ប្រជាពលរដ្ឋ ៣ភូមិ ត្រេកអខណៈអភិបាលខេត្ដសម្រេចបើកផ្លូវប្រវែង ៥៦ម៉ែត្រ នៃផ្លូវសរុប ១៨២ម៉ែត្រ

ចែករំលែក៖

ពោធិ៍សាត់៖ ប្រជាពលរដ្ឋរស់នៅភូមិត្រពាំងស្មាច់, ភូមិកណ្ដាល និងភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្ដពោធិ៍សាត់ ត្រេកអជាខ្លាំង ខណៈអភិបាលខេត្ដសម្រេចបើកផ្លូវទទឹង ៤ម៉ែត្រ និង បណ្ដោយ ប្រវែង ៥៦ម៉ែត្រ នៃផ្លូវសរុបប្រវែង ១៨២ម៉ែត្រ បន្ទាប់ពីពួកគាត់ធ្វើសំណើសុំបើកផ្លូវមកអភិបាលខេត្ដជាបន្ដបន្ទាប់នាពេលកន្លងមក ប៉ុន្ដែដោយមានប្រធានក្រុមប្រឹក្សាចេញមុខជំទាស់ ។

​ប្រជាពលរដ្ឋខាងលើនិយាយរាបរាប់ប្រាប់លោក អភិបាលខេត្ដ ថា ផ្លូវដែលធ្វើសំណើសុំបើកនោះគឺនៅជាប់របងសាលាបឋមសិក្សាត្រពាំងស្មាច់ និងវិទ្យាល័យ ហ៊ុន សែន ក្រគរ ផ្នែកខាងលិច មានទទឹង ៤ម៉ែត្រ ប្រវែងសរុប ១៨២ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងស្មាច់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្ដពោធិ៍សាត់ ហើយផ្លូវខាងលើនេះពួកគាត់បានធ្វើសំណើសុំបើកតាំងពីឆ្នាំ ២០០៨ រហូតដល់បច្ចុប្បន្នដោយមានការគាំទ្រពីអាជ្ញាធរភូមិ.ឃុំ.ស្រុក.ខេត្ដ ព្រោះផ្លូវនេះមានសារៈសំខាន់សំរួលដល់ប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្សងាយក្នុងការធ្វើដំណើរជាសាធារណៈ ប៉ុន្ដែពេលកន្លងមកត្រូវបានលោក សុទ្ធ តារា ប្រធានក្រុមប្រឹក្សាស្រុកក្រគរ និងនាយកវិទ្យាល័យពួតដៃគ្នាចេញមុខជំទាស់មិនឱ្យបើក ទើបពន្យាកាន់តែវែងទៅៗដល់បច្ចុប្បន្ន ។

ហើយចុងក្រោយនេះ ខាងសាលាបឋមសិក្សាត្រពាំងស្មាច់បានសាមទានដីទទឹង ២ម៉ែត្រ បណ្ដោយ ១២៦ម៉ែត្រ ចំណែកប្រជាពលរដ្ឋបានដកបង្គោលរបងថយ ២ម៉ែត្រទៀត ដើម្បីឱ្យបានទំហំផ្លូវ ៤ម៉ែត្រ ដោយឡែកនៅសល់ ៥៦ម៉ែត្រ ទៀតត្រូវបានលោក សុទ្ធ តារា និងនាយកវិទ្យាល័យចេញមុខជំទាស់ដដែលដោយគ្មានមូលហេតុដល់បច្ចុប្បន្ន បញ្ហាការជំទាស់ពីលោក សុទ្ធ តារា និងនាយកវិទ្យាល័យខាងលើនេះ ដោយសារមានបុគ្គលអ្នកមានលុយ នៅពីក្រោយខ្នងដោយគេបោះពាក្យសំដីថា កាលពីណាប្រជាពលរដ្ឋនៅអែមរបងសាលាខាងលើ ពិបាកផ្លូវក្នុងការធ្វើដំណើរ គេអាចប្រមូលទិញតម្លៃថោកៗ យកទាំងអស់ ។

ប្រជាពលរដ្ឋនិយាយបន្ដថា ផ្លូវនេះកាលពីអតីតកាលមានផ្លូវរទេះឆ្លងកាត់ពីផ្លូវជាតិលេខ៥ មកចូលភូមិក្រោយមកត្រូវបានសាលាធ្វើរបងថ្មបិទ ផ្នែកខាងមុខ ធ្វើឱ្យពួកគាត់ធ្វើដំណើរឆ្លងកាត់តាមសាលា និងដើរវៀងតាមផ្លូវឆ្ងាយ ព្រមទាំងឆ្លងកាត់វត្ដអារាមទៀតផង ដោយមានការលំបាកជាខ្លាំង ។

​ទោះបីយ៉ាងណាក្ដីផ្លូវមួយខ្សែខាងលើនេះ ត្រូវបានលោកអភិបាលនៃគណៈអភិបាលខេត្ដ និងមន្ដ្រីជំនាញជាច្រើនទៀត បានចុះទៅពិនិត្យ និងបញ្ជាឱ្យបើកផ្លូវនៅសល់ ទទឹង ៤ម៉ែត្រ បណ្ដោយប្រវែង ៥៦ម៉ែត្រនៃផ្លូវសរុបប្រវែង ១៨២ម៉ែត្រ សម្រាប់បង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ឆ្លងកាត់ពីផ្លូវជាតិមកចូលភូមិជាសាធារណៈ ជាឯកច្ឆ័ន្ទ ៕

...

ដោយ៖ ចាន់ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print