ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានរៀបចំអបអរសាទរប្រារព្ធ”ទិវាជីវៈចម្រុះអន្តរជាតិ ឆ្នាំ២០១៧” នៅបរិវេណវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ក្រោមបរិយាកាសដ៏សែនរីករាយប្រកបដោយលទ្ធផលគួរជាទីមោទនៈ។ ការរៀបចំប្រារព្ធទិវានេះ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បាននិមន្តព្រះសង្ឃ៤អង្គ អាជ្ញាធរដែនដី មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ សរុបប្រមាណជា៤៥០នាក់។ ការលើកឡើងនូវចំណាប់អារម្មណ៍របស់លោកប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងអានសុន្ទរកថាដោយលោក ប៉េង សម្បត្តិ អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី ដែលពាក់ព័ន្ធនឹងជីវៈចម្រុះនិងទេសចរណ៍ធម្មជាតិ គឺជាការផ្តោតសំខាន់នៅក្នុងប្រធានបទនៃទិវានេះ។ ទិវានេះក៏មានការតាំងបង្ហាញពីផលិតផលធនធានធម្មជាតិ និងការអប់រំបរិស្ថាន ជាពិសេសអង្គពិធីកាន់តែមានភាពអធិកអធមនៅពេលដល់កម្មវិធីសំណួរ-ចម្លើយ ដើម្បីឆ្លើយយករង្វាន់។ កម្រងសំណួរនិង ចម្លើយចំនួន១០ ពាក់ព័ន្ធនឹងជីវៈចម្រុះនិងទេសចរណ៍ធម្មជាតិ ត្រូវបានចោទសួរទៅកាន់ប្អូនៗសិស្សានុសិស្ស និងការឆ្លើយតបនូវចម្លើយដ៏ត្រឹមត្រូវ ដែលជាការឆ្លុះបញ្ចាំងពីការយល់ដឹងរបស់ប្អូនៗសិស្សានុសិស្សចំពោះអត្ថន័យនៃជីវៈចម្រុះនិងទេសចរណ៍ធម្មជាតិប្រកបដោយនិរន្តរភាព ជាមួយនឹងសំឡេងទះដៃនិងសំណើចសប្បាយរីករាយក្នុងអង្គពិធី។
អង្គពិធីទាំងមូលបានលើកឡើងពីសារសំខាន់នៃទិវាជីវៈចម្រុះអន្តរជាតិប្រចាំឆ្នាំ២០១៧ ដែលជាការប្រារព្ធអបអរសាទរជារៀងរាល់ឆ្នាំ ហើយអង្គពិធីក៏បានថ្លែងអំណរគុណដល់អង្គការជាតិ-អន្តរជាតិ អាជ្ញាធរដែនដី ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិទាំងអស់ដែលបានគាំទ្រនិងឧបត្ថម្ភទាំងកម្លាំងកាយចិត្តនិងថវិកា ព្រមទាំងការអញ្ជើញមកចូលរួមអបអរសាទរប្រារព្ធ”ទិវាជីវៈចម្រុះអន្តរជាតិឆ្នាំ២០១៧” នៅក្នុងខេត្តមណ្ឌលគិរី ដែលញ៉ាំងឲ្យទិវានេះកាន់តែមានអត្ថន័យអប់រំ និងការចងចាំជានិច្ចនូវទឹកចិត្តស្រឡាញ់ និងការចូលរួមថែរក្សាធនធានធម្មជាតិទាំងអស់គ្នា ព្រមទាំងការចូលរួមដាំកូនឈើគ្រញូងចំនួន២០០ដើមក្នុងបរិវេណទីធ្លាវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី មុនពេលអង្គពិធីបិទបញ្ចប់៕
ដោយ៖ សហការី