ភ្នំពេញ៖ បន្ទាប់ពីមានព័ត៌មានប្រពន្ធនាយក្តីសុំលែងលះប្តីព្រោះប្រចណ្ឌនឹងនាយចឺម ស្រាប់តែពេលនេះភរិយាលោក ឈុន សុវណ្ណភក្តីហៅនាយក្តីចេញមុខប្រតិកម្ម និងបញ្ជាក់ជុំវិញដំណឹងមួយនេះ។ ភរិយាលោកបានច្រានចោលការលើកឡើងខាងលើនេះហើយមូលហេតុនៅពីក្រោយការលែងលះគឺរស់នៅមិនចុះសម្រុងនឹងគ្នា។
គេចាំបានថាលោកឈុន សុវណ្ណភក្ដី វ័យ២២ឆ្នាំ បានចូលរោងការ ជាមួយអ្នកនាងម៉ែន ចេតនីត វ័យ២៥ឆ្នាំដែលជាកូនស្រីអ្នកជំនួញទ្រព្យស្តុកកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ នៅបុរីវិមានភ្នំពេញ ក្រោយពីពួកគេស្វែងយល់ចិត្តគ្នាអស់មួយរយៈពេល។ ដំណឹងលើកឡើងថាអតីតភរិយាតារាសម្តែង និងចម្រៀងលោក ឈុន សុវណ្ណភក្តីបានសុំលែងលះ ព្រោះតែប្រចណ្ឌខ្លាំងនឹងនាយចឺម។ ដំណឹងនេះបានលេចសុះសាយពេញចង្កោមអ្នកសិល្បៈ ដែលនិយាយពីមាត់មួយទៅមាត់មួយ និងក្រោយពីមានការចំអន់ថានាយចឺម និងនាយក្តីជាគូស្នេហ៍។
នៅលើគណនីយហ្វេសប៊ុកឈ្មោះ«Norng Ray» ដែលត្រូវបានគេដឹងជាគណនីយហ្វេសប៊ុករបស់អតីតភរិយា លោក ឈុន សុវណ្ណភក្តី បានបញ្ចេញប្រតិកម្មដោយសរសេរថា អ្នកនាងមិនបានលែងលះអតីតស្វាមីព្រោះតែប្រចណ្ឌនឹងនាយចឺមនោះទេ ហើយអ្នកនាងគឺជាអ្នកទាមទារលែងលះអតីតស្វាមី។ការបញ្ចេញប្រតិកម្មនេះបានធ្វើឡើងក្រោយដំណឹងបែកស្នេហ៍ថៅកែផលិតកម្មនេះបានរីកសាយកាន់តែខ្លាំងក្នុងចង្កោមអ្នកសិល្បៈ និងមហាជនទូទៅ។ អ្នកនាងបន្តលើកឡើងបែបឌឺដងថានៅពីក្រោយការលែងលះព្រោះតែចរិកប្តីនាងបានមួយចប់តែម្តង ហើយការប្តឹងលែងលះនេះចាប់តាំងពីខែតុលាឆ្នាំមុនមកម្ល៉េះពោលគឺក្រោយពេលនាងមានផ្ទៃពោះ៣ខែ។ នាងបកស្រាយដែរថាក្រោយរួមរស់ជាមួយគ្នាបានជាងពីរឆ្នាំនាងបន្សល់ទុកចំណងដៃកូនប្រុសស្រីពីរនាក់មិនមែនតែមួយទេ ហើយពេលនេះកូនទាំងពីនៅក្រោមការចិញ្ចឹមបីបាច់ពីនាងផ្ទាល់ដោយសុខចិត្តមិនទទួលអាហារកិច្ចពីអតីតស្វាមីក្រោយលែងលះ។ នាងលើកឡើងថាប្រសិនបើនាងប្រចណ្ឌប្តីជាមួយនាយចឺមមែនមានតែជាមនុស្សឆ្កួតដែលទៅប្រចណ្ឌប្តីនឹងមនុស្សប្រុសដូចគ្នា ហើយនាងក៏មិនចង់ឲ្យកូនទាំងពីរអត់ឪហៅនោះដែរ
ជាមួយគ្នានេះលោកឈុន សុវណ្ណភក្តីបានចេញមុខបញ្ជាក់ដែរថា លោកនិងនាយចឺមមិនមានចំណងទាក់ទងស្នេហាភេទដូចគ្នាដូចការលើកឡើងនោះទេ។ លោកថាបញ្ហាទាំងអស់កើតឡើងដោយសារតែភាពមិនចុះសម្រុង នឹងគ្នាទើបសម្រេចជ្រើសយកផ្លូវលែងលះ ដើម្បីកុំឲ្យមានភាពឈឺចាប់ទៅថ្ងៃក្រោយ។
គួររំលឹកដែរថានាយក្តីដែលពួកគេកន្លងមកបានស្បថថាបានយកគ្នាជាបងប្អូនធម៌គឺនាយចឺម ស្របពេលដែលឪពុកម្តាយរបស់នាយក្តីបានស្រលាញ់ នាយចឺមរហូតដល់ថ្នាក់ទិញរថយន្តទំនើប តម្លៃជាង៧ម៉ឺនដុល្លារអាមេរិកឲ្យរួមទាំងជួយជំរុញលើកទឹកចិត្តឲ្យពួកគេរកស៊ីរួមគ្នាផងដែរ៕
ដោយ វឌ្ឍនា