ប៉ូលិសប៉ាគីស្ថានកំពុងបើកការស្រាវជ្រាវទៅលើបុរសមួយក្រុមដែល ចាប់រំលោភបំពានផ្លូវភេទទៅលើកុមារជាង២៨០នាក់នៅក្នុងប្រទេសប៉ាគីស្ថានមានអាយុក្រុម១៤ឆ្នាំ ហើយថតវីដេអូគម្រាមឪពុកម្តាយ ក្រុមគ្រួរសារយកប្រាក់ទៀតផង ។
យ៉ាងហោចណាស់កុមារមានអាយុក្រោម១៤ឆ្នាំជាង២៨០នាក់ស្ថិតនៅភូមិចំនួន៣ក្នុងខេត្តPunjab ត្រូវក្រុមបុរសដែលមានគ្នាប្រមាណ១៥នាក់ចាប់រំលោភហើយថតវីដេអូ។ក្រុមបុរសជាប់ចោទទាំងនោះត្រូវបានប៉ូលិសកំណត់អត្តសញ្ញាណហើយស្វែងរកចាប់ខ្លួន។ មកទល់ពេលនេះប៉ូលិសឃាត់ខ្លួនបាន៧នាក់។ មន្ត្រីប៉ូលិសមួយរូបបានឲ្យដឹងថា ក្រុមជនជាប់ចោទខាងលើប្រព្រឹត្តល្មើសតាំងពីឆ្នាំ ២០០៧មកម្លេះ ។
ហេតុការណ៍ខាងលើបង្ករឲ្យមានបាតុកម្មកើតឡើងនៅខេត្តPunjab ។ ក្រុមបាតុករបានអំពាវនាវដល់កម្លាំងប៉ូលិសនិងមន្ត្រីក្នុងតំបន់ថាបានការពារជនល្មើសដោយធ្វើប្រងើយចំពោះពាក្យបណ្តឹងរបស់គ្រួសារជនរងគ្រោះ។ការធ្វើបាតុកម្មនោះបង្ករឲ្យមានហឹង្សា ប៉ះទង្គិចជាមួយប៉ូលិសបណ្តាលឲ្យមានមនុស្សរាប់សិបនាក់រងរបួស ។
សារព័ត៌មានThe Nation របស់ប៉ាគីស្ថានបានផ្សាយថា ក្រុមជនខិលខួចទាំងនោះបានចាក់ថ្នាំសណ្តាំរួចរំលោភបំពានលើរាងកាយកុមារីទាំងនោះហើយថតវីដេអូ។ ក្រោយមក ក្រុមស្ត្រីដែលរង្គ្រោះត្រូវបង្ខំចិត្ត លួចលុយឪពុកម្តាយ យកទៅឲ្យពួកជនទុច្ចរិតទាំងភិតភ័យ បើមិនដូច្នេះពួកគេផ្ញើរវីដេអូទៅឲ្យឪពុកម្តាយ។ ហើយបើគ្រួសារស្ត្រីរងគ្រោះដឹងវិញពួគគេគម្រាមយកលុយបើមិនឲ្យនឹងផ្សព្វផ្សាយតាមប្រព័ន្ធអីនធឺណែត។តាមសារព័ត៌មានខាងលើ ក្រុមជនទុច្ចរិតបានលក់ឃ្លីបវីដេអូរួមភេទជាមួយកុមារទៅឲ្យវេបសាយ បរទេសមួយចំនួនរួចហើយ ៕
ប្រែសម្រួល៖ មែវ សាធី