ភ្នំពេញ៖ ការរាយការណ៍មួយបានធ្វើឲ្យសមត្ថកិច្ចប្រញឹកដៃប្រញឹកជើង រវាសរវៃនាំកម្លាំងទៅកាន់កន្លែងកើតហេតុ ដោយសារតែបុរសស្រ្តីជាសង្សារ២នាក់បានទូរស័ព្ទប្រាប់តាមវិទ្យុថា ត្រូវចោរប្រដាប់អាវុធភ្ជង់ប្លន់យកម៉ូតូរបស់ខ្លួន ប៉ុន្តែពេលសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ បែជាភាគីអះអាងថាជាជនរងគ្រោះអ្នករាយការណ៍នោះ នាំគ្នាឡើងជិះម៉ូតូរបស់សាច់ញាតិចេញទៅបាត់ហើយ ។
ករណីនេះ បង្កការភ្ញាក់ផ្អើលនៅលើកំណាត់ផ្លូវលេខ៦០៨ ទល់មុខផ្ទះលេខ50E ក្នុងសង្កាត់បឹកក់២ ខណ្ទទួលគោក កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មានបុរសស្រ្តីជាសង្សារ២នាក់ បានអះអាងជាជនរងគ្រោះ បានទូរស័ព្ទរាយការណ៍ប្រាប់តាមវិទ្យុមួយថា មានករណីជនប្រដាប់អាវុធមួយក្រុមបានធ្វើសកម្មភាព ភ្ជង់ប្លន់យកម៉ូតូរបស់ខ្លួនម៉ាកស្កុបពី ពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ1FE-0432មួយគ្រឿងទៅបាត់។ ក្នុងនោះគេបានបញ្ជាក់ថា ករណីហេតុការណ៍នៃសកម្មភាពប្លន់នេះ គឺកើតឡើងពេលពួកខ្លួនទាំង២នាក់ ធ្វើដំណើរតាមបណ្តោយផ្លូ៦០៨ក្នុងទិសដៅពីលិចទៅកើត ។ លុះទៅដល់ចំណុចកើតហេតុខាងលើជាកន្លែងស្ងាត់ ក៏ស្រាប់តែមានជនមិនស្គាល់មុខមួយក្រុម ជិះម៉ូតូម៉ាកPCX និងម៉ូតូហុងដាឌ្រីម មានពាក់ស្លាកលេខខេមរភូមិន្ទ ប្រដាប់ដោយកាំភ្លើងមកភ្ជង់ប្លន់យកម៉ូតូរបស់ខ្លួន រួចជិះចេញទៅបាត់ដោយសុវតិ្ថភាព ។
បនា្ទប់ពីទទួលបានពត៌មានភា្លមៗ កម្លាំងសមត្ថកិច្ច ខណ្ឌទួលគោក ក៏បាននាំគា្នចេញទៅជួយធ្វើអន្តរាគមន៍ដល់កន្លែងកើតហេតុ ដោយរួមជាមួយនឹងអ្នកយកពត៌មានផងដែរ ដើម្បីថតយករូបភាព ស្រាប់តែពេលទៅដល់គូសង្សាបុរសស្ត្រីជាសង្សារ២នាក់នោះ បាននាំគា្នឡើងជិះម៉ូតូរបស់សាច់ញាតិ១គ្រឿងទៀតចេញទៅបាត់អស់តែម្តង ដោយមិនបានផ្តល់ពត៌មាននិងប្តឹងផ្ដល់ និងបំភ្លឺអ្វីបន្ដិតដល់កម្លាំងសមត្ថកិច្ច និងអ្នកសារព័ត៌មានឡើយ ។
ដោយឡែកតាមប្រភពប្រជាពលរដ្ឋដែលជាអ្នកដំណើរ នៅកន្លែងកើតហេតុនិយាយថា ពួកគាត់ឆ្លងកាត់ទីនោះ គឺអត់ឃើញមានហេតុការណ៍អ្វីកើតឡើងនោះទេ។ ទើបធ្វើឲ្យមានការសង្ស័យថា ជារឿងប្រឌិតភូតកុហក បង្កការភា្ញក់ផ្អើលរំខានដល់សមត្ថកិច្ចក្នុងន័យអ្វីមួយ ឫក៏ថាគាត់ជាជនរងគ្រោះពិតប្រាកដ ប៉ុន្តែមិនចង់ប្តឹងសមត្ថកិច្ចក៏ថាបាន ៕
ដោយ៖ វិបុល