ខេត្តកណ្តាល៖ បុរសញៀនថ្នាំម្នាក់ធ្វើសកម្មភាពវាយបងស្រីបង្កើតខ្លួនឯងចំនួនបីដៃ និងបានយកដាវសាំម៉ូរៃបម្រុងចាក់សម្លាប់ តែត្រូវបានក្រុមគ្រួសារចូលទៅឃាត់ទាន់ពេលវេលា ទើបធ្វើឲ្យស្ត្រីរងគ្រោះរួចផុពីការស្លាប់ ។ ករណីនេះកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ។
ក្រោយពីមានហេតុការណ៍កើតឡើងស្ត្រីរងគ្រោះជាបងបង្កើតបានសម្រេចចិត្តប្តឹងសមត្ថកិច្ចនគរបាលមូលដ្ឋានឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង ដើម្បីចាត់ការតាមច្បាប់ ។ ជនសង្ស័យមានឈ្មោះ ប៊ិន កាណាន់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាកសិករ រីឯស្ត្រីរងគ្រោះឈ្មោះ ប៊ិន ស្រីទូច ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាកសិករ ។ ជនសង្ស័យ និងជនរងគ្រោះរស់នៅផ្ទះជាមួយគ្នាក្នុងភូមិ/ឃុំកើតហេតុខាងលើ ។
លោកវរសេនីយ៍ត្រី មុយ ចាន់ពេជ្រ បានឲ្យដឹងថា ជនសង្ស័យខាងលើនេះជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនដ៏សកម្មនៅក្នុងមូលដ្ឋាន កន្លងមកធ្លាប់បានប្រើអំពើហិង្សានៅក្នុងគ្រួសារជាញឹកញាប់ ហើយក៏ធ្លាប់បានលួចលុយឪពុកម្តាយ និងបងប្អូនផងដែរ ។ ដោយសារតែជាសាច់ជាឈាមក្រុមគ្រួសារមិនបានប្តឹងសមត្ថកិច្ចនគរបាលនោះទេ សុខចិត្តលាក់បាំងការពិតព្រោះខ្លាចសមត្ថកិច្ចចាប់ខ្លួនប្អូននិងកូនដាក់គុក ។ លុះមកដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥នេះជនសង្ស័យខាងលើនេះបានប្រើអំពើហិង្សាទៅលើបងស្រីខ្លួនឯងដោយទះបីដៃនិងដាវបម្រុងចាក់សម្លាប់ គ្រាដែលកើតមានជម្លោះពាក្យសំដីគ្នាបន្តិចបន្ទួច ។
លោកអធិការបានបន្តថា អំពើហិង្សាជាថ្មីនេះបានធ្វើឲ្យស្ត្រីជាបងបង្កើតសម្រេចចិត្តប្តឹងចូលសមត្ថកិច្ចនគរបាលមូលដ្ឋានឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យចាត់ការតាមច្បាប់ បន្ទាប់ពីមើលឃើញថាជនសង្ស័យកែងខ្លួនលែងកើតទៅហើយនោះ ។
ជនសង្ស័យរូបនេះត្រូវបានសមត្ថកិច្ចនគរបាលជំនាញយុត្តិធម៌កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ ដើម្បីចាត់ការតាមច្បាប់ ៕
ដោយ៖ ស្អាងជ័យ