ខេត្តសៀមរាប៖ ទីតាំងល្បែងស៊ីសង ប្រភេទហ្គេមបាញ់ត្រីដុះស្លែខុសច្បាប់មួយកន្លែងត្រូវបានកម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បង្ក្រាប ឃាត់ខ្លួនបាន៤នាក់ យកមកធ្វើការអប់រំ ចំណែកម្ចាស់ទីតាំងរត់គេចខ្លួនបាត់។
ប្រតិបត្តិការបង្រ្កាបទីតាំងហ្គេមបាញ់ត្រីគ្មានច្បាប់នេះធ្វើឡើងកាលវេលាម៉ោង២២និង៣០នាទីយប់ថ្ងៃទី៣១ខែតុលាឆ្នាំ២០១៥ស្ថិតនៅចំនុចផ្សារអង្គរដ្រេត ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយលោកវរសេនីយឯក ស្រី យ៉ូរ៉ា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ។
លោកវរសេនីយឯក ស្រី យ៉ូរ៉ា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបានប្រាប់នៅព្រឹកថ្ងៃទី០១ខែវិច្ឆិការនេះថា ដោយយោងតាមបទបញ្ជារបស់លោក ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឱ្យកម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត ចុះបង្រ្កាបករណីហ្គេមបាញ់ត្រីគ្មានច្បាប់ខាងលើ ។
លោកបន្តថា ក្រោយពីធ្វើការចុះបង្ក្រាបរហូតឈានដល់ធ្វើការឃាត់ខ្លួនបានអ្នកញៀនល្បែងហ្គេមបាញ់ត្រីចំនួន៤នាក់រួចកម្លាំងជំនាញបាននាំខ្លួនអ្នកទាំងនោះនិងវត្ថុតាងយកមកការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តដើម្បីធ្វើការសួរនាំ ។
លោកបន្តទៀតថា អ្នកញៀនល្បែងដែលឃាត់ខ្លួនបាន ចំនួន៤នាក់ក្នុងនោះមានទី១/ឈ្មោះ ខុម មន្នីរ័ត្ន ភេទប្រុសអាយុ២១ឆ្នាំ មុខរបររត់រឺម៉ក រស់នៅភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប និងទី២/ ឈ្មោះ ស៊ុយ ម៉េង ភេទប្រុស អាយុ ៤០ឆ្នាំមុខរបរលក់គ្រឿងភ្លើង រស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាបនិងទី៣/ឈ្មោះ ប៉ាង សុវណ្ណារិទ្ធ ភេទប្រុសអាយុ២៨ឆ្នាំមុខរបរជាងភ្លើង ស្នាក់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងទី៤/ឈ្មោះ គុយ ជុំ ភេទប្រុសអាយុ១៨ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុនហ៊ាម៉េង មានទីលំនៅភូមិជីគាក ឃុំគៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
ក្រោយពីធ្វើការឃាត់ខ្លួនបញ្ជូនមកកាន់ការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត រួចធ្វើការដកហូតបានវត្ថុតាងរួមមានៈទូរហ្កេមបាញ់ត្រីចំនួន៤គ្រឿង,និងកាក់មួយចំនួនធំ ។
បច្ចុប្បន្នអ្នកញៀនល្បែងបាញ់ត្រីទាំង៤នាក់ត្រូវបានកម្លាំងជំនាញធ្វើការអប់រំធ្វើកិច្ចសន្យាដោះលែងឱ្យត្រឡប់ទៅផ្ទះវិញនៅព្រឹកថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០១៥។ ចំណែកម្ចាស់ទីតាំងដែលបានរត់គេចខ្លួនបាត់ ត្រូវបានកម្លាំងជំនាញ ធ្វើការស្រាវជ្រាវ ដើម្បីចាប់ខ្លួនយកមកអនុវត្តន៍តាមច្បាប់ ៕
ដោយ៖ ឡាំ សុធា