ផ្ទៃដីស្រូវប្រាំងកំពុងខ្វះទឹកស្រោចស្រព ប្រមាណ ៨៥៦ ហិកតា ស្ថិតក្នុងឃុំបឹងដោល និងឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង ព្រៃវែង៖ ផ្ទៃដីស្រូវប្រាំងកំពុងខ្វះទឹកស្រោចស្រព ប្រមាណ ៨៥៦ ហិកតា ស្ថិតក្នុងឃុំបឹងដោល និងឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង ត្រូវបានក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយលោកស្រីរដ្ឋលេខាធិការ សេង វណ្ណសាយ សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ចុះជួយអន្តរាគមន៍សង្គ្រោះ។
លោក ជុំ សុភី ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានឱ្យដឹងថា ប្រភពទឹកសម្រាប់ផ្គត់ផ្គង់ផ្ទៃដីស្រូវប្រាំងនៅតំបន់នេះ គឺយើងទាញយកពីអាងទឹកពោធិ៍បូរី តាមរយៈប្រឡាយមេបុស្សរលួយ ដែលមានប្រវែង ៦.២០០ម៉ែត្រ មកស្រោចស្រព ។ លោកប្រធានមន្ទីរ បានបន្តថា ដោយស្ថានភាពទឹកទន្លេមេគង្គឆ្នាំនេះតូច ពុំបានធ្វើឱ្យទឹកទន្លេតូច (ដៃទន្លេមេគង្គ) ជន់ឡើងចូលក្នុងអាងដូចបណ្តាឆ្នាំកន្លងទៅទេ ។
ចំណែកលោកស្រី សេង វណ្ណសាយ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដែលកំពុងដឹកនាំការងារនេះ បានថ្លែងឱ្យដឹងថា បច្ចុប្បន្នទឹកក្នុងអាងពោធិ៍បូរីមានកម្រិតទាបពេក ទឹកមិនអាចហូរចូលប្រឡាយមេបុស្សរលួយបានទេ ។ ជាដំណោះស្រាយចំពោះមុខ ក្រុមការងាររបស់លោកស្រី បានប្រើប្រាស់ម៉ាស៊ីនបូមទឹកខ្នាតធំ ប្រភេទ ៦៥ សេស ចំនួន ០១ គ្រឿង បូមបន្តទម្លាក់ចូលប្រឡាយ ដើម្បីនាំទឹកមកស្រោចស្រោចស្រូវប្រាំងរបស់ប្រជាកសិករដែលទើបព្រោះរួច ហើយកំពុងត្រូវការទឹកជាចាំបាច់ទាំងនេះ។
លោកស្រីរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា ទន្ទឹមនឹងនោះ ក្រុមការងាររបស់លោកស្រី ក៏កំពុងរៀបចំតម្លើងម៉ាស៊ីនប្រភេទ ៦៥ សេស ចំនួន ០២ គ្រឿង ទៀត ដើម្បីបូមយកទឹកពីទន្លេតូចមកបំពេញអាងទឹកពោធិ៍បូរី ផងដែរ ។