ភ្នំពេញ៖ នៅល្ងាចថ្ងៃ អាទិត្យ ៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានជាតិលើកទី២ ដែលមានអ្នកចូលរួមប្រមាណ ៣,៤០០នាក់ ក្នុងនោះមានមន្រ្តី និងអ្នកនាំពាក្យក្រសួងព័ត៌មានជាច្រើនរូបចូលរួមផងដែរនៅមជ្ឈមណ្ឌលសន្និបាតនិងពិពរណ៌កោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយយ៉ាងខ្លាំងដែលបាន អញ្ជើញមកជួបជុំសំណេះសំណាលជាមួយបងប្អូនកូនក្មួយជាអ្នកសារព័ត៌មានជាតិ គោលបំណងដើម្បី ស្វែងយល់អំពីសុខទុក្ខផ្ទាល់របស់បងប្អូនអ្នកសារព័ត៌មាន និងបានផ្តល់នូវ អនុសាសន៍ល្អៗ ដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មានអោយបានល្អត្រឹមត្រូវតាមក្រមសីលធម៍ច្បាស់លាស់ដើម្បីបំរើសង្គមជាតិឲ្យកាន់តែរីកចម្រើន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា បច្ចុប្បន្ននេះវិស័យសារព័ត៌មានកំពុងមានការីកចម្រើនយ៉ាងខ្លាំង។ ដើម្បីផលិតព័ត៌មានឲ្យបានល្អ អ្នកសារព័ត៌មានទាំងអស់ត្រូវយល់ដឹងឲ្យបានច្បាស់នូវរឿងរ៉ាវពិតដែលបានកើតមានឡើងក្នុងសង្គម ជាពិសេសត្រូវសរសេរព័ត៌មានទាំងល្អ និងមិនល្អដើម្បីចូលរួមធ្វើការកែលម្អក្នុងន័យស្ថាបនាអភិវឌ្ឍន៍សង្គមឲ្យរីកចម្រើន។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ហាមដាច់ខាតចំពោះសារព័ត៌មានមួយចំនួន ដែលផ្សាយព័ត៌មានគ្មានប្រភពច្បាស់លាស់ ហើយគំរាមកំហែង (ម៉ាហ្វា) ជំរិតទារប្រាក់ ពិសេសដូចជាការផ្សាយទាក់ទងពីបទល្មើសព្រៃឈើជាដើម។ ត្រូវធ្វើជាអ្នកសារព័ត៌មានដែលពិតប្រាកដ កុំធ្វើជាសារព័ត៌មានក្លែងក្លាយផ្សាយព័ត៌មានមិនពិតធ្វើឲ្យប៉ះពាល់ដល់សង្គមជាខ្លាំង។ សូមអ្នកនិយាយព័ត៌មានកុំតាំងខ្លួនជាចៅក្រមកាត់សេចក្តី ត្រូវនិយាយអ្វីពិតដែលមានប្រភពច្បាស់លាស់ មិនត្រូវអារកាត់ដោយខ្លួនឯងឡើយ ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ផងដែរថា ថ្នាក់ដឹកនាំ និងអ្នកសារព័ត៌មានតែងតែមានទំនាក់ទំនងគ្នា ពីព្រោះត្រូវផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមកតាមរយៈក្រុមជំនួយការ ឬទីប្រឹក្សា។ សូមអ្នកនាំពាក្យតាមស្ថាប័នក្រសួងត្រូវពង្រឹងសម្ថភាពរបស់ខ្លួន ត្រូវមានចំនេះដឹងច្បាស់លាស់ត្រឹមត្រូវក្នុងការផ្តល់ព័ត៌មាន។ អ្នកសារព័ត៌មានត្រូវស្វះស្វែងខិតខំយកព័ត៌មានដោយខ្លួនឯង កុំយកព័ត៌មានពីគេមកផ្សាយដោយគ្មានប្រភពច្បាស់លាស់ ឬពត៌មានផ្អូម។
សម្តេចតេជោ ហ៊ុន សែន បានសំណូមពរដល់ស្ថាប័នសារព័ត៌មានទាំងអស់នូវចំនុចសំខាន់ៗមួយចំនួនដូចជា:
១)ស្ថាប័នព័ត៌មានទាំងអស់ ត្រូវដើរតួនាទីជាស្ថាប័នព័ត៌មានពិត គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមជាតិពិតប្រាកដ។ សូមកុំឲ្យកញ្ចក់នោះជាកញ្ចក់ដែលបែកធ្លុះផ្សាយព័ត៌មានមិនពិតពីសង្គម។
២) ស្ថាប័នព័ត៌មានរដ្ឋ និងឯកជនត្រូវផ្សព្វផ្សាយព័ត៌មានពិតជាមួយនឹងការពន្យល់ច្បាស់លាស់ទៅប្រជាពលរដ្ឋអោយបានយល់ជ្រួលជ្រាបអំពីទិសដៅនិងគោលបំណងរបស់រាជរដ្ឋាភិបាល។
៣)ស្នើអោយសារព័ត៌មានត្រូវចេះចូលរួមជួយរិះគន់ដើម្បីស្ថាបនារាល់កំហុសឆ្គង និងផែនការដែលបានដាក់ចេញ នៃក្រសួងស្ថាប័ននានា ដើម្បីធ្វើការកែលំអរ។ មិនមែនរិះគន់ដើម្បីតែជាន់ពន្លិចនោះទេ។ សម្តេចតេជោ ក៏ចង់ឲ្យអ្នកសារព័ត៌ជាតិមានក្លាយទៅជាអ្នកវិភាគផងដែរចំពោះព្រឹត្តិការណ៍ក្រៅប្រទេស ពីព្រោះកន្លងមកមានបរទេសគេវិភាគ និងផ្សាយពីកម្ពុជាផងដែរ។
៤) កុំធ្វើជាអ្នកសារព័ត៌មានសម្រាប់តែជម្រិតទាលុយពីគេ។
៥) ត្រូវធ្វើនិងផ្សព្វផ្សាយព័ត៌មានឲ្យរហ័សទាន់ពេលវេលា កុំអោយព័ត៌មានយឺត (ព័ត៌មានផ្អូម)។
៦)ត្រូវជ្រើសរើសម៉ោងផ្សាយណាមួយដែលគេចង់មើល ចៀសវាងផ្សាយនៅថ្ងៃ សុក្រ សៅរ៍ ឬថ្ងៃអាទិត្យ ដែលគ្មានអ្នកចង់មើល។
នៅចុងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជូនពរដល់បងប្អូនកូនក្មួយជាអ្នកសារព័ត៌មានទាំងអស់គឺទាំងរួមទាំងអ្នកសរសេររិះគន់ ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា និងបានសប្បាយរីករាយក្នុងការបរិភោគអាហារសាមគ្គីនាពេលរាត្រីយប់នេះ៕
ដោយ៖ សុខ ខេមរា