប់ពីបញ្ចប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៨រយះពេល២ថ្ងៃនៅក្នុងប្រទេសម៉ាឡេស៊ី ដែលបានសម្រេចកាលពីយប់ថ្ងៃទី៦ខែសីហា បណ្តារដ្ឋមន្ត្រីការបរទេសអាស៊ានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងពីស្ថានភាពប្រែប្រួលនាពេលកន្លងមកនៅសមុទ្រចិនភាគខាងត្បូង ។
នៅក្នុងសេចក្តីប្រកាសរួមមាន២៨ទំព័រត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រអាស៊ាន ដោយលើកឡើងពីវិស័យជាច្រើននៅក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសជាសមាជិកអាស៊ាននិងប្រទេសជាដៃគូ។
បញ្ហាដែនសមុទ្រចិនភាគខាងត្បូង ត្រូវបានរដ្ឋមន្ត្រីការបរទេសប្រទេសជាច្រើនបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងដល់សកម្មភាពលុបដីធ្វើជាកោះសិប្បនិមិត្តបង្កើតទៅជាទីតាំងយោធារបស់ចិន។ ចំណុចខាងលើធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្ត និងធ្វើឲ្យបាត់បង់នៅសន្តិភាពស្ថេរភាពនៅក្នុងតំបន់។ បណ្តារដ្ឋមន្ត្រីការបរទេសមិនបាននិយាយពីចិននៅក្នុងសេចក្តីប្រកាសរួមនោះឡើយ ប៉ុន្តែក្រុមអ្នកសើុបអង្គេតបានយល់ឃើញថាអាស៊ានបានសម្តៅទៅលើប្រទេសចិន ដែលជាប្រទេសកំពុងតែសាងសង់កោះសិប្បនិមិត្តនៅសមុទ្រចិនភាគខាងត្បូងហើយចិនបានធ្វើឲ្យអាស៊ាននិងអាស៊ីុភាគខាងកើតក្តៅដោយសារតែវិបត្តិនៅដែនសមុទ្រ ។
នៅក្នុងសេចក្តីប្រកាសរួម ភាគីពាកព័ន្ធបានអំពាវនាឲ្យគោរពសេចក្តីប្រកាសរួមទប់ស្កាត់សកម្មភាពចៀសវាងធ្វើឲ្យស្ថានភាពកាន់តែស្មុគ្រស្មាញ ហាមប្រើប្រាស់អំពើហឹង្សា ។
ក្នុងសេចក្តីប្រកាសនោះក៏បានស្នើរឲ្យអនុវត្តកិច្ចព្រមព្រៀងUNCLOS ។
ក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយនៃកិច្ចប្រជុំអាស៊ានស្តីពីសន្តិសុខក្នុងទីក្រុងគូឡំាឡា ប្រទេសម៉ាឡេស៊ីុ នា ទី៦ សីហា ប្រមុខការទូតទំាង ១០ប្រទេសរបស់អាស៊ានបានសម្តែងក្តីបារម្ភជាពន់ពេកចំពោះមហិច្ឆតារបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង។ សមុទ្រចិនខាងត្បូងដែលរដ្ឋអំណាចក្រុងប៉េកំាងបានសាងសង់កោះសិប្បនិមិត្តជាច្រើននៅក្បែរទីប្រជុំកោះ Spratleys និង Paracels។ ចំណែកលោកប្រមុខការទូតអាមេរិកចិន ឃ៊ែរដែលមានវត្តមាននៅក្នុងកិច្ចប្រជុំបានលើកឡើងពីច្បាប់ផ្លូវសមុទ្រអន្តរជាតិដែលគ្មាននរណាអាចបំពាន និងយកធ្វើជាកម្មសិទ្ធិផ្តាច់មុខរបស់ខ្លួនបានឡើយ ។
កាលពីកិច្ចប្រជុំនៅក្នុងប្រទេសមីយ៉ានម៉ាក៏ដូចគ្នានោះដែរ ប្រទេសសមាជិកអាស៊ានទាំងអស់ បានចេញសេចក្តីថ្លែងការណ៍រួមមួយ សម្តែងនូវក្តីព្រួយបារម្ភ ចំពោះវិបត្តិដណ្តើមកាន់កាប់ដែនដីនៅសមុទ្រចិនខាងត្បូងហើយបានអំពាវនាវ ឲ្យបិទបញ្ចប់សកម្មភាពទាំងឡាយណា ដែលបង្កឲ្យមានអស្ថេរភាពក្នុងតំបន់ ។
លោកចន ឃេរី ប្រមុខការទូតអាមេរិក ដែលមានវត្តមានក្នុងកិច្ចប្រជុំនោះដែរ បានថ្លែងអបអរចំពោះគោលជំហររួមរបស់ប្រទេសអាស៊ានទាំងដប់ ក្នុងការការពារបូរណភាពដែនដីរបស់ខ្លួន ក៏ដូចជាការការពារស្ថិរភាពក្នុងតំបន់។ ប៉ុន្តែទោះជាយ៉ាងណាលោកថា សហរដ្ឋអាមេរិកគ្មានចេតនាណាមួយ ទៅតទល់ជាមួយចិនដោយផ្ទាល់នោះទេ ។
លោកបន្តថា អាមេរិកមានគោលការណ៍របស់ខ្លួនច្បាស់លាស់ក្នុងការការពារស្ថិរភាព បើទោះជាគោលការណ៍ទាំងនោះ ជាទូទៅមិនសូវជាត្រូវគ្នាជាមួយមហាយក្សចិនយ៉ាងណាក៏ដោយ។ យ៉ាងណាមិញ ចិនបានច្រានចោលទាំងស្រុងនូវការចោទប្រកាន់ ដែលថាចិនជាអ្នកដើរបង្កចលាចល ទន្រ្ទានដែនទឹករបស់គេឯង។ លោក វ៉ាង យី ប្រមុខការទូតចិន បានថ្លែងថា ចិនមានសិទ្ធិគ្រប់គ្រាន់ក្នុងការវាយបកទៅលើការរំលោភបំពានណាមួយទៅលើដែនសមុទ្ររបស់ខ្លួន ។
ចិនបានទាមទារកាន់កាប់ស្ទើរតែទាំងអស់នូវដែនទឹក និងកោះដែលមាននៅក្នុងសមុទ្រចិនខាងត្បូង។ តំបន់នេះគឺជាតំបន់ដែលមានសក្តានុភាពសេដ្ឋកិច្ចដ៏សំខាន់ ព្រោះជាផ្លូវចេញចូលនាវាដឹកជញ្ជូន ហើយក្នុងបាតសមុទ្រ មានផ្ទុកនូវធនធានរ៉ែ និងឧស្ម័នមានតម្លៃដ៏មហាសាល ។
បច្ចុប្បន្នមានប្រទេស៥ ដែលមានជម្លោះជាមួយចិន គឺ ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងវៀតណាម ។
ទីក្រុងប៉េកាំង អំពាវនាវកុំឲ្យអាមេរិក ចូលកាន់ជើង ភាគីណាមួយ នៃជម្លោះនៅសមុទ្រចិនខាងត្បូង។ ក្រសួងការពារជាតិចិន បានចេញសេចក្តីថ្លែងការណ៍ រំលឹកអាមេរិក បន្ទាប់ ពីឧត្តមនាវីអាមេរិកប្រចាំប៉ាស៊ីហ្វិក ជិះយន្តហោះពិនិត្យមើលពីលើតំបន់ជម្លោះ សមុទ្រចិន ខាងត្បូង កាលពីថ្ងៃសៅរ៍ ។
នៅក្នុង សេចក្តីថ្លែងការណ៍ ដែលដកស្រង់ និងចុះផ្សាយដោយកាសែតរដ្ឋចិន ក្រសួងការពារជាតិចិនអំពាវនាវឲ្យអាមេរិកធ្វើសកម្មភាពទាំងឡាយណាដែល ជំរុញ ឲ្យសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ គឺមិនមែនធ្វើផ្ទុយនោះទេ។ លើសពីនោះ ក្រសួងការពារចិនសង្ឃឹមថា អាមេរិកនឹងចូលកាន់ជើង ភាគីណាមួយ នៅក្នុងជម្លោះនៅ សមុទ្រចិនខាងត្បូងទេ ។
ឧត្តមនាវីអាមេរិក លោកស្កុត ស្វីហ្វបានធ្វើបេសកកម្មត្រួតពិនិត្យដែនទឹក រយៈពេល ៧ម៉ោង ដោយបានជិះយន្តហោះ ក្រវែលពីលើសមុទ្រចិនខាងត្បូង ដែលចិនកំពុងឈ្លោះដណ្តើមគ្នា ជាមួយប្រទេសចំនួន ៤របស់អាស៊ាន។ នៅថ្ងៃសៅរ៍ដដែល ឧត្តមនាវីអាមេរិកប្រចាំប៉ាស៊ីហ្វិក បានធ្វើដំណើរទស្សនកិច្ច នៅប្រទេសសម្ព័ន្ធមិត្តហ្វីលីពីន ដែលកំពុងជាប់មានជម្លោះជាមួយចិន នៅសមុទ្រចិនខាងត្បូង ។
ក្រុងម៉ានីលបានស្វាគមន៍ អបអរដំណើរហោះត្រួតល្បាតរបស់ឧត្តមនាវីអាមេរិក នៅលើសមុទ្រចិនខាងត្បូង។ ហ្វីលីពីនដែលប្រឈមខ្លាំងជាងគេ នឹងចិន នៅក្នុងជម្លោះដណ្តើមដែនទឹក នៅសមុទ្រចិនខាងត្បូង បានប្រកាស កាលពីថ្ងៃចន្ទ ម្សិលមិញថា ខ្លួនកំពុងគិតគូរ បញ្ជូនយន្តហោះចម្បាំង (FA 50) និងនាវាចម្បាំង ឲ្យទៅប្រចាំការ នៅច្រកសមុទ្រ Subic អតីតមូលដ្ឋានទ័ពអាមេរិក ដែលស្ថិតនៅ ប្រមាណតែ ២០០គីឡូម៉ែត្រប៉ុណ្ណោះ ពីដែនទឹកមានជម្លោះជាមួយ ចិន ៕
ដោយ៖ ម៉ែវ សាធី