ខេត្តស្វាយរៀង៖ នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០១៥ លោកស្រីសេង វណ្ណសាយ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុយម បានដឹកនាំក្រុមការងារក្រសួង ចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករនៅក្នុងខេត្តស្វាយរៀង ។
លោក គឹម សាវុធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានជម្រាបជូនលោកស្រី រដ្ឋលេខាធិការថា គិតត្រឹមថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០១៥ ការងារបង្កបង្កើនផលស្រូវវស្សានៅក្នុងខេត្តស្វាយរៀង សម្រេចបានប្រមាណ ១៣៧.០០០ហិកតា ស្មើនឹង៨២,៧៧% នៃផែនការដែលបានដាក់ចុះ ១៦៥.៥០០ហិកតា ។
លោកបន្តថា គិតក្នុងរយៈពេលដូចគ្នា ការងារបង្កបង្កើនផលស្រូវវស្សានៅក្នុងខេត្តស្វាយរៀងនាឆ្នាំនេះ អនុវត្តបានលឿនជាងឆ្នាំកន្លងទៅប្រមាណ ១០.០០០ហិកតា។ លោក គឹម សាវុធ បានបន្ថែមថា កន្លងមកស្រូវវស្សានៅក្នុងខេត្តស្វាយរៀង មានតំបន់មួយចំនួនបានប្រឈមនឹងការខ្វះខាតទឹក ដែលទាមទារឱ្យមន្ទីរចុះអន្តរាគមន៍ជាបន្តបន្ទាប់ ។
តាមរយៈការអន្តរាគមន៍រួមផ្សំនឹងរបាយទឹកភ្លៀងនាពេលថ្មីៗនេះ ផ្ទៃដីដែលបានបង្កបង្កើនផលរួចគឺមានទឹកគ្រប់គ្រាន់ ហើយបងប្អូនប្រជាកសិករកំពុងបន្តការងារភ្ជួររាស់ សាបព្រោះ ដកស្ទូង យ៉ាងមមាញឹក។ ថ្លែងនៅក្នុងឱកាសនោះ លោកស្រី រដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ បំពេញភារកិច្ចរបស់មន្ទីរធនធានទឹកនិងឧតុនិយមខេត្តស្វាយរៀង ដែលជួយសង្គ្រោះដល់ស្រូវកសិករនាពេលកន្លងមក ។
លោកស្រី រដ្ឋលេខាធិការ បានរំលឹកបន្ថែមដល់មន្ទីរ ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការថែរក្សាទឹកទុក សម្រាប់បម្រើដល់ការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ។ លោកស្រីរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា ជាបទបញ្ជារបស់លោករដ្ឋមន្ត្រី គឺលៃធ្វើយ៉ាណា មន្ទីរត្រូវម្ចាស់ការគ្រប់គ្រង និងចាត់ចែងប្រើប្រាស់ទឹកឱ្យមានប្រសិទ្ធភាព ។
ក្នុងពេលបច្ចុប្បន្ននេះ ខេត្តស្វាយរៀង មិនមានការប្រឈមលើបញ្ហាទឹកទេ ប៉ុន្តែប្រសិនបើនៅថ្ងៃខាងមុខ មានទីតាំងណាជួបប្រទះនឹងកង្វះខាតទឹក មន្ទីរត្រូវតែប្រឹងប្រែងឱ្យអស់លទ្ធភាពជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋឱ្យបាន ៕
ដោយ៖ សុខ ខេមរា