ជំនួយការរង​ប្រធានាធិបតីអាមេរិក៖ លោក ដូណាល់ ត្រាំ ចង់ឲ្យទំនាក់ទំនងកម្ពុជា-អាមេរិក កាន់តែល្អប្រសើរជាងពេលបច្ចុប្បន្ន

ចែករំលែក៖

ប្រទេសហ្វីលីពីន៖ លោក Matthew Pottinger ជំនួយការរង​ប្រធានាធិបតី និងនាយក​ជាន់ខ្ពស់ទទួលបន្ទុកកិច្ច​ការអាស៊ី​នៃ​ក្រុម​ប្រឹក្សាសន្តិសុខជាតិ​នៃសហរដ្ឋអាមេរិកបានថ្លែងថា ប្រធានាធិបតីទី៤៥របស់អាមេរិក គឺលោក ដូណាល់ ត្រាំ ចង់ឃើញទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក កាន់តែល្អប្រសើរជាងពេលបច្ចុប្បន្ន។

ការថ្លែងបញ្ជាក់បែបនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧។

ជំនួបប្រកបដោយលទ្ធផលជាវិជ្ជមានបានកើតមានតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងដោយត្រង់ៗនៅចំពោះមុខលោក ដូណាល់ ត្រាំ បង្ហាញការគាំទ្របន្ទាត់នយោបាយមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃរបស់លោក ដូណាល់ ត្រាំ ព្រមទាំងបានបង្ហាញពីបញ្ហាមួយចំនួន ដែលកម្ពុជា ក៏ដូចជាប្រទេសដទៃរងគ្រោះដោយការជ្រៀតជ្រែកនៃនយោបាយរបស់អាមេរិក កាលពីពេលកន្លងទៅ។

ក្នុងជំនួបប្រកបដោយបរិយាស្និទ្ធស្នាលនោះ លោកទេសរដ្ឋមន្ត្រី ក៏បាន​គូសបញ្ជាក់​ពី​សុឆន្ទៈ​របស់​ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការចង់​ឲ្យ​មាន​ទំនាក់ទំនង​ល្អជាមួយ​អាមេរិកដោយ​ឈរ​លើ​​មូលដ្ឋាននៃការ​​គោរពគ្នាទៅវិញទៅមក​ ការគោរព​ឯករាជ្យ អធិបតេយ្យភាព និង​គោលការណ៍មិន​ជ្រៀតជ្រែកចូលកិច្ច​ការផ្ទៃក្នុងរបស់​កម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានគូសបញ្ជាក់ថា ក្នុងជំនួបនោះភាគីទាំងសងខាង​បាន​សម្តែង​នូវ​បំណង​ និង​សេចក្តីសង្ឃឹម​រួម​ក្នុង​ការពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរនា​អនាគតខាងមុខ។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងផងដែរថា ក្នុងជំនួបនោះលោកទេសរដ្ឋមន្ត្រី បានរំលឹក​ឡើងវិញ​នូវកិច្ច​សន្ទនា​របស់លោក ជាមួយ​នឹង​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សន្តិសុខមាតិភូមិ និង​ក្រសួងការបរទេស​អាមេរិក ទាក់ទង​នឹង​ការពង្រឹងទំនាក់ទំនង​ទេ្វភាគី​ កិច្ច​សហប្រតិបត្តិការ​លើការ​ធ្វើ​មាតុភូមិនិវត្តជនជាតិ​ខ្មែរ​ត្រឡប់​មកកម្ពុជា​ និងការ​គោរពឯករាជ្យភាព អធិប​តេយ្យ​ភា​ព និង​ការ​មិនជ្រៀតជ្រែក​ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

លោកទេសរដ្ឋមន្ត្រី ក៏បាន​សម្តែង​នូវការ​ខកចិត្តសារជាថ្មី​ចំពោះការរិតត្បិតផ្នែក​ទិដ្ឋាការ​ ទោះបី​ជាការពិត ​កម្ពុជា​បាន​ជូនដំណឹង​ជា​ផ្លូវការ​រួចទៅហើយ​ទៅសហរដ្ឋអាមេរិក​អំពី​ការសម្រេច​ចិត្ត​របស់ខ្លួន​ក្នុង​ការ​បន្ត​ទទួល​យក​ពលរដ្ឋខ្មែរ​ដែល​ត្រូវបាន​បណ្តេញចេញ​។ ប្រមុខការទូតកម្ពុជា ក៏បានពន្យល់​​ភាគី​អាមេរិក​អំពី​មូលហេតុ​មនុស្សធម៌ មេត្តាធម៌ ដែល​នាំ​អោយ​កម្ពុជា​ស្នើ​ធ្វើ​វិសោធនកម្ម​លើ​អនុស្សារណៈកន្លង​ទៅ។

ឆ្លើយតបបញ្ហានេះ លោក Matthew Pottinger បានបញ្ជាក់ថា ការរិតត្បិត​ផ្នែកទិដ្ឋាការ​នេះ គឺជាការសម្រេច​មួយ​ដែល​អាច​​ប្រែក្រឡះវិញបាន​ ហើយ​ស្នើ​ឲ្យ​កម្ពុជា​បន្ត​ធ្វើការ​ថែមទៀត​ជាមួយ​ក្រសួង​សន្តិសុខ​មាតុភូមិ​ ដើម្បីបង្ហាញ​ពី​សុឆន្ទៈរបស់កម្ពុជា​។

ព្រមជាមួយ​នេះ លោក​ Pottinger ក៏បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ទាក់ទង​នឹង​ការវិវត្ត​ចុងក្រោយ​នេះ ​នៅកម្ពុជា ពាក់ព័ន្ធ​នឹង​សេរីភាពសារព័ត៌មាន​ អង្គការ NDI និង​សង្គមស៊ីវិល​ ក៏ដូចជាគណបក្ស​ប្រឆាំង។

ឆ្លើយតប​នឹង​ការ​ព្រួយ​បារម្ភទាំងនេះ លោកទេសរដ្ឋមន្ត្រី បាន​ពន្យល់ដោយ​លំអិត​អំពី​សភាព​ការណ៍​ថ្មីៗនេះ​នៅកម្ពុជា​ ជាពិសេសលើ ១) ករណីការឃុបឃិត​របស់​លោក កឹម សុខា​ ​ប្រធាន​គណបក្សប្រឆាំង​ជាមួយ​នឹង​បរទេស​​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់របស់កម្ពុជា ២) សេរីភាពសារព័ត៌មាន និងករណី​កាសែត The Cambodia Daily និង ៣) បញ្ហា​អង្គការ NGOs និង​អង្គការNDI ដោយ​សង្កត់ធ្ងន់ថា បញ្ហា​ទាំងនេះសុទ្ធតែជាការអនុវត្ត​​ការពង្រឹងនីតិរដ្ឋសុទ្ធសាធ។

លោកទេសរដ្ឋមន្ត្រី បាន​ពន្យល់ដល់​ភាគីអាមេរិកថា ករណីកាសែត The Cambodia Daily គឺ​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ច្បាប់​ស្តីពីពន្ធដារសុទ្ធសាធ។ លោកទេសរដ្ឋមន្ត្រី បាន​លើកឡើងថា នៅកម្ពុជា​មាន​កាសែតជាភាសាអង់គ្លេស៣ គឺ The Cambodia Daily, Phnom Penh Post និងKhmer Times។ នៅពេល​ដែលកាសែត Phnom Penh Post និង Khmer Times បង់ពន្ធត្រឹមត្រូវ​ កាសែត The Cambodia Daily មិនគោរពច្បាប់ពន្ធដារ ហើយ​បែរជាសម្រេច​បិទអាជីវកម្ម​ដោយ​ខ្លួនឯងទៅវិញ។ ពាក់ព័ន្ធនឹង​ឯករាជ្យភាពរបស់កាសែត លោកទេស រដ្ឋមន្ត្រី បាន​បកស្រាយថា ឯករាជ្យភាព​មិន​មែន​ជាសិទ្ធិ​ដើម្បី​អោយ​រួច​ពន្ធនោះទេ ហើយ​នៅស្រុក​ខ្មែរ​មាន​សារព័ត៌មាន​បោះពុម្ពផ្សាយជាង ៨០០ សារព័ត៌មាន​តាមអ៊ីនធើនេត ៧០ ស្ថានីយ៍​ទូរទស្សន៍​ ២២ ស្ថានីយ៍វិទ្យុ ៣៣០ និងសមាគមអ្នកកាសែត ៣៨។

លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ចោទជាសំណួរថា ក្នុង​ស្ថានភាពបែបនេះ តើ​ការ​ឈប់​ដំណើរ​ការ​របស់​កា​សែត​​មួយ អាច​​ប៉ះពាល់​ដល់​សេរីភាពខាងសារព័ត៌មានយ៉ាង​ម៉េចទៅកើត ? កម្ពុជាតែង​​ត្រូវបាន​ចាត់ថ្នាក់ដោយអ្នករាយការណ៍គ្មានព្រំដែន (Reporters Sans Frontieres) ក្នុងលំដាប់​ទី ១ លើ​សេរីភាពខាងសារព័ត៌មាន​ក្នុង​ចំណោម​ប្រទេស​សមាជិកអាស៊ានទាំង ១០។

សម្រាប់អង្គការNDIវិញ ត្រូវបានប្រមុខការទូតកម្ពុជា គូសបញ្ជាក់ថា គឺជា​អង្គការ​ក្រៅរដ្ឋាភិបាល​អន្តរជាតិ​ដែល​មាន​កាតព្វកិច្ច​ចុះបញ្ជី​និងចុះអនុស្សារណៈ​ជាមួយ​ក្រសួង​ការបរទេស​ ប៉ុន្តែ អង្គការ​នេះ​មិន​ដែល​គោរពបញ្ញាត្តិនេះទេ ទាំងមុន​ពេល និង​ក្រោយ​ពេល​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​ក្រៅរដ្ឋាភិបាល​ចូលជាធរមាន។ រាជរដ្ឋាភិបាល​ពុំ​មាន​ជម្រើសអ្វីផ្សេង​ក្រៅពី​សម្រេច​បញ្ចប់​សកម្មភាពអង្គការនេះ​ទេ។

ចំពោះករណី​លោក កឹម សុខា វិញ ត្រូវបានប្រមុខការទូតកម្ពុជាប្រាប់មន្រ្តីជាន់ខ្ពស់អាមេរិក គឺជាការអនុវត្ត​ដោយ​ត្រឹមត្រូវ និងហ្មត់ចត់​តាមច្បាប់​ជាធរមាន (មាត្រា ៨០ នៃរដ្ឋធម្មនុញ្ញ មាត្រា ១២ នៃ​ច្បាប់ស្តីពី​លក្ខន្តិកៈ​អ្នកតំណាងរាស្ត្រ មាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ) និង​ដើម្បីការពារ​ឯករាជ្យ​ អធិបតេយ្យភាព ទល់នឹង​ការ​ជ្រៀតជ្រែក​ចូលកិច្ច​ការ​​ផ្ទៃក្នុង​ពី​មជ្ឈ​ដ្ឋាន​​ខាងក្រៅផង និង​ដើម្បីការពារ​សន្តិភាព ស្ថិរភាព និង​ផល​ប្រយោជន៍​បរទេសជាតិ និង​ប្រជាជនផង។

លោកទេសរដ្ឋមន្ត្រី បាន​បញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាល​បាន​ចាត់វិធានការខាងលើ​នេះ​ផ្អែកលើ ភស្តុតាងច្បាស់លាស់ ដែល​ត្រូវបាន​បញ្ជូន​ទៅ​តុលាការ​រួចស្រេច ហើយ​ដែល​បង្ហាញ​ពីភាពជាក់លាក់​ពិតប្រាកដ​នៃ​បទល្មើស។​

លោកទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ផង​ដែរ​ពីការ​ប្តេជ្ញាចិត្ត​របស់រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​រៀបចំ​ការ​បោះឆ្នោតថ្នាក់ជាតិ​នៅឆ្នាំ ២០១៨ អោយ​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​អាចជឿទុកចិត្តបាន​ ដូច​ការ​​រៀបចំ​បោះឆ្នោតឃុំ​សង្កាត់​កន្លងទៅថ្មីៗនេះ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print