សាក្សី៖ កាន ថុល ដែលជាអនុប្រធានកងនៅការដ្ឋានការងារទំនប់ត្រពាំងថ្ម បានថ្លែងប្រាប់អង្គជំនុំជម្រះសាលាដំបូងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ ២០១៥ ថាមានការបញ្ជាពីថ្នាក់លើថា ប្រសិនបើគេរកឃើញថាមានជនជាតិវៀតណាម នោះត្រូវចាប់ខ្លួន ហើយយកទៅសម្លាប់ចោល។ ប៉ុន្តែសាក្សីរូបនេះមិនដឹងពីមូលហេតុពិតប្រាកដនៃការ ដាក់បញ្ជានេះទេ ហើយលោកក៏មិនដែលបានឃើញការចាប់ខ្លួនដោយផ្ទាល់ទេ។ លោកបានថ្លែងថាការបញ្ជាឱ្យមាន ការចាប់ខ្លួន និងសម្លាប់លើជនជាតិវៀតណាមនេះត្រូវបានដឹងទូទៅទាំងថ្នាក់លើ និងកងចល័ត ។
លោក កាន ថុល គឺជាសាក្សីទី៣ ក្នុងចំណោមសាក្សី និងដើមបណ្តឹងរដ្ឋប្បវេណី ១១ រូបដែលត្រូវកោះ ហៅមកផ្តល់សក្ខីកម្មទាក់ទងនឹងការដ្ឋានការងារទំនប់ត្រពាំងថ្ម។ ការដ្ឋានទំនប់ត្រពាំងថ្មនេះគឺជាការដ្ឋានការងារទី៣ និងអង្គហេតុចុងក្រោយទាក់ទងនឹងការសួរដេញដោលលើអង្គហេតុការដ្ឋានការងារដែលត្រូវបានលើកមកជំនុំ ជម្រះនៅក្នុងសំណុំរឿង០០២/០២ ប្រឆាំងនឹង នួន ជា និងខៀវ សំផន។ លោកកាន ថុល បានថ្លែងថា អ្នកដែលធ្វើការនៅការដ្ឋានទំនប់អាងត្រពាំងថ្ម គឺសុទ្ធតែត្រូវអង្គការចាត់តាំងដោយបង្ខំ និងមានមនុស្ស ១៥.០០០នាក់ មកពីតំបន់ផ្សេងៗចូលរួមលើកអាងត្រពាំងថ្មនេះ ក្នុងនោះក៏មានកុមារជំទង់អាយុចាប់ពី១៥ ទៅ១៨ឆ្នាំដែរ។
យោងតាមដីកាដំណោះស្រាយរបស់សហចៅក្រមស៊ើបអង្កេត ការដ្ឋានការងារទំនប់ត្រពាំងថ្ម មានទីតាំងស្ថិតនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ត្រូវបាន គេជឿថាបានកសាងឡើងចន្លោះឆ្នាំ១៩៧៧ ដល់ពាក់កណ្តាលឆ្នាំ១៩៧៨ ក្នុងគោលបំណងសម្រេចលើផលិតកម្មស្រូវរបស់បក្សកុម្មុយនិស្តកម្ពុជា។ ទំនប់នេះមានបណ្តោយប្រវែង ១០គីឡូម៉ត្រ និងទទឹង ៧ គីឡូម៉ែត្រ។ តាមសាក្សី មានមនុស្សចន្លោះពី១៥០០០ទៅ២០០០០ នាក់ធ្វើការងារ ទីនោះ និងមានការចាប់ខ្លួន និងសម្លាប់មនុស្សជាច្រើន ។
លោកកាន ថុល បានពិពណ៌នាអំពីការបែងចែកការងារដល់ប្រជាជនក្នុងការជីកដីទំនប់នោះ ព្រមទាំងពេលវេលាដែលត្រូវបំពេញការងារចាប់តាំងពីព្រឹកព្រលឹមរហូតដល់យប់និងការអប់រំកែប្រែ ចំពោះអ្នកដែលមិនសកម្មការងារ។ លោក កាន ថុល បានថ្លែងថា នៅពេលមានកិច្ចប្រជុំថ្នាក់ដឹកនាំការ ដ្ឋានបាននិយាយពីវិន័យនៅក្នុងការបំពេញការងារ។ លោកនិយាយថា ប្រសិនបើអ្នកណាមិនគោរពតាមវិន័យដែលដាក់ចុះ នោះនឹងទទួលពិន័យ ដូចជាការកាត់បន្ថយរបបអាហារជាដើម។
សាក្សី កាន ថុល ក៏បានឱ្យដឹងដែរថា មេដឹកនាំនៃរបបខ្មែរក្រហមមួយចំនួនក៏បានទៅពិនិត្យមើលការដ្ឋានទំនប់ត្រពាំងថ្មនេះ ហើយគណៈប្រតិភូចិនក៏បានទៅពិនិត្យការដ្ឋានផងដែរ។ លោកកាន ថុល ក៏បានបញ្ជាក់ផងដែរថា មានការចាប់ខ្លួននិងបាត់ខ្លួនទៅលើសមាជិកដែលធ្វើការងារនៅការដ្ឋានត្រពាំងថ្ម។ ការផ្តល់សក្ខីកម្មរបស់សាក្សី កាន ថុល បានបញ្ចប់នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ ២០១៥ ហើយ សាក្សីថ្មីមួយរូបទៀតនឹងត្រូវកោះហៅមកផ្តល់សក្ខីកម្មបន្ត ។
រហូតមកទល់ថ្ងៃទី១១ ខែសីហា ឆ្នាំ ២០១៥ នេះ អង្គជំនុំជម្រះសាលាដំបូងបានបើកសវនាការដេញ ដោលលើ ភស្តុតាងក្នុងសំណុំរឿង០០២\០២ នេះ បានចំនួន ៨១ ថ្ងៃរួចមកហើយនិងបានស្តាប់ការផ្តល់សក្ខីកម្មរបស់សាក្សីចំនួន ៣៣ រូប ដើមបណ្តឹងរដ្ឋប្បវេណីចំនួន ២០ រូប និងអ្នកជំនាញចំនួន ១ រូប ។
អង្គហេតុដែលបានសួរដេញដោលរួចហើយរួម មាន សហករណ៍ត្រាំកក់ មន្ទីរសន្តិសុខក្រាំងតាចាន់ ការដ្ឋានការងារទំនប់ ១ មករា ការដ្ឋា ព្រលានយន្តហោះ ខេត្តកំពង់ឆ្នាំង។ លោក នេត្រ ភក្ត្រា បានឱ្យដឹងថា អង្គជំនុំជម្រះសាលាដំបូង គ្រោងបញ្ចប់សវនាការលើភស្តុតាង ពាក់កណ្តាលឆ្នាំ ២០១៦ ខាងមុខ ។
សាក្សីបាននិយាយថាថ្នាក់លើ កងចល័ត បាននិយាយថាជនជាតិវៀតណាមត្រូវតែសម្លាប់ចោល។ អ្នកធ្វើពុតជាឈឺ ឈឺសតិអារម្មណ៍ មានពេទ្យជាអ្នកតាមដាន ហើយពេលគេចេញទៅធ្វើការផុត គាត់ដេកប្រលែងគ្នា។ វិន័យ កងករណី ប្រជាជនវៀតណាមត្រូវបានចាប់ខ្លួន ប៉ុន្តែលោកមិនដឹងមូលហេតុពិតប្រាកដនោះទេ។ សាក្សី កាន ថុល ជាអ្នកភូមិត្រពាំងថ្មកណ្ដាល ជម្រាបអង្គជំនុំជម្រះសាលាដំបូងថា អ្នកដែលធ្វើការនៅការដ្ឋានទំនប់អាងត្រពាំងថ្ម នៅឆ្នាំ១៩៧៧ គឺសុទ្ធតែត្រូវអង្គការចាត់តាំងដោយបង្ខំ ។ លោកថ្លែងទៀតថា មានមនុស្ស ១៥.០០០នាក់ មកពីតំបន់ផ្សេងៗ ចូលរួមលើកអាងត្រពាំងថ្ម ។ ក្នុងនោះ ក៏មានកុមារជំទង់អាយុចាប់ពី ១៥ ទៅ ១៨ឆ្នាំដែរ ៕
ដោយ៖ ភកិ្តត្រា