បុរសៗមុននឹងយកភរិយាគួរសាកល្បងអាននូវពាក្យពេចន៍ខ្លះៗខាងក្រោមនេះបន្តិចមើល៍? «នៅលើលោកយើងនេះគ្មានស្នេហាឯណាមានទំហំធំជាងស្នេហារវាងឪពុកម្តាយមកលើបុត្រធីតានោះទេ»

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីគ្រប់រូបតែងតែថែរក្សា ខ្វល់ខ្វាយ យកចិត្តទុកដាក់បំផុតចំពោះរាងកាយរបស់ខ្លួននៅពេលដែលនាងដឹងថាខ្លួននាងឈានដល់វ័យមួយដែលគ្រប់ការ។ បើទោះបីជានាងមានរាងកាយស្រលូនក្តី រាងកាយមានសាច់មានឈាមបន្តិចក្តី តែនាងពេញចិត្តនឹងអ្វីដែលជារូបនាង ជាអ្វីដែលមាតារបស់នាងបានផ្តល់អោយនាង ហើយក៏ខិតខំថែរក្សារហូតដល់ពេលនាងបានជួបអ្នក។ ចាប់ពីពេលដែលនាងបានស្គាល់អ្នក នាងប្រាកដជាបានគិត និងមើលឃើញផ្ទាល់នឹងភ្នែក ពីភាពជាម្តាយ ជាស្រ្តីមេផ្ទះ ជាភរិយា ជាកូនប្រសារ និងអ្វីដែលសំខាន់បំផុតសម្រាប់ជីវិតនាងគឺរូបរាងកាយរបស់នាងនឹងត្រូវផ្លាស់ប្តូរដោយសារតែបុរសម្នាក់ដែលជាឪពុករបស់កុមារដែលនាងបានពរពោះជាងប្រាំបួនខែ។

ជាស្រ្តីដែលធ្លាប់តែរស់នៅជាមួយឪពុកម្តាយ ដល់ម៉ោងទៅសាលា ដល់ម៉ោងញាំបាយ មិនសូវបានធ្វើការងារផ្ទះ រាងកាយតូចច្រឡឹង ក្រអូបសាយដោយក្លិនគន្ធពិដោរ ស្លៀកពាក់រឹបរាងតាមប្រាថ្នាជាដើម នឹងត្រូវផ្លាស់ប្តូរគ្រប់យ៉ាងនៅពេលដែលអ្នកក្រាបសំពះផ្ទឹមសុំអ្នកមានគុណបង្កើតនាង ទៅរស់នៅតែពីរនាក់ជាមួយនាង។ ក្តីស្រលាញ់មួយនេះ គឺនាងហ៊ានលះបង់គ្រប់បែបយ៉ាងគឺដើម្បីតែអ្នកតែម្នាក់គត់។

នៅក្រោយពេលរៀបការរួច អ្នកនឹងមានអារម្មណ៍លើសពីមួយដងដែលថាខ្លួនស្តាយក្រោយដែលបានរៀបការ ហើយពេលខ្លះ អ្នកថែមទាំងមានទំនាក់ទំនងស្នេហាជាមួយស្រីក្មេងផ្សេងទៀតក្រៅពីប្រពន្ធរបស់អ្នក។ ស្រីក្មេងរបស់អ្នកនេះ គេស្រលាញ់អ្នកតែពេលដែលអ្នកមានលុយ មានឡានតែប៉ុណ្ណោះ ប៉ុន្តែស្រីដែលតែងតែចាំអ្នកនៅផ្ទះមិនថាយប់ថាថ្ងៃ គឺស្រលាញ់អ្នកមិនថាតែពេលអ្នកមានលុយ ឬអត់លុយ មានឡាន ឬអត់ឡានឡើយ គឺតែងតែស្រលាញ់អ្នក នៅក្បែរអ្នកពេញមួយជីវិតរបស់នាង ហើយបើទោះបីនាងដឹងថាអ្នកមានស្រីក្មេងនៅក្រៅក៏ដោយ។

cc

លើសពីនេះទៅទៀត អ្នកត្រូវដឹងថា នៅពេលដែលប្រពន្ធរបស់អ្នកមានផ្ទៃពោះ រយៈពេលនេះគឺជាពេលវេលាដែលនាងគួរអោយស្រលាញ់និងចង់ថ្នាក់ថ្នមបំផុតបើទោះបីនាងមិនស្រស់ស្អាតដូចកាលពីនាងនៅខ្លួនមួយក៏ដោយ។ រយៈពេលនេះដែល គឺជាពេលវេលាដែលពិបាកជាទីបំផុត ព្រោះនាងត្រូវរែកពុនឧបសគ្គ គ្រោះថ្នាក់គ្រប់បែបយ៉ាងដើម្បីនាំយកទេវបុត្រ ទេពធីតាជាទីស្រលាញ់របស់អ្នកមកជូនអ្នកទាំងនាងដឹងថា រាងកាយរបស់នាងនឹងត្រូវបានផ្លាស់ប្តូរ ខូចទ្រង់ទ្រាយទាំងស្រុង។ តែនាងក៏មិនរុញរាញនឹងប្រគល់ជូនអ្នកនូវអ្នកស្នងត្រកូលរបស់អ្នកដែរ។ ហេតុដូច្នេះហើយ ចូរអ្នកកុំដកដង្ហើមធំ ឬត្អូញត្អែរ ឬគេងបែរខ្នងដាក់នាងពេលឃើញប្រពន្ធរបស់អ្នកមិនស្អាតដូចស្រីក្រមុំ ឬកុំខឹងនឹងនាងពេលអ្នកគេងជិតនាងតែមិនអាចរួមដំនេកនឹងអ្នកតទៅទៀតបាន។

មួយវិញទៀត រឿងមួយដែលនាងបារម្ភបំផុតនៅក្រោយពេលរៀបការជាមួយអ្នកគឺ ទាស់សំដីជាមួយម្តាយរបស់អ្នក។ នាងមិនដែលនឹកគិតថានឹងធ្វើជាសត្រូវរបស់ម្តាយរបស់អ្នកឡើយ គឺផ្ទុយមកវិញ គឺនាងចង់ឃើញម្តាយរបស់អ្នកញញឹមរកនាងគ្រប់ពេលដែលនាងឃើញមុខគាត់។ ចូរអ្នកកុំបណ្តោយអោយអ្នកម្តាយរបស់អ្នកគិតថា ប្រពន្ធរបស់អ្នកមកដណ្តើមអ្នកពីគាត់ ព្រោះថាមនុស្សចាស់កាន់តែចាស់គឺចរិតកាន់តែដូចក្មេង ហើយថែមទាំងចិត្តច្រើន និយាយស្តីឆាប់ខឹងបំផុត។ អ្នកត្រូវតែធ្វើខ្លួនជាអាជ្ញារកណ្តាល រឹតចំនងមិត្តភាពរវាងប្រពន្ធរបស់អ្នកនិងម្តាយរបស់អ្នក។ កាយវិការនេះទើបសមជាមហាបុរសសំរាប់ភរិយារបស់អ្នក និងសំរាប់ម្តាយរបស់អ្នក។

IMG_2386-716x768

...

ជាចុងក្រោយ អ្នកត្រូវដឹងថា ស្ត្រីប្រៀបបានដូចបុប្ផាសំរាប់ស្រលាញ់ មិនមែនសំរាប់គយគន់ឬក្រេបលំអងឡើយ។ ប្រសិនបើអ្នកមិនយល់ពីន័យនេះទេ អ្នកក៏មិនមានក្តីស្រលាញ់ពិតសំរាប់នាងដែរ។ អ្នកគួរតែកុំប្រញាប់យកប្រពន្ធបើអ្នកនៅមិនទាន់យល់ន័យសេចក្តីរបស់ភាពជាស្ត្រី។ ចាំដល់ពេលអ្នកយល់ នោះវាក៏មិនយឺតពេលដែរ។ អតីតកាលបានកន្លងផុតទៅជួនក៏ល្អ ជួនក៏មិនល្អ ហើយក៏គ្មានអ្នកណាស្រវារអោបអតីតកាលដែលសោកសៅដែរ ព្រោះយើងម្នាក់មិនបានរស់នៅក្នុងអតីតកាលឡើយ។ ប្រសិនបើប្រពន្ធរបស់អ្នកមានអតីតកាលមិនគាប់ប្រសើរ អ្នកក៏មិនចាំបាច់សើរើយកមកអត្ថាធិប្បាយដែរ ព្រោះនាងមិនបានត្រលប់ទៅរស់នៅក្នុងអតីតកាលដ៏សោកសៅរបស់នាងទៀតដែរ។ បើអ្នកសម្រេចចិត្តថារៀបការជាមួយនាងហើយ នោះគឺមានន័យថា អ្នកព្រមទទួលយកអ្វីៗគ្រប់យ៉ាងដែលជារបស់នាង។ ចូរអ្នកស្រលាញ់នាងដោយក្តីមេត្តា ដោយក្តីស្រលាញ់ពិតចេញពីដួងចិត្តដូចដែលឪពុករបស់នាងស្រលាញ់នាង។ បើទោះបីជានាងមិននិយាយតបនឹងអ្នកវិញ តែក្នុងចិត្តនាងនឹងស្រលាញ់អ្នកអស់មួយជីវិត នោះគឺសេចក្តីស្រលាញ់ដែលមានទាំងការដឹងគុណ និងការគោរព ៕   ដោយ៖វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print