ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានធ្វើសន្និសីទសារព័ត៌មានមួយបញ្ជាក់អំពីអង្គហេតុនៃការប្រព្រឹត្តរបស់លោកហុង សុខហួរ សមាជិកព្រឹទ្ធសភាមកពីគណបក្សសម រង្ស៊ី ដែលបានរងនូវការចោទប្រកាន់៣បទល្មើស គឺបទក្លែងឯកសារសាធារណៈ បទប្រើប្រាស់ឯកសារក្លែង និងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ដល់សន្តិសុខសង្គម តាមបញត្តិនៃមាត្រា៦២៩ មាត្រា៦៣០ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។
លោកផៃ ស៊ីផានបានថ្លែងឲ្យដឹងថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ នៅក្នុងគេហទំព័រហ្វេសប៊ុកឈ្មោះសម រង្ស៊ី បានបង្ហោះផ្សព្វផ្សាយវីដេអូឃ្លីបមួយដែលមានរយៈពេលប្រមាណ១១នាទី ហើយវីដេអូឃ្លីបនេះ បានបន្តផ្សព្វផ្សាយរហូតដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ ។ នៅក្នុងវីដេអូឃ្លីបនេះ លោកហុង សុខហួរបានបកស្រាយអះអាងថា លោកហេង សំរិន ជាប្រមុខរដ្ឋ បានចុះហត្ថលេខាជាមួយប្រមុខរដ្ឋ របស់ប្រទេសវៀតណាមនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៧៩ថា ប្រទេសទាំងពីរ ឯកភាពគ្នារំលាយព្រំដែនរដ្ឋទាំងពីរ ព្រមទាំងបានលើកយកអត្ថបទនៃសន្ធិសញ្ញានេះដាក់បញ្ចូលក្នុងវីដេអូឃ្លីបនេះទៀត ។
វីដេអូឃ្លីបនេះ បានបង្ហាញខ្លឹមសារប្រការ៤នៃសន្ធិសញ្ញា ដោយមានគូសគំនូសពណ៌លឿងពីលើថា ភាគីទាំងពីរ សុខចិត្តដោះស្រាយតាមកិច្ចចរចាដោយសន្តិវិធីនូវទំនាស់ជាយថាហេតុ ក្នុងទំនាក់ទំនងទ្វេភាគីរបស់ខ្លួន ។ ភាគីទាំងពីរនឹងធ្វើកិច្ចចរចា ដើម្បីចុះហត្ថលេខាសម្រាប់រំលាយព្រំដែនជាតិប្រទេសទាំងពីរ ដោយអាស្រ័យលើព្រំដែននាពេលបច្ចុប្បន្ន ហើយភាគីទាំងពីរសម្រេចចិត្តមុតមាំ ដើម្បីកែប្រែព្រំដែននេះឲ្យទៅជាព្រំដែននៃសន្តិភាព មិត្តភាព ស្ថិតស្ថេររវាងប្រទេសទាំងពីរ ។
លោកផៃ ស៊ីផាន បានបញ្ជាក់ថា ដោយឡែកខ្លឹមសារដើមពិតប្រាកដ ត្រង់ប្រការ៤ នៃសន្ធិសញ្ញាសន្តិភាព មិត្តភាព និងសហប្រតិបត្តិការ រវាងសាធារណរដ្ឋប្រជាមានិតកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាមចែងថា ភាគីទាំងពីរសន្យាថា នឹងដោះស្រាយរាល់ការទំនាស់ អាចកើតឡើងក្នុងការទំនាក់ទំនងជាមួយគ្នា តាមរយៈការចរចាដោយសន្តិវិធី ។ ភាគីទាំងពីរនឹងចរចាគ្នា ដើម្បីចុះហត្ថលេខាលើសន្ធិសញ្ញាមួយកំណត់នៅព្រំដែនរវាងប្រទេសទាំងពីរ លើមូលដ្ឋានខ្សែព្រំដែននាពេលបច្ចុប្បន្ននេះ ហើយប្តេជ្ញាចិត្តកសាងខ្សែព្រំដែននោះ ទៅជាខ្សែព្រំដែនសន្តិភាព មិត្តភាព ដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ។
លោកផៃ ស៊ីផាន បានលើកឡើងថា អង្គហេតុនៃការក្លែងសន្ធិសញ្ញា ប្រព្រឹត្តឡើងដោយលោកហុង សុខហួរ គឺជាបទល្មើសជាក់ស្តែង តាមបញ្ញត្តិនៃមាត្រា៨៦នៃក្រមនីតិវិធីព្រហ្មទណ្ឌ ហើយអាជ្ញាធរមានសមត្ថកិច្ច បានដំណើរការស៊ើបអង្កេតករណីខាងលើនេះ ក្នុងក្របខ័ណ្ឌនៃបទល្មើសជាក់ស្តែង ។
គួររំលឹកផងដែរថា បន្ទាប់ពីមន្ត្រីអង្គការសហប្រជាជាតិបានយកផែនដីដើម១៨ផ្ទាំងមកដល់កម្ពុជា នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ កម្ពុជានឹងផ្ទៀតផ្ទាត់ដែលមានការចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល គណបក្សនយោបាយ អ្នកកាសែតជាតិ និងអន្តរជាតិ ។ ដោយឡែក បន្ទាប់ពីមានករណីឃុំខ្លួនលោកហុង សុខហួរ ជាប់ចោទ៣បទល្មើសកន្លងទៅនេះ លោកកឹម សុខាអនុប្រធានគណបក្សសង្គ្រោះជាតិបានចេញទៅប្រទេសអូស្ត្រាលី ហើយនៅល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥នេះផងដែរ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ក៏បានចេញទៅប្រទេសអូស្ត្រាលី ដោយលោកអះអាងថា ទៅជួបនឹងលោកកឹម សុខា ដើម្បីពិភាក្សាការងារ ។
មជ្ឈដ្ឋានទូទៅបានរិះគន់ថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលតែងតែបានយកចិត្តទុកដាក់បំផុតទៅលើបញ្ហាផែនទី និងបញ្ហាព្រំដែនចាត់ទុកជារឿងរស៊ើបមួយដើម្បីអូសទាញប្រជាប្រិយភាពរបស់ខ្លួនជាមួយនឹងប្រជាពលរដ្ឋ បែរជាបាននិរទេសខ្លួន ស្របពេលដែលផែនទីពិតប្រាកដតម្កល់នៅអង្គការសហប្រជាជាតិបានយកមកដល់កម្ពុជា ហើយមេបក្សប្រឆាំងពិតជាមានចេតនាគេចវេះក្នុងការពិនិត្យផ្ទៀងផ្ទាត់នេះ ដូច្នេះ ការក្លែងសន្ធិសញ្ញា ការបំផុសបំផុលបង្កើតឲ្យទៅជារឿងផុយស្រួយបញ្ហាព្រំដែន ដើម្បីជាការទាក់ទាញប្រជាប្រិយភាពរបស់ខ្លួន សុទ្ធតែមានចេតនា ក្នុងការក្លែង ឬក៏ជាអ្នកផ្តើមគំនិតក្នុងបទល្មើសក្លែងសន្ធិសញ្ញា ប៉ុន្តែមកទល់នឹងពេលនេះ មិនរំពឹងថា មានតែលោកហុង សុខហួរម្នាក់នោះទេ ដែលពាក់ព័ន្ធក្នុងបទល្មើសព្រហ្មទណ្ឌនេះ ប្រាកដជានឹងមាន មេបក្សប្រឆាំងជាច្រើនទៀត ៕
ដោយ៖ សុខ ខេមរា