ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ លោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពីការចាប់ផ្តើមអនុវត្តគម្រោងជីវិតនិងធម្មជាតិ ដែលជាគម្រោងពង្រឹងសមត្ថភាពបន្ស៊ាំនិងភាពធន់របស់សហគមន៍ជនបទ ដោយប្រើវិធីសាស្រ្តគ្រប់គ្រងទីជម្រាលខ្នាតតូចចំពោះការប្រែប្រួលអាកាសធាតុ ដើម្បីសម្រេចបានសន្តិសុខស្បៀងប្រកបដោយចីរភាព។
គម្រោងនេះត្រូវបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងបរិស្ថាន ដោយមានកិច្ចសហការជាមួយអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ FAO និងការគាំទ្រថវិកាពីមូលនិធិបរិស្ថានសកល GEF ក្នុងទឹកប្រាក់ជាង ៥លានដុល្លា អាមេរិក សម្រាប់រយៈពេល៥ឆ្នាំ។
គោលបំណងសំខាន់នៃការអនុវត្តគម្រោងនេះ គឺដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍ជនបទនៅក្នុងឃុំគោលដៅចំនួន៤ ក្នុងខេត្តកំពង់ធំ សៀមរាប ព្រះវិហារ និងរតនៈគីរី តាមរយៈការពង្រឹងសមត្ថភាពបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ និងការជំរុញឱ្យមានការចូលរួមពីអ្នកពាក់ព័ន្ធក្នុងការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ីទីជម្រាល ដើម្បីធានានិរន្តរភាពផលិតផលកសិកម្ម និងសន្តិសុខស្បៀង។
លោក រដ្ឋមន្ត្រីបានចាត់ទុកគម្រោងនេះជាការឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជា គោលដៅជាយុទ្ធសាស្ត្ររបស់ក្រសួងបរិស្ថាន ក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ដោយបានស្នើឱ្យអង្គសិក្ខាសាលាទាំងមូលចែករំលែកនូវមេរៀនបទពិសោធល្អៗ ដែលទាញចេញពីការអនុវត្តនៅថ្នាក់មូលដ្ឋាន ដើម្បីជាធាតុចូលសម្រាប់ការរៀបចំគោលនយោបាយនិងផែនការយុទ្ធសាស្រ្តថ្នាក់ជាតិ។
លោករដ្ឋមន្ត្រីក៏បានស្នើឱ្យគ្រប់ការអនុវត្តគម្រោងទាំងអស់ ត្រូវផ្សារភ្ជាប់ទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាសហគមន៍ ក្នុងការលើកកម្ពស់ជីវភាពស្របតាមសក្តានុពលក្នុងសហគមន៍មូលដ្ឋាននីមួយៗ។ ជាងនេះទៅទៀត លោករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ថា ដើម្បីធានាបាននូវការរស់នៅដោយចីរភាព យើងចាំបាច់ត្រូវបន្តដំណើរពីការពឹងអាស្រ័យលើសក្តានុពលធនធានធម្មជាតិឆ្ពោះទៅកាន់ការពង្រឹងកសាងនិងសមត្ថភាពជំនាញ ដែលជាប្រភពធនធានមិនចេះរីងស្ងួត សម្រាប់ការអភិវឌ្ឍយូរអង្វែងទៅអនាគត ដោយផ្តើមចេញពីការលើកកម្ពស់ស្មារតីម្ចាស់ការ ក្នុងនាមអ្នកបន្តវេនគ្រប់ជំនាន់ ៕