ប្រទេសថៃ🇹🇭៖ តុលាការកំពូលថៃ នឹងចេញសេចក្តីសម្រេច ក្រោយការស្រាវជ្រាវ ពីការធ្វេសប្រហែសរបស់អតីតៈនាយករដ្ឋមន្ត្រីថៃ លោកស្រីយីងឡាក់ស៊ីណាវ៉ាត្រា ។ លោកស្រីយីងឡាក់បានភៀសខ្លួនចេញទៅក្រៅប្រទេស កាលពីខែសីហាដោយខ្លាចតុលាការកាត់ទោសជាប់ពន្ធនាគា។
លោកស្រីយីងឡាក់ត្រូវបានធ្វើរដ្ឋប្រហារដោយយោធា ទម្លាក់លោកស្រីចេញពីតំណែងកាលពីឆ្នាំ២០១៤ ហើយត្រូវ តុលាការសើបអង្កេតរឿងជំនួយទិញ ស្រូវអង្កររបស់រដ្ឋាភិបាលកាលពីឆ្នាំ២០១១ ធ្វើឲ្យខាតថវិការរដ្ឋ រាប់សិបពាន់លានដុល្លារ។ ចំណែកលោកស្រីយីងឡាក់វិញបានបញ្ជាក់ថា លោកស្រីមិនមានកំហុសនៅក្នុងរឿងនោះឡើយ ហើយចោទប្រកាន់រដ្ឋាភិបាលយោធា ថាបានប្រើប្រាស់ហេតុការទាំងនោះទៅជា នយោបាយសម្រាប់ប្រឆាំងនិង លោកស្រីក៏ដូចជាត្រកូលស៊ីណាវ៉ាត្រា។
មេដឹកនាំស្ត្រីដំបូង របស់ប្រទេសថៃឡង់ដ៏ ត្រូវបានចោទប្រកាន់ពីបទ ធ្វេសប្រហែសក្នុងរឿងធនស្រូវអង្ករ នៅក្នុងអំឡុងពេល ដែលរដ្ឋាភិបាលលោកស្រី បានទិញ ស្រូវពីប្រជាកសិករ នៅក្នុងតម្លៃមួយខ្ពស់ជាងតម្លៃទីផ្សារ ។
ក្រុមអាជ្ញាធរថៃ បាននិយាយថា មានរឿងពុករលួយនៅក្នុងធនស្រូវអង្ករនោះ និងរឿងនេះធ្វើឲ្យខាតបង់ថវិកា របស់រដ្ឋយ៉ាងច្រើន សន្ធឹកសន្ធាប់ណាស់ ។លោកស្រី យីងឡាក់ អាចនឹងប្រឈមនឹងជាប់ពន្ធនាគារ រយៈពេលលើសពី១០ឆ្នាំ បើសិនជារកឃើញថា ពិតជាមានកំហុសមែននោះ ។
ពាក់ព័ន្ធនិងករណីរត់ភៀសខ្លួនចេញក្រៅប្រទេសដោយសុវត្ថភាព របស់លោកស្រីយីងឡាក់បើទោះមានការយាមល្បាតតឹងតែង ត្រូវបានរដ្ឋាភិបាលថៃ ចោទប្រកាន់ទៅលើកម្លាំងប៉ូលិស។ កន្លងមកឧបនាយករដ្ឋមន្រ្តីថៃ បានចោទប្រកាន់ប៉ូលិសថៃថា បានបិទបាំង ជួយនាំលោកស្រីយីងឡាក់ ស៊ីណាវ៉ាត ចេញពីទឹកដីថៃ កាលពីខែសីហាកន្លងទៅ។ នៅថ្ងៃទី២៥សីហា អតីតនាយករដ្ឋមន្រ្តី លោកស្រី យីងឡាក់បានបាត់ខ្លួន មិនទៅចូលស្តាប់សាលក្រមរបស់តុលាការកំពូល ដែលបានជំនុំជម្រះលោកស្រីពីបទធ្វេសប្រហែស នៅក្នុងកម្មវិធីឧបត្ថម្ភអង្ករដែលធ្វើឲ្យរដ្ឋាភិបាលខាតបង់សេដ្ឋកិច្ចរាប់ពាន់លានដុល្លារ។
នៅមួយខែក្រោយលោកស្រី យីងឡាក់ ស៊ីណាវ៉ាតបាត់មុខពីប្រទេស រដ្ឋាភិបាលសឹកថៃ បានចេញមុខចោទប្រកាន់ក្រុមប៉ូលិសថា បានជួយឲ្យលោកស្រីយីងឡាក់ រត់គេចចេញពីប្រទេស កាលពីខែសីហាមុន។ នៅដើមសប្តាហ៍នេះ អាជ្ញាធរថៃ បានសួរចម្លើយប៉ូលិសបីរូប បន្ទាប់ពីបានចាប់ឃាត់រថយន្ត ដែលអាជ្ញាធរជឿថា ត្រូវបានប្រើដើម្បីដឹកលោកស្រីយីងឡាក់ ទៅព្រំដែនថៃ។ គេជឿថា លោកស្រីបានប្រើប្រាស់ទឹកដីប្រទេសជិតខាងដើម្បីធ្វើដំណើរទៅប្រទេសទី៣ មុននឹងទៅដល់ទីក្រុងឌូបៃ ដើម្បីរស់នៅជាមួយ លោកថាក់ស៊ីន ដែលជាបងប្រុស។
តាមលោកប្រាវីត វង្សសុវន់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីមន្រ្តីការពារជាតិថៃ ប៉ូលិសទាំងបីរូបបានសារភាពថា ពួកគេបានទទួលបញ្ជារឲ្យលួចពង្រត់ ដឹកលោកស្រីយីងឡាក់ចេញប្រទេស។ និយាយទៅកាន់អ្នកកាសែត នៅថ្ងៃសុក្រ លោកប្រាវីត វង្សសុវន់ មិនបានបញ្ជាក់ឈ្មោះរបស់អ្នកបញ្ជានោះទេ ប៉ុន្តែ គ្រាន់អះអាងថា ជនរូបនោះ កំពុងមានវត្តមានក្នុងទឹកដីថៃ។
នៅសប្តាហ៍នេះ អនុប្រធានប៉ូលិសជាតិថៃ ទទួលស្គាល់ថា ប៉ូលិសថៃបីរូបពិតជាបានចូលរួម នៅក្នុងផែនការរត់គេចខ្លួនរបស់លោកស្រីយីងឡាក់។ ប៉ុន្តែ ពួកគេទាំងនោះនឹងមិនប្រឈមនឹងការដាក់ទោសឡើយ ព្រោះថា លោកស្រីយីងឡាក់បានលួចរត់គេចខ្លួន នៅមុនពេលតុលាការចេញដីកាចាប់ខ្លួន។
រងចោទប្រកាន់ពីបទធ្វេសប្រហែល ក្នុងកម្មវិធីឧបត្ថម្ភស្រូវអង្ករ នៅក្នុងកាលលោកស្រីធ្វើជានាយករដ្ឋមន្រ្តីថៃ លោកស្រី យីងឡាក់ត្រូវចូលទៅស្តាប់ការប្រកាសសាលក្រមរបស់តុលាការ នៅថ្ងៃទី ២៥សីហា។ ប៉ុន្តែ នៅថ្ងៃប្រកាសសាលក្រម លោកស្រីបានអវត្តមាន និងបាត់ខ្លួនរហូតដល់សព្វថ្ងៃ។ ការបាត់ខ្លួន ដ៏អាថ៌កំបាំងរបស់លោកស្រីយីងឡាក់ ធ្វើឲ្យគេជឿថា លោកស្រីបានចរចាដោយសម្ងាត់ជាមួយរបបសឹកថៃ ដើម្បី អាចរត់គេចចេញពីទឹកដីថៃ។
នៅក្រោយលោកស្រីយីងឡាក់បាត់ខ្លួនពីប្រទេស របបសឹកវិញបានអះអាង ថា ខ្លួនមិនបានដឹងថា លោកស្រីយីងឡាក់ មានផែនការរត់គេចខ្លួននោះទេ។ ការអះអាងរបស់រដ្ឋាភិបាលយោធាថៃ ពិបាកនឹងធ្វើឲ្យគេជឿ ព្រោះថា លោកស្រី យីងឡាក់ និងលំនៅឋានរបស់លោកស្រី ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការតាមដាន យ៉ាងជាប់ស្អិតរបស់ពួកយោធាថៃ ចាប់តាំងពីលោកស្រី ត្រូវបានរបបយោធាធ្វើរដ្ឋប្រហារទមា្លក់ពីតំណែងនាយករដ្ឋមន្រ្តី នៅពាក់កណ្តាលឆ្នាំ ២០១៤។
អ្នកជំនាញមួយចំនួនជឿថា របបសឹកអាចបិទភ្នែក ឬក៏បើកភ្លើងខៀវឲ្យលោកស្រីយីងឡាក់ ចាកចេញពីប្រទេស ព្រោះរបបសឹកខ្លាចថា នឹងអាចមានបាតុកម្មតវ៉ា ខ្លាំងពីសំណាក់អ្នកគាំទ្រលោកស្រី នៅក្រោយតុលាការកំពូលប្រកាសសាលក្រម ដែលនៅក្នុងនោះ លោកស្រី យីងឡាក់ អាចប្រឈមនឹងការដាក់ទោសជាប់ពន្ធនាគារ រយៈពេល ១០ឆ្នាំ។ ដោយសារតែគ្មានវត្តមានរបស់លោកស្រីយីងឡាក់ នៅក្នុងប្រទេស តុលាការកំពូលថៃ គ្រោងនឹងប្រកាសសាលក្រមកំបាំងមុខ ប្រឆាំងលោកស្រីយីងឡាក់ នៅថ្ងៃទី ២៧ កញ្ញាសប្តាហ៍ក្រោយ៕
ដោយ៖ មែវ សាធី