លោក ស៊ិុន វុទ្ធី ដឹកនាំក្រុមការងារក្រសួង ចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវនៅក្នុងខេត្តតាកែវ

ចែករំលែក៖

ខេត្តតាកែវៈ លោក ស៊ិុន វុទ្ធី អគ្គនាយកកិច្ចការរដ្ឋបាល ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៥ បានដឹកនាំក្រុមការងារក្រសួង ចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវនៅក្នុងខេត្តតាកែវ ។
លោក ស៊ិន វុទ្ធី អគ្គនាយកកិច្ចការរដ្ឋបាល ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងថា គិតមកដល់ពេលនេះ ប្រជាកសិករនៅក្នុងខេត្តតាកែវ បានធ្វើការដាំដុះស្រូវរដូវវស្សាបានសរុបចំនួន ១៩៣.៨០០ ហិកតា ស្មើនឹង ១១៤ភាគរយ នៃផែនការ និងកំពុងបន្តដាំដុះស្រូវរដូវប្រាំងជាបណ្តើរៗ ដោយសម្រេចបាន ៣.៧៥០ ហិកតា ស្មើនឹងប្រមាណ ៥ភាគរយ នៃផ្ទៃដីដែលបានគ្រោងទុក ចំនួន ៧៥.០០០ ហិកតា ។ 
លោក ស៊ិន វុទ្ធី បានបន្តថា ចំពោះស្ថានភាពទឹកសម្រាប់បម្រើដល់ការងារបង្កបង្កើនផលស្រូវប្រាំង ក្នុងខេត្តតាកែវ គឺយើងនៅមានបញ្ហាលើផ្ទៃដីប្រមាណ ៥០០ ហិកតា ស្ថិតក្នុងសង្កាត់រការក្រៅ ក្រុងដូនកែវ និងឃុំស្រងែ ស្រុកទ្រាំង ដែលមានប្រភពទឹកពីអាងទឹកដងខ្ញម ។ ឆ្លើយតបទៅនឹងបញ្ហានេះ លោករដ្ឋមន្ត្រី លឹម គានហោ បានបញ្ជាជាបន្ទាន់ ឱ្យក្រុមការងារនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ចុះអន្តរាគមន៍បូមយកទឹកពីទន្លេបាសាក់មកបំពេញអាងទឹកដងខ្ញមនេះ ។ បច្ចុប្បន្នក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ បាន និងកំពុងប្រើប្រាស់ម៉ាស៊ីនបូមទឹកខ្នាតមធ្យម (កម្លាំង ៦៥សេះ) ចំនួន ០២ គ្រឿង និងកំពុងរៀបចំតំឡើងបន្ថែម ចំនួន ០៤ គ្រឿងទៀត ដើម្បីបូមបំពេញអាងទឹកនេះឱ្យបានទាន់ពេលវេលា ។ លោកអគ្គនាយកកិច្ចការរដ្ឋបាល បានបន្ថែមថា នៅពេលអាងទឹកដងខ្ញមមានទឹកពេញហើយនោះ ទឹកសម្រាប់ផ្គត់ផ្គង់ទាំងស្រូវវស្សា និងស្រូវប្រាំង នៅក្នុងខេត្តតាកែវ ទាំងមូល គឺលែងមានបញ្ហាទៀតហើយ ។ 

    
    
    
    
   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print