ខេត្តក្រចេះ៖ គំនរសម្រាម និងទឹកដក់បង្កជាភក់ជ្រាំ នៅចំណតរថយន្តក្រុងក្រចេះ ត្រូវបានពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការមួយចំនួននៅក្នុងខេត្តក្រចេះ បាននាំគ្នានិយាយពេញៗ មាត់តគ្នាថា ក្រុមហ៊ុនវិនិយោគបេនឡានក្រុងក្រចេះ មិនបានគោរពតាមកិច្ចសន្យារបស់ខ្លួន ជាមួយអាជ្ញាធរខេត្ត ធ្វើការអភិវឌ្ឍន៍នៅបរិវេណបេនឡានដែលខ្លួនគ្រប់គ្រងនោះទេ ហើយបង្កឱ្យមានសំរាមទឹកដក់បង្កជាភក់ជ្រាំ ដោយមិនគិតពីសោភណភាពក្រុង និងគោលនយោបាយទីក្រុងស្អាត របស់រាជរដ្ឋាភិបាលបានដាក់ចេញឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិ និងវិស័យឯកជនអនុវត្ត ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ គោលបំណងលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា ។
ការលើកឡើង និងទទួចសុំរបស់ប្រជាពលរដ្ឋខាងលើ ដោយពួកគាត់សព្វថ្ងៃមើលឃើញ សភាពបេនឡានក្រុងក្រចេះ នៅចំកណ្តាលក្រុងក្រចេះ គឺមានគំនរសំរាមដែលមានខ្លិនស្អុយសាយភាយ នៅរាយប៉ាយពេញបរិវេណបេនឡាននេះ និងមានទឹកដក់បង្កជាភក់ជ្រាំ ហើយបើធៀបទៅនិងបេនឡានមួយចំនួននៅតាមបណ្តាលខេត្តដ៏ទៃ គឺបេនឡានក្រុងក្រចេះ មិនអាចឈរជាលំដាប់លេខរៀងជួរមុខបានឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ទីកន្លែងបេនឡាននោះ ពេលមានភ្លៀងធ្លាក់ ម្តងៗ បង្ករឲ្យទឹកជន់ជោរ ពេញបេនឡានតែម្តង ដែលជាហេតុបណ្តាលឲ្យមានផល ប៉ះពាល់ ដល់ភ្នែកទេសចរណ៍ជាតិ អន្តរជាតិ ដែលចូលទស្សនា និងស្នាក់នៅក្នុងខេត្តក្រចេះ ។
កន្លងទៅនៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែថ្មីៗនេះ លោក នូ ភឿង ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍រិះគន់ទៅ លើម្ចាស់វិនិយោគបេនឡានក្រុងក្រចេះ ថាមិនបានគោរពតាមកិច្ចសន្យារបស់ខ្លួន ដែលបានព្រមព្រៀងជាមួយខេត្ត ដោយមួយថ្ងៃៗឃើញតែដើរប្រមូលលុយដាក់ហោប៉ាវ មិនបានជួយអភិវឌ្ឍន៍នៅក្នុងបរិវេណបេនឡាឱ្យមានសោភណ្ឌភាពនោះទេ។ ឯកឧត្តមបានបន្តថា បើយើងជិះកាត់បេនឡានក្រុងក្រចេះនេះ គឺក្រឡេកមើលទៅគឺឃើញតែសំរាម និងទឹកដក់បង្កជាភួកជ្រាំ ដោយម្ចាស់បេនឡាន មិនព្រមក្រឡេកមើល ជុំវិញបរិវេណបេនឡាន ថាបច្ចុប្បន្នអាជ្ញាធរ បានស្ថាបនាផ្លូវចាក់បេតុងជាច្រើនខ្សែ ដើម្បីលម្អទីក្រុងឲ្យមានភាពទាក់ទាញ និងបង្កើតភាពងាយស្រួលដល់ការធ្វើចរាចរណ៍។លោកថា បើយ៉ាងនេះតទៅទៀត មើលទៅផ្កាកូលាបពីទង អាចនិងបាត់១ទងទៅវិញ បើនៅតែយ៉ាងនេះ ហើយឯកឧត្តមបានស្នើរឱ្យអាជ្ញាធរក្រុង អាជ្ញាធរខេត្ត ត្រូវពិនិត្យមើលរឿងនេះឡើងវិញ ។
ឆ្លើយតបនិងករណីនេះ អភិបាលក្រុងក្រចេះ លោក យិន វណ្ណៈ បានមានប្រសាសន៍ថា រឿងនេះ អាជ្ញាធរក្រុងធ្លាប់បានហៅម្ចាស់វិនិយោគបេនឡានមកណែនាំដែរ ហើយខាងបេនឡានគេថា គេធ្វើហើយ តែអ្នកទទួលម៉ៅការធ្វើមិនមានគុណភាព លោកថា ចាំមើលលោកទំនេរពីការងារលោកនិងចុះទៅមើលដោយខ្លួនឯង ។
ទោះបីជាយ៉ាងនេះក្តី ក្រុមប្រជាពលរដ្ឋ និងក្រុមតៃកុងឡាន រួមទាំងអ្នកធ្វើដំណើរឆ្លងកាត់ បានទទួចស្នើសុំឲ្យអាជ្ញាធរដែនដី អភិបាលខេត្តក្រចេះ និងលោកអភិបាលក្រុងក្រចេះ សូមទៅពិនិត្យឡើងវិញនៅនូវកិច្ចសន្យា ដេញថ្លៃទទួលម៉ៅការបេនឡានក្រុងក្រចេះ ថាតើម្ចាស់ម៉ៅការបានគោរព អនុវត្តតាមលក្ខន្តិកៈ ជាមួយនិងអាជ្ងាធរ និងក្រសួងដែរឬយ៉ាងណា ៕
ដោយ៖ កោះទ្រុង