លោក តុង ប៊ុនឈាន យកលិខិតបេសកកម្មអគ្គស្នងការនគរបាលជាតិ ដាក់កុងត្រូលជជុះក្នុងក្រុងតាកែវ បង្ខំឈ្មួញចូលបង់ប្រាក់

ចែករំលែក៖

ខេត្តតាកែវ៖ ទីតាំងកុងត្រូលជជុះមួយកន្លែង របស់សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដឹកនាំដោយលោក តុង ប៊ុនឈាន ជាមួយនឹងមន្ត្រីរបស់ខ្លួនមានប្រមាណពី ៤-៥នាក់ ឋិតនៅចំណុចភូមិ ប្រហូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ កំពុងរងនូវការរិះគន់ពីប្រជាពលរដ្ឋ និងឈ្មួញដឹកទំនិញឆ្លងកាត់ ដោយចោទថា ក្រុមសមត្ថកិច្ចទាំងនេះបានបង្ខំអោយពួកគាត់បង់ប្រាក់ រាល់ការដឹកទំនិញឆ្លងកាត់ មិនគិតមានពន្ធឬរត់ពន្ធ ក៏ដូចជាការដឹកកសិផលផងដែរ ។

អាជ្ញាធរមូលដ្ឋាន មិនសប្បាយចិត្ថរាល់សកម្មភាពសមត្ថកិច្ច បំពេញការងារនៅទីនោះ ដោយសំដៅថា ពួកគេមកកៀបលុយពីអ្នករកសុី ដើម្បីបំពេញតម្រូវការផលប្រយោជន៏របស់ខ្លួន នឹងស្វែងរកលាភបង់ទៅលើ តែធ្វើអោយប៉ះពាល់ នូវភាពថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ អាចយល់ច្រឡំមកលើថ្នាក់ដឹកនាំមូលដ្ឋាន ថាជាអ្នកជម្រិតកៀបសង្កត់មកលើពួកគាត់ ។

មន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងបានអោយដឹងថា អ្នកដែលមានលិខិតបេសកកម្មចេញដោយអគ្គស្នងការ ឬប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួង គឺមានភារកិច្ចចុះបំពេញការងារ សើុបអង្កេត ស្រាវជ្រាវតាមដាន រាល់ការរត់ពន្ធទំនិញ ដើម្បីសហការជាមួយស្ថាប័នប្រមូលពន្ធជូនរដ្ឋ បង្ការ និងបង្ក្រាប ។ ប៉ុន្តែមានបុគ្គលនៃនាយនគរបាលខ្លះយកលិខិតបេសកកម្មនេះ ធ្វើជាទុនគំរាម បង្ខំឈ្មួញ ប្រជាពលរដ្ឋ ក្រុមហ៊ុន ដឹកជញ្ជូន បង់ប្រាក់ ដោយលើកពីហេតុផល មានអំណាចក្នុងការបង្រ្កាបបទល្មើសនេះជាដើម។ បុគ្គលខ្លះទៀត មានលិខិតបេសកកម្មមួយសន្លឹក ចាប់ផ្តើមសណ្តោងមន្រ្តីនគរបាលផ្សេងដែលមិនមានឈ្មោះក្នុងលិខិត ក៏ដូចជនសុីវិលមកធ្វើការ ដើម្បីឃាត់ចាប់ឡានដឹកទំនិញ នឹងឈ្មួញចូលមកបង់ប្រាក់ ។

សព្វថ្ងៃលោក តុង ប៊ុនឈាន ថ្វីត្បិតពុំមានវត្តមាន ចាំរាប់ក្បាលឡានឈ្មួញយកលុយ នៅកន្លែងកុងត្រូលជជុះនោះ ក៏ដោយ ក៏កូនចៅរបស់ខ្លួនបានបង្ហាញសកម្មភាពទាំងយប់ទាំងថ្ងៃ ក្នុងការប្រមូលលុយ។ ភាគច្រើនរាល់ឈ្មួញដឹកទំនិញមកពីច្រកភ្នំដិន គិរីវង្ស ពីកំពង់អំពិល ស្រុកបុរីជលសា នឹងប្រជាពលតរដ្ឋដឹកកសិផលជាដើម ។

ពាក់ព័ន្ធករណីនេះនគរវត្តមិនអាចទាក់ទងបានទេ ពីលោក តុង ប៊ុនឈាន នាព្រឹកថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០១៥ ក៏ដូចលោកឧត្តមសេនីយ៍ឯក ជា សុមេធី អគ្គស្នងការរងនគរបាលជាតិ នឹងជាប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយទូរស័ព្ទត្រូវបានបិទ។ ដោយឡែកលោក ឡាយ វណ្ណះ អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា «ការពិតនគរបាលសេដ្ឋកិច្ចគាត់មានលិខិតបេសកកម្មពីនាយកដ្ឋានត្រឹមត្រូវ ដែលគេហៅថាលិខិតបេសកកម្មថ្នាក់ជាតិ»។ លោកអភិបាលបន្តថា បើទោះជាមានលិខិតបែបនេះក៏ដោយ ក៏លោកបានធ្វើការណែនាំអនុវត្តការងារ ត្រូវទទួលខុសត្រូវ មិនធ្វើអី្វប៉ះពាល់ដល់ប្រជាពលរដ្ឋអ្នករកសុីជាដាច់ខាត។

ឈ្មួញជាច្រើនបាននិយាយថា សមត្ថកិច្ចកុងត្រូលជជុះនេះ មិនបានគិតថាមានពន្ធឬទំនិញគេចពន្ធទេ គឺតម្រូវអោយបង់លុយតាមទំនើងចិត្តពួកគេទាមទារ នឹងមានសំដីមិនសមរម្យ ដោយលើកឡើងថា ពួកគាត់ដែលឈជើងនៅទីនេះ មានច្បាប់ មានសិទ្ធចាប់ទំនិញ នឹងទិញប៉ុស្តិរកលុយអោយថ្នាក់លើ ប៉ុន្តែមិនដឹងថាថ្នាក់លើធំកម្រិតណាទេ ។

លោក តុង ប៊ុនឈានកំពុងដឹកនាំមន្ត្រីរបស់ខ្លួនដាក់កុងត្រូលជជុះ ប្រមូលលុយពីឈ្មួញជះឥទ្ធិពលដ៏អាក្រក់ដល់សង្គមជាតិ ពិសេសអនុវត្តផ្ទុយពីលិខិតបេសកកម្មរបស់អគ្គស្នងការ និងនាយកដ្ឋាន ជាដើមលើការ ចុះសើុបអង្កេត ស្រាវជ្រាវ បង្ក្រាបបទល្មើសសេដ្ឋកិច្ច នឹងចំណីអាហារមានជាតិពុលនោះ ។

មានក្រុមហ៊ុនដឹកជញ្ជូន នឹងឈ្មួញជាច្រើនបង់ប្រាក់ដល់អ្នកគ្រប់គ្រងកុងត្រូលជជុះនេះ ដោយមិនបានគិតដល់ឈ្មួញរកសុីដឹកទំនិញគេចពន្ធ ពីច្រកកំពង់អំពិល ច្រកភ្នំដិន ក៏ដូចជាបទល្មើសដឹកឈើឆ្លងទៅវៀតណាមផងដែរ ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print