រាជធានីភ្នំពេញ:លោកឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ បានដឹកនាំមន្រ្តីក្រោមឱវាទ ធ្វើពិធីប្រគល់ប្លង់កម្មសិទ្ធិដីជូនដល់វត្តពោធិព្រឹក្ស ហៅវត្តខ្ទរ ដែលមានទំនាស់ជាមួយក្រុមហ៊ុនអេងកាំង កាលពីមុនជូនវត្តវិញដើម្បីទុកជាគរុភណ្ឌរបស់វត្ត។
ពិធីប្រគល់នេះធ្វើឡើងកាលពីរសៀលថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៥ នៅក្នុងវត្តពោធិព្រឹក្ស ហៅវត្តខ្ទរ ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ដោយមានការនិមន្តជាអធិបតីពីសម្តេចព្រះសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះពោធិវង្ស អំ លឹមហេង សម្តេចសង្ឃនាយករងទី២នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ មន្ត្រីរាជការ និងពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនកុះករ។
ក្រោយពេលប្រគល់ប័ណ្ណកម្មសិទ្ធរួច ប្រជាពលរដ្ខជាពុទ្ធបរិស័ទក៏បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសសម្ដេចតេជោហ៊ុន សែន ដែលនិរាករណ៍ ស.ជ.ណ របស់ក្រុមហ៊ុនអេងកាំង ដែលរំលោភយកដីវត្ត។ ប្រជាពលរដ្ឋក៏បានថ្លែងអំណរគុណដល់លោកឃ្លាំង ហួត និងអភិបាលរាជធានីភ្នំពេញដែលបានខ្វះខ្វែងក្នុងរឿងនេះ។
គួរបញ្ជាក់ផងដែរថា ក្រោយពេលមានទំនាស់ដីធ្លីរបស់វត្តវត្តពោធិព្រឹក្ស ហៅវត្តខ្ទរ ជាមួយក្រុមហ៊ុនអេងកាំងរួចមក លោកឃ្លាំង ហួតអភិបាលខណ្ឌជ្រោយចង្វារ បានចុះសម្របសម្រួល និងរាយការណ៍ជូនទៅសម្តេចតេជោ ហ៊ុន សែន ទើបសម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យលោកឃ្លាំង ហួត លុបចោលស.ជ.ណ និងចុះវាស់វែងធ្វើប្លង់ ហើយប្រគល់ដីជូនវត្តវិញទុកជាគរុភណ្ឌសម្រាប់វត្តថែរក្សា៕ជ្រោយពេជ្រ