ភ្នំពេញ៖ ជនបរទេសជាអន្តោប្រវេសន៍ ភាគច្រើនជាជនជាតិវៀតណាមត្រូវបានកម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃចុះត្រួតពិនិត្យឃាត់ខ្លួនបញ្ជូនមកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីចាត់ការតាមច្បាប់អន្តប្រវេសន៍របស់កម្ពុជា ។
ប្រតិបត្តិការចុះត្រួតពិនិត្យជនបរទេស ជាអន្តោប្រវេសនេះបានធ្វើឡើងនៅវេលាម៉ោង៣រសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ នៅចំនុចតំបន់និគមជនវៀតណាមស្នាក់នៅក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដឹកនាំដោយលោកឧត្តសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើប អង្កេតនិងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ និងមានការសម្របសំរួល ពីលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា រងអម សាលាដំបូងរាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការនេះសមត្ថកិច្ច ឃាត់ខ្លួនជនជាតិវៀតណាមចំនួនសរុប៦៩នាក់ ក្នុងនោះ២៤នាក់មាន លិខិតចូលមកស្នាក់នៅជាជនអន្តោប្រវេសន៍ដោយឡែក៤៥នាក់ទៀតពុំមានលិខិតស្នាមអ្វីទាំងអស់ ។
លោកឧត្តសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានប្រាប់អ្នកយកពត៍មានថា ជនបរទេសជាអន្តោប្រវេសន៍ ភាគច្រើនជាជនជាតិវៀតណាមទាំង៦៩នាក់នេះនិងត្រូវបញ្ជូនខ្លួនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបន្តនីតិវិធី ត្រួតពិនិត្យឯកសារពាក់ព័ន្ធដែលជនបរទេសជាអន្តោប្រវេសន៍ទាំងអស់នេះចូលមកស្នាក់នៅក្នុងប្រទេសកម្ពុជា ។ បើរកឃើញថាមានឯកសារត្រឹមត្រូវនិងបន្តអោយរស់នៅក្នុងប្រទេសកម្ពុជាទៀត ចំពោះអ្នកដែលចូលមកស្នាក់គ្មានឯកសារនិងត្រូវអនុវត្តតាមច្បាប់អន្តោប្រវេសន៍របស់កម្ពុជាប្រឈមមុខនិងការបណ្តេញចេញទៅប្រទេសដើមវិញ ៕
ដោយ៖ សណ្តោស