សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ ៥នាក់ក្នុងចំណោមបក្សពួក៧នាក់ ដែលតាំងខ្លួនជាឯកឧត្តមដើរបោកប្រាស់ប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តក្រចេះ៖ ជនសង្ស័យចំនួន៥នាក់ ក្នុងចំណោមបក្សពួក៧នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្តក្រចេះ បានកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី១២ ខែសីហា ដោយចោទប្រកាន់ពីបទ(ឆបោកនិងជ្រៀតជ្រែកដោយខុសច្បាប់ក្នុងការបំពេញមុខងារសាធារណៈ) ខណៈដែលពួកគេ បានតាំងខ្លួនជាឯកឧត្តម ដើរផ្សព្វផ្សាយប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋ និងប្រាក់ចំនួន២០ម៉ឺនរៀល ក្នុង១គ្រួសារ ដើម្បីធ្វើការទាមទារដីយកមកចែកជូនប្រជាពលរដ្ឋទាំងនោះ ។

នគរបាលព្រហ្មទណ្ឌនៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានឱ្យដឹងថា ជនសង្ស័យ៥នាក់ ក្នុងចំណោមបក្សពួក៧នាក់នេះ គឺត្រូវកម្លាំងនគរបាលស្រុកស្នួល បានចាប់ឃាត់ខ្លួនបាន កាលពីថ្ងៃទី១០ ខែសីហា នៅចំនុចគីឡូម៉ែត្រ១១៥ ក្នុងភូមិជើងឃ្លេ និងភូមិត្រពាំងស្រែ ក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ក្រោយពីពួកគេបាននាំគ្នា ដើរកៀងគរបោកប្រាស់ប្រជាពលរដ្ឋ ទាំងពីរភូមិនេះរួចមក ។

នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល លោកវរៈសេនីយ៍ឯក គុណ សុភណ្ឌ័ បានឱ្យដឹងថា ជនទាំង៥នាក់នេះ ទី១ឈ្មោះ ជឹម សំណាង ហៅ (គង់សុជាតិ) ជាមេខ្លោង ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិតេជោ ឃុំស្រអែម ស្រុកជាំក្សានខេត្តព្រះវិហារ ទី២ ឈ្មោះ សៃ យ៉ង អាយុ៥៥ឆ្នាំ ជនជាតិស្ទៀង ទី៣ឈ្មោះ គី ហេម អាយុ៤១ឆ្នាំ ទី៤ ឈ្មោះ ខាត់ ឡិះ អាយុ៤៥ឆ្នាំ អ្នកទាំង៣រស់នៅ ភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ និងទី៥ ឈ្មោះ ស៊ីវ សុថន អាយុ៣៣ឆ្នាំ រស់នៅភូមិអន្លង់ ឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និងជាអ្នកជាអ្នកសារព័ត៍មាន ក្នុងអង្គភាព(មរតកតេជោ) ។

លោកនាយការិយាល័យបានបន្តថា នៅថ្ងៃកើតហេតុ ក្រុមជនទាំងនេះ បានដើរបោកប្រាស់ប្រជាពលរដ្ឋ ដោយពួកគេបានតាំងខ្លួនឯងជាឯកឧត្តម ហើយបានចែកគ្នាជា២ក្រុម ដោយក្រុមទី១ បានធ្វើសកម្មភាព នៅក្នុងភូមិត្រពាំងស្រែ ដោយបានដើរបោកប្រាស់ប្រជាពលរដ្ឋឱ្យផ្តិតមេដៃ បានចំនួន២៧៩នាក់។ និង១ក្រុមទៀត ធ្វើសកម្មភាព នៅចំនុចគីឡូម៉ែត្រលេខ១១៥ ដោយបានស្មាមមេដៃបានចំនួន១៣០នាក់ និងប្រាក់មួយចំនួនធំ ។

អភិបាលស្រុកស្នួល លោក គង់ គឹមនី បានឲ្យដឹងតាមទួរសព្ទ័ថា ជនសង្ស័យទាំង៥នាក់ គឺជាមុខសញ្ញា ដែលអាជ្ញាធរតាមដានយូរហើយ តែមិនទាន់មានភស្ដុតាង ទើបតែពេលនេះមានភស្ដតាងគ្រប់គ្រាន់ឈានដល់ការចាប់ ខ្លួនតែងម្តង ។

លោកថា ក្រុមនេះមានម្នាក់ឈ្មោះ ជឹម សំណាង ហៅ គង់ សុជាតិ ជាមេខ្លោងដោយបានតាំងខ្លួនជាឯកឧត្តម ហើយបានឱ្យបក្សពួក ដើរកៀងគរ ប្រជាពលរដ្ឋមកពីស្រុក អូរាំងឪ ខេត្តត្បូងឃ្មុំ និងមកពីខេត្តផ្សេងៗទៀតឲ្យ មកនៅស្រុកស្នួល ឱ្យពលរដ្ឋទាំងនោះផ្តិតមេដៃឱ្យពួកគេ និងប្រាក់ចំនួន២០ម៉ីនរៀលក្នុង១គ្រួសារ ដោយពួកគេអះអាងថា និងយកលុយទាំងនេះ ទៅរត់ការដើម្បីយកដីសប្បទានសង្គមកិច្ចពីក្រុមហ៊ុន មកចែកជួនប្រជាពលរដ្ឋទាំងនោះ។

លោកអភិបាលស្រុកបានបញ្ជាក់ថា ពលរដ្ឋដែលត្រូវពួកគេឆបោកលុយ មានចំនួន៤០០នាក់ ដោយក្នុងនោះមានគ្រួសារខ្លះ អស់ប្រាក់ចាប់ពី៥ម៉ឺនរៀល ទៅ២០ម៉ឺនរៀល ៕

...

ដោយ៖ កោះទ្រុង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print