មន្ត្រីសន្តិសុខ រដ្ឋKentucky អាមេរិក បានឲ្យដឹងថា៖ កាលពីថ្ងៃទី១១ខែកុម្ភៈ ក្រុមប៉ូលិសទទួលបាន ការហៅទូរស័ព្ទ ស្តីពីការបាញ់ប្រហារដោយកាំភ្លើង ស្ថិតនៅ ក្នុងផ្ទះមួយជាយក្រុង Paintsville បណ្តាលឲ្យមានអ្នកស្លាប់៥នាក់ ។
តាមការប្រកាស របស់ប៉ូលិសក្នុងតំបន់បានឲ្យដឹងថា៖ ហេតុការណ៍ខាងលើកើតឡើងនៅថ្ងៃទី១១ខែកុម្ភៈនៅពេលប៉ូលិសទៅដល់ ក៏ឃើញសាកសពពីរនាក់ដេកស្លាប់នៅក្នុងត្លុកឈាម ។នៅពេលដែលប៉ូលិសកំពុងតែស្វែងរក ជនដៃដល់ ក៏មានទូរស័ព្ទបន្ទាន់ ស្តីពីការបាញ់ប្រហារមួយកន្លែងផ្សេងទៀត នៅខុនដូស្ថិតនៅក្នុងតំបន់ Paintsville ។ នៅទីកន្លែងបាញ់ប្រហារលើកទីពីរ ប៉ូលិសក៏បានរកឃើញសាកសព៣នាក់ ក្នុងនោះមានជនដៃដល់ម្នាក់។
ប៉ូលិសបានកំណត់អត្តសញ្ញាជនដៃដល់ឈ្មោះ Joseph Nickell ប៉ុន្តែប៉ូលិសមិនបានផ្តល់ព័ត៌មានលម្អិតស្តីពី អត្តសញ្ញាណជនដៃដលនិងជនរងគ្រោះនោះឡើយ។
ហេតុការណ៍បាញ់ប្រហារខាងលើកើតឡើងក្រោយរយៈពេល២សប្តាហ៍ មានការបាញ់ប្រហារនៅក្នុងសាលារៀនក្នុងរដ្ឋនេះដែរ បណ្តាលឲ្យសិស្សពីរនាក់ ស្លាប់ និង ១៦នាក់រងរបួស ហើយជនដៃដល់ជាសិស្សដូចគ្នា។
តាមតួរលេខស្តីពីអំពើហឹង្សាពាក់ព័ន្ធនិង កាំភ្លើងនៅអាមេរិក បានបង្ហាញពីតួរលេខមួយបង្ករក្តីបារម្ភយ៉ាងខ្លាំង ដោយនៅក្នុង១ថ្ងៃ មានពលរដ្ឋ អាមេរិកស្លាប់៩០នាក់ស្លាប់ ដោយបាញ់ប្រហារ ។ ការចេញច្បាប់ គ្រប់គ្រងអាវុធនៅអាមេរិកគឺជាប្រធានបទ ក្តៅជាច្រើនឆ្នាំកន្លងមក។
បច្ចុប្បន្ន ការទិញ លក់ អាវុធ នៅអាមេរិក កើតឡើងគ្រប់ទិសទី បើទោះបីតំបន់មួយចំនួន ដែលលក់អាវុធស្រប់ច្បាប់ បានត្រួតពិនិត្យ ប្រវត្តរូប និង បញ្ហាសុខភាព ទើបអនុញ្ញាតឲ្យទិញ។
កាលពីជំនន់អតីតប្រធានាធិបតីអូបាម៉ា លោកបានស្នើរឲ្យមានការ អនុម័តទៅលើច្បាប់គ្រប់គ្រងអាវុធ នៅអាមេរិក ដើម្បីកាត់បន្ថយ អ្នកស្លាប់ដោយអំពើហឹង្សាពាក់ព័ន្ធនិងអាវុធ ប៉ុន្តែគឺបរាជ័យទាំងអស់ដោយសារតែគណបក្ស សាធារណរដ្ឋ មានសម្លេង ភាគច្រើននៅក្នុងសភា មិនព្រមអនុម័តច្បាប់ខាងលើ៕
ដោយ៖ មែវ សាធី