បន្ទាប់ពីបានស្តាប់ការផ្តល់សក្ខីកម្មរបស់ដើមបណ្តឹងរដ្ឋប្បវេណី និងសាក្សីចំនួនពីររូបទាក់ទងនឹងអង្គហេតុការដ្ឋានការងារទំនប់ត្រពាំងថ្ម នៅរសៀលថ្ងៃទី២៩ និងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០១៥ នេះ អង្គជំនុំជម្រះសាលាដំបូង បានងាកមកស្តាប់បញ្ចប់ការផ្តល់សក្ខីកម្ម ទាក់ទងនឹងអង្កហេតុការដ្ឋានការងារព្រលានយន្តហោះកំពង់ឆ្នាំង និងការដ្ឋានទំនប់ ១ មករាក្នុងខេត្តកំពង់ធំ ។
អ្នកស្រីឃិន វ៉ាត អតីតជាអ្នកដាំបាយស្លសម្រាប់អ្នកជំនាញចិននៅការដ្ឋានព្រលានយន្តហោះកំពង់ឆ្នាំងត្រូវកោះហៅមកផ្តល់សក្ខីកម្ម។អ្នកស្រីបានរៀបរាប់អំពីលក្ខខណ្ឌការងារដ៏លំបាកដែលមាននៅការដ្ឋានការងារនេះ និងស្ថានភាពនៃការរស់នៅដែលមិនមានអនាម័យនិងការអត្តឃាតរបស់ពលរដ្ឋដែលទទួលការបង្ខំឱ្យធ្វើការងារដោយ បង្ខំនិងមិនអាចទ្រាំទ្រនឹងការលំបាកទាំងនោះបានដោយបានលោតចូលទៅក្នុងរថយន្តរ៉ូឡូកិនថ្នល់ ។
អ្នកស្រីក៏ បានលើកឡើងពីការបោសសម្អាតទៅលើទាហានដែលមានការជាប់ទាក់ទងនឹងនិន្នាការជាមួយវៀតណាមផងដែរ។ សាក្សី ឃិន វ៉ាត បានអះអាងថាអ្នកស្រីត្រូវបានខ្មែរក្រហមចាប់បង្ខំឱ្យរៀបការហើយក្រោយមកប្តីរបស់គាត់ត្រូវ បានចាប់ខ្លួននិងសម្លាប់ចោលដោយសារតែចោទប្រកាន់ថាមាននិន្នាការវៀតណាម។ អ្នកស្រីក៏បានឱ្យ ដឹងថាជនជាប់ចោទ ខៀវ សំផន ក្នុងសំណុំរឿង ០០២/០២ នេះក៏ធ្លាប់បានទៅធ្វើទស្សនកិច្ចដើម្បីពិនិត្យមើលការដ្ឋាន ព្រលានយន្តហោះនេះជាមួយនឹងតាម៉ុក ដែរ។ ប៉ុន្តែអ្នកស្រីមិនដឹងថាតើជនជាប់ចោទ ខៀវ សំផន មានការទទួលខុសត្រូវអ្វីពិតប្រាកដនោះទេ ។
លោក អ៊ុំ ជី ជាសាក្សីចុងក្រោយដែលត្រូវបានអង្គជំនុំជម្រះសាលាដំបូងកោះហៅមកផ្តល់សក្ខីកម្មទាក់ទង នឹងការដ្ឋានការងារទំនប់ ១មករា នៅក្នុងខេត្តកំពង់ធំ។ លោកអ៊ុំ ជី ជាប្រធានកងចល័តដែលគ្រប់គ្រងកម្លាំងមនុស្ស ចំនួន ៥០០ នាក់នៅការដ្ឋាន។ លោកបានថ្លែងថាកម្លាំងទាំង ៥០០ នាក់នេះគឺជាប្រជាជនមកពីឃុំបល្ល័ង្គទាំងអស់ មិនមានប្រជាជនថ្មីទេ ។
លោកអ៊ុំ ជី បានរៀបរាប់ប្រាប់អង្គជំនុំជម្រះអំពីដំណើរប្រតិបត្តិការនៅការដ្ឋានការងារដែល រួមមានរចនាសម្ព័ន្ធរបស់អាជ្ញាធរ រចនាសម្ព័ន្ធកម្លាំង ការជួបប្រជុំជាប្រចាំរបស់ថ្នាក់ដឹកនាំការដ្ឋានដើម្បីទទួលផែនការការងារពីអង្គការថ្នាក់លើ។ សាក្សីបាននិយាយថា លក្ខខណ្ឌការងារមានការលំបាក ខ្វះខាតអាហារ គ្មានអនា ម័យ និងគ្មានថ្នាំសង្កូវព្យាបាលជំងឺដល់ប្រជាជនឡើយ។ លោកថានៅពេលធ្វើការងារមានគ្រោះថ្នាក់ដោយការដាក់ ឈ្នួនបំផ្ទុះថ្មបានខ្ទាតមកត្រូវកម្មករ បង្កជារបួសស្នាម ។
លោកបានថ្លែងថានៅក្នុងកិច្ចប្រជុំ មេដឹកនាំខ្មែរក្រហមបានប្រាប់ថាការជីកទំនប់ ជីប្រឡាយនេះ ដើម្បីយកទឹកស្រោចស្រពធ្វើស្រែឱ្យបានផលបីតោនក្នុងមួយហិកតា។ លោកថា ស្រូវដែលប្រមូលផលបាន មានឡានចូលទៅដឹកចេញអស់ ប៉ុន្តែមិនដឹងថាដឹកទៅទីកន្លែងណាទេ។ លោកថ្លែងថាលោកបានឮពីការនិយាយពី ខ្មាំងពីសំណាក់គណៈតំបន់ និងគណៈស្រុក ហើយបាននិយាយថាអ្នកដែលប្រឆាំងជាមួយបទបញ្ជា និងប្រឆាំងអង្គការគឺជាខ្មាំងដែលត្រូវកម្ទេចចោល ព្រោះអ្នកទាំងនេះជាអ្នករាំងស្ទះដល់ចលនាកសាងរបស់អង្គការ ។
សាក្សី អ៊ុំ ជី បានប្រាប់ថានៅអំឡុងពេលបំពេញការងារនៅការដ្ឋាននេះ លោកបានឃើញដោយផ្ទាល់សន្តិសុខខ្មែរក្រហមមានការចាប់ខ្លួនទៅលើកម្មករដែលនិយាយគ្នា ហើយការចាប់ខ្លួននេះត្រូវបានលោកអ៊ុំជីបានថ្លែងថាដើម្បីបំបាក់ស្មារតីកុំឱ្យអ្នកផ្សេងធ្វើតម្រាប់តាម។ លោកថ្លែងថាសម័យខ្មែរក្រហមមានការហាមប្រាមមិនឱ្យនិយាយអ្វីដែលប្រាសចាកមាគារបស់បក្សទេ។ កម្មាភិបាលខ្មែរក្រហមដែលមកគ្រប់គ្រងការដ្ឋានការងារនោះជាកម្មាភិបាលមកពីភូមិភាគនិរតី។ សាក្សីបាននិយាយថាអ្នកដែលត្រូវបានចាប់ខ្លួន មិនដែលឃើញវិលត្រឡប់មកវិញទេ ហើយអ្នកដែលត្រូវចាប់ខ្លួន ត្រូវបានបញ្ជូនទៅកាន់មន្ទីរសន្តិសុខនៅក្នុងបរិវេណវត្តបារាយជាន់ដែក។
អង្គជំនុំជម្រះសាលាដំបូងបានបញ្ចប់សវនាការ ហើយបន្តបើកសវនាការនៅថ្ងៃទី១០ ខែសីហា ឆ្នាំ ២០១៥ ខាងមុខដោយបន្តស្តាប់សក្ខីកម្មរបស់សាក្សីទាក់ទងនឹងអង្គហេតុការដ្ឋានការងារទំនប់ត្រពាំងថ្ម ៕