ខេត្តកំពត៖ វិហារឥស្លាមថ្មី១ខ្នង កំពស់១ជាន់ មានទំហំ១០ម៉ែត្រ គុណ១៥ម៉ែត្រ ចំណោយថវិកា អស់ចំនួន៣២០០០ ដុល្លារអាមេរិក ជាអំណោយស្បុរសធម៌ របស់ឌូបៃ នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត ផ្ដល់តាមរយៈសមាគមគ្រូពេទ្យឥស្លាមកម្ពុជា ត្រូវបានប្រគល់ជូន បងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាមប្រើប្រាស់ជំនួសវិហារ ចាស់ទ្រុឌទ្រោម តាមប្រពៃណីទំនាមទម្លាប់ សាសនិកខ្មែរឥស្លាម ស្ថិតនៅភូមិម៉ាក់ប្រាង ឃុំកំពង់គ្រែង ស្រុកទឹកឈូខេត្ដកំពត ដោយមានការចូលរួមប្រគល់ពីលោក សុះមុះ សិន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាប្រធានសមាគមគ្រូទេព្យស្លាមកម្ពុជា កាលពីថ្ងៃទី ១២ ខែសីហា ឆ្នំា ២០១៥ ។
លោកសុះ មុះសិន បានបញ្ជាក់ថា៖ វិហារដែលត្រូវប្រគល់នាពេលនេះ មានទំហំ១៥ម៉ែត្រ គុណនិង ១០ម៉ែត្រ រួមមានអាងស្តុកទឹកមួយ កន្លែងយកទឹកថ្វាយបង្គំ និងបង្គន់អនាម័យពីរ ជាអំណោយរបស់សមាគមសប្បុរសធ៌មឌូបៃ នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត តាមរយៈសមាគមគ្រូពេទ្យឥស្លាមកម្ពុជា ដែលមានតម្លៃសរុបរួមទាំងប្រាក់បដិភាគ របស់បងប្អូនសាសនិកឥស្លាម ក្នុងភូមិ ចំនួន ៣២០០០ ដុល្លារអាមេរិក ។
វិហារនេះបានមកដោយសារ មានថ្នាក់ការដឹកនាំប្រទេសល្អ គឺសម្តេចតេជោ ហ៊ុន សែន លោកមិនប្រកាន់ពូជសាសន៏សាសនា ព៌ណសម្បុរ ឫ និន្នាការនយោបាយអ្វីឡើយ ហើយសម្តេចបានផ្តល់ជូននូវសិទ្ធិសេរីភាព និងអ្វីៗ គ្រប់បែបយ៉ាងចំពោះបងប្អូនសាសនិកឥស្លាម ក៏ដូចជាប្រជាពលរដ្ឋទូទៅ រស់នៅប្រកបដោយសុខុដុមរមនា នេះគឺជាគោលនយោបាយដ៏ត្រឹមត្រូវ និង យុត្តិធម៌ក្រោមការ ដឹក នាំដ៏ឈ្លាសវៃរបស់ប្រមុខថ្នាក់ដឹកនាំ ។
លោកបន្ដថា៖ ថ្មីៗនេះរាជរដ្ឋាភិបាលសម្រេចបញ្ចូលគ្រូបង្រៀនឥស្លាម ទៅក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបានប្រាក់បៀវត្សដូចគ្រូបង្រៀនដ៏ទៃដែរ ។ នេះគឺជាការជួយដោះស្រាយ បន្ទុកក្នុងគ្រួសាររបស់ប្រជាពលរដ្ឋ ក៏ដូចជាការលើកកំពស់ជីវភាពរស់នៅរបស់បងប្អូនផងដែល លើសពីនេះទៅទៀត គឺដើម្បីថ្លែងអំណរគុណដល់គ្រូៗ ដែលមានវ័យចំណាស់ មានអាយុលើសពី ៦០ឆ្នាំឡើងទៅ ដែលបានតស៊ូបង្រៀនដោយស្ម័គ្រចិត្ត គ្មានប្រាក់បៀវត្សរ៍រាប់ឆ្នាំមកហើយនោះ រាជរដ្ឋាភិបាលបានសម្រេចបញ្ចូលពួកគាត់ ទៅក្នុងក្របខណ្ឌគ្រូជាប់កិច្ចសន្យាផងដែរ។
លោកក៏បានធ្វើការ អំពាវនាវឲ្យ មាតា បិតា ត្រូវបញ្ជូនកូនចៅឲ្យទៅចូលរៀន ទាំងផ្នែកចំណេះទូទៅ និងសាសនា ឲ្យបានគ្រប់ៗគ្នា ដើម្បីឲ្យកូនចៅរបស់បងប្អូន មានចំណេះដឹងមានសិលធម៌ក្នុងការរស់នៅ មានអនាគតល្អ ដើម្បីអភិវឌ្ឍន៍ខ្លួនឯង និងគ្រួសារ ក៏ដូចជាការលើកកម្ពស់វិស័យអប់រំ និង គោលនយោបាយភូមិ ឃុំមានសវត្ថិភាពផងដែរ នឹងសូមបងប្អូន បន្តការគាំទ្រ រាជរដ្ឋាភិបាល ដែលកំពុងតែផ្តល់នូវសុខសន្តិភាព សេរីភាព និងគ្មានការរើសអើង ចំពោះបងប្អូន ជារដ្ឋាភិបាលដែលកំពុងដឹក នាំប្រទេស មិនមែនបានត្រឹមតែសន្យានោះឡើយ ។
ក្នុងឱកាសនោះ លោក សុះ មុះ សិន ក៍បានធ្វើការផ្តាំផ្ញើដល់បងប្អូនសាសនិកខ្មែរឥស្លាមត្រូវគោរពប្រតិបត្តិទៅតាមប្រពៃណីសាសនាឲ្យបានខ្ជាប់ខ្ជួន គោរពច្បាប់រដ្ឋឲ្យបានល្អ នឹងចេះគោរពសិទ្ធិអ្នកដទៃ ហើយត្រូវថែរក្សាទំនៀបទំលាបក្នុងការ រស់នៅដោយសុខុដុមរមនា ជាមួយបងប្អូនខ្មែរ ដែលធ្លាប់មានតាំងពីយូរយាណាស់មកហើយនោះ នឹងត្រូវចូលរួមជួយថែរក្សាវិហារនេះទាំងអស់គ្នា ដើម្បីទុកប្រើប្រាស់បានយូរអង្វែង ដែលជាគរុភ័ណសាសនា និងជាសម្បត្តិរបស់សង្គមជាតិផងដែរ ៕