បណ្តាមេដឹកនាំអឺរ៉ុបបានអំពាវនាវដល់ប្រធានាធិបតីអាមេរិកដូណាលត្រាំ ប្រកាសលុបចោល ការតម្លើងពន្ធដែកថែប និងអាលុយមីញ៉ូម ដល់ប្រទេសក្នុងតំបន់អឺរ៉ុប នឹងលើកលែងពន្ធជារៀងរហូត។
ប្រធានាធិបតីបារាំង លោក ម៉ាក្រុង បានប្រកាស នៅក្នុងកិច្ចប្រជុំជាប្រចាំនៅទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្សិចថា«ការដែលទីក្រុងវ៉ាស៊ីនតោន លើកលែងពន្ធបណ្តោះអាសន្ន រយះពេល៤០ថ្ងៃដល់អឺរ៉ុប គឺដូចជាការតម្រង់កាំភ្លើង ទៅលើអឺរ៉ុប អីចឹង។ តាមផ្លូវច្បាប់ យើងនឹងពិភាក្សា រាល់បញ្ហា ជាមួយប្រទេសដែលគោរពទៅតាមច្បាប់កំណត់របស់អង្គការពាណិជ្ជកម្មពិភពលោក។ យើងមិនអាចពិភាក្សាអ្វីបានឡើយ នៅពេលដែលត្រូវតម្រង់ចុងកាំភ្លើងចំក្បាលហើយនោះ»។
មន្ត្រីទទួលបន្ទុក ពាណិជ្ជកម្មរបស់អឺរ៉ុប បានទាមទា ឲ្យអាមេរិក លុបចោល «ការកំណត់ក្លែងក្លាយ»លើការលើកលែងពន្ធរយៈពេល៤០ថ្ងៃ ជាមួយគ្នានេះប្រធានគណកម្មការអឺរ៉ុប លោក Jean Claude Juncker បានបញ្ជាក់ថា និងមិនមាន ការព្រមព្រៀង មុនថ្ងៃទី១ខែឧសភាឡើយ។
កន្លងមកប្រធានាធិបតីអាមេរិកដូណាលត្រាំ បានប្រកាសថា លោកនិង លើកលែងពន្ធ ដល់អឺរ៉ុប ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាមេរិក ក៏ដូចជាប្រទេស អាហ្សង់ទីន ប្រេស៊ីល កាណាដា កូរ៉េខាងត្បូង មិចស៊ីកូ អូស្ត្រលីជាដើម ការលើកលែងពន្ធ រហូតដល់ថ្ងៃទី១ខែឧសភា ។
បណ្តាមេដឹកនាំអឺរ៉ុប បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសរួមថា វិធីសាស្ត្រខាងលើ របស់អាមេរិក គឺជារឿងមួយគួរឲ្យសោកស្តាយ ហើយអាមេរិក មិនអាចយកបញ្ហាសន្តិសុខ ជាតិមកតម្លើងពន្ធ នោះឡើយ ។ មិនតែប៉ុណ្ណោះ អឺរ៉ុបស្នើរឲ្យអាមេរិកលុបចោលពន្ធជារៀងរហូត ។បណ្តាប្រទេសអឺរ៉ុប គាំទ្រ នៅវិធីសាស្ត្រ របស់គណកម្មការអឺរ៉ុប ដើម្បីតបតនិងសកម្មភាពរបស់អាមេរិក។
លោក ស្រី Cexilia Malmstrom សមាជិកគណកម្មការអឺរ៉ុប ទទួលបន្ទុក ពាណិជ្ជកម្ម ជំនួសមុខដល់២៨ប្រទេសក្នុងសហគមន៍អឺរ៉ុប បានប្រឆាំងនិងសកម្មភាព របស់អាមេរិក ដែល កើតចេញពីការចោទប្រកាន់ ចិន លក់បង្ខូចតម្លៃនៅលើទីផ្សារ ហើយទីក្រុង វ៉ាស៊ីនតោន និងអឺរ៉ុបគួរតែអង្គុយពិភាក្សាគ្នាឲ្យបានច្បាស់។
អឺរ៉ុបបានបញ្ជាក់ថា មិនចង់ឲ្យមានសង្គ្រាមពាណិជ្ជកម្មនោះឡើយ ហើយអឺរ៉ុនិងមានវិធានការ ប្រសិនបើសេតវិមាននៅតែបន្ត សម្តៅទៅលើ ក្រុមអ្នកផលិតនៅអឺរ៉ុបនោះ។អឺរ៉ុបនិងដាក់លិខិតតវ៉ាឡើងទៅកាន់អង្គការ WTO ដើម្បីរារាំង អាមេរិកតម្លើងពន្ធដល់អឺរ៉ុប។
ប្រធានាធិបតីអាមេរិក ដូណាលត្រាំ បានប្រកាសថា កូរ៉េខាងត្បូង នឹងស្ថិតនៅក្នុងបញ្ជី លើកលែងពន្ធ ដោយសារតែ ប្រទេសទាំងពីរមានទំនាក់ទំនងសន្តិសុខ និងគ្នា ។ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មជប៉ុន បានប្រកាសថា រដ្ឋាភិបាល នឹងស្នើរដល់អាមេរិក លុបចោលការតម្លើងពន្ធដល់ប្រទេសជប៉ុន ផងដែរ។រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជប៉ុនលោក Seko Hiroshige បានបញ្ជាក់ថា សកម្មភាពរបស់អាមេរិកគឺជារឿងមួយគួរឲ្យសោកស្តាយបំផុត ។
ក្រុមអ្នកវិភាគបានលើកឡើង ថា អាមេរិក អាចនឹងលើកលែងពន្ធដល់ប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួន ជាបន្តបន្ទាប ហើយចុងក្រោយ នៅសល់តែប្រទេស ដែលអាមេរិកចាត់ទុកថាជាសត្រូវបុណ្ណោះ ដូចជាចិន និងរុស្ស៊ីជាដើម។ គោលដៅតម្លើងពន្ធរបស់អាមេរិក ត្រូវបានគេដឹងថា គឺសម្តៅទៅលើប្រទេសចិន តែមួយគត់ ដោយ តែចិនមានការរីកចំរើនខ្លាំង ឈានដល់ប្រទេសមានសេដ្ឋកិច្ចលំដាប់ទីពីរលើពិភពលោក ។ ទាំងនោះហើយធ្វើឲ្យចិនមានប្រាក់ជាច្រើន ចំណាយទៅលើប្រទេសដទៃ ដើម្បីពង្រីកឥទ្ធិពលរបស់ចិនលើពិភពលោក បង្កក្តីបារម្ភដល់មហាអំណាចទីមួយរបស់អាមេរិក។
ចំណែកចិនវិញ ក៏មិនអង្គុយស្ងៀម ទុកឲ្យអាមេរិក «ទាត់ធាក់»តាមតែចិត្តនោះឡើយ ដោយចិនបានប្រកាសប្តេជ្ញាការពារផលប្រយោជន៍របស់ខ្លួនដូចគ្នា។ កន្លងមក ឧបនាយករដ្ឋមន្ត្រីចិនលោក លីវ ហេ Liu He បាននិយាយតាមទូរស័ព្ទជាមួយនឹងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Steven Mnuchin ដោយបានព្រមព្រៀងគ្នាថានឹងបន្តជជែកទាក់ទងគ្នាស្តីអំពីបញ្ហាពាណិជ្ជកម្មទៀត ប៉ុន្តែលោក លីវហេ បានឆ្លៀតព្រមានថា ចិនត្រៀមលក្ខណៈជាស្រេចនឹងការពារផលប្រយោជន៍ជាតិរបស់ខ្លួន។
កិច្ចពិភាក្សាតាមទូរស័ព្ទ ប្រព្រឹត្តទៅក្នុងខណៈដែលភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន បានប៉ោងឡើងយ៉ាងខ្លាំង ដោយសារតែលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសយកពន្ធលើផលិតផលនាំចូលមកពីចិន ក្នុងទំហំអាចឡើងដល់៦០ពាន់លានដុល្លារ។ ជាការយកពន្ធ សំដៅលើវិស័យមួយចំនួនដែលវ៉ាស៊ីនតោនយល់ថាចិនបានលួចបច្ចេកវិទ្យានិងកម្មសិទ្ធិបញ្ញាអាមេរិក។
ជាទីប្រឹក្សាសេដ្ឋកិច្ចដ៏ជំនិតរបស់ប្រធានាធិបតីចិនស៊ីជីនពីង បានទទួលការសិក្សានិងបំពាក់បំប៉ននៅសាកលវិទ្យាល័យHarvard អាមេរិក លោក លីវ ហេ ដែលទើបត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកត្រួតពិនិត្យវិស័យពាណិជ្ជកម្មនិងសេដ្ឋកិច្ច បានគូសបញ្ជាក់ ទៅកាន់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកថា វិធានការពាណិជ្ជកម្មអាមេរិកប្រឆាំងនឹងចិន ជាការរំលោភច្បាប់ពាណិជ្ជកម្មអន្តរជាតិ និងគ្មានចំណេញប្រយោជន៍ដល់អាមេរិក ឬដល់ចិន និងពិភពលោកទាំងមូលទេ ! វ៉ាស៊ីនតោន និងប៉េកាំង គួរតែដឹងថាត្រូវប្រកាន់ខ្លួនរបៀបណា ក្នុងការរក្សាទំនាក់ទំនងពាណិជ្ជកម្មឱ្យមានស្ថិរភាពល្អ។
ប៉ុន្តែចិនបានត្រៀមលក្ខណៈរួចជាស្រេចហើយ ! ហើយចិនក៏មានកម្លាំងខ្លាំងគ្រប់គ្រាន់នឹងការពារប្រយោជន៍ជាតិខ្លួនដែរ ! នេះជាការពាក្យព្រមានរបស់លោក លីវ ហេ ដោយចំៗទៅកាន់ភាគីអាមេរិក៕