ត្បូងឃ្មុំ៖ លោក ចៅ ចាន់ណារី ត្រូវបានទស្សនិកជនជំនាន់ទសវត្សរ៍ទី៨០ និង៩០បានស្គាល់ច្បាស់តាមរយៈស្នាដៃសម្តែងភាពយន្តជាច្រើន។ បាត់មុខជាច្រើនឆ្នាំ តារារូបនេះបានធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងព្រោះតែជីវិតស្ថិតក្នុងទីលំបាកដែលរស់នៅក្នុងខ្ទមចាំចម្ការ។
តារាកំប្លែងនាយ កុយ បានបង្ហាញជីវិតដ៏កម្សត់ រស់នៅទីជនបទដាច់ស្រយាលខេត្តត្បូងឃ្មុំ របស់លោក ចៅ ចាន់ណារី ដែលមហាជនស្គាល់ច្បាស់ថា ជាតារាសម្តែងល្បីក្នុងចន្លោះទស្សវត្សឆ្នាំ៨០និង៩០ ក៏ធ្វើឲ្យផ្ទុះនូវក្តីអាណិតអាសូរអស់ អ្នកសិល្បៈទាំងជំនាន់ថ្មីជំនាន់ចាស់ ។
អតីតតារាសម្តែងល្បីឈ្មោះ លោក ចៅ ចាន់ណារី បានបញ្ជាក់ថា លោកបានមករស់នៅក្នុងទីព្រៃនៃដីជនបទ ស្រុកដំបែ ចន្លោះព្រំប្រទល់ស្រុកឆ្លូង ជួលដីគេដាំសណ្តែក ដាំដំឡូង រស់ក្នុងជីវភាពជាកសិករនេះ រយៈពេលជាង១០ឆ្នាំហើយ ហើយក៏ស្ទើតែកាត់ផ្តាច់ទាំងស្រុងជាមួយមិត្តភ័ក្កិដែលធ្លាប់រួមការងារសិល្បៈ។លោកបន្តថាបច្ចុប្បន្នលោកប្រកបរបរសម្រាប់មួយថ្ងៃរស់មួយថ្ងៃប៉ុណ្ណោះដោយមិនមានមុខរបរណាក្រៅពីការធ្វើស្រែចម្ការចិញ្ចឹមក្រពះ និងប្រពន្ធកូននោះទេ។ សូម្បីតែដីចម្ការដែលធ្វើដំណាំដាំសណ្តែកល្ង ក៏ជាដីដែលជួលពីគេដែរគឺមិនមានលទ្ធភាពធ្វើជាម្ចាស់កម្មសិទ្ធិនោះទេ ហើយសម្បកផ្ទះសម្បែងដែលជ្រករាល់ថ្ងៃបានពីការជួយរបស់អ្នកភូមិស្រុកផងដែរ។ អតីតតារាសម្តែងវ័យ៦៥ឆ្នាំរូបនេះបន្តថាព្រោះតែភាពក្រីក្រនេះបានធ្វើឲ្យលោកកាន់តែឆ្ងាយពីសិល្បៈ និងមិត្តភ័ក្កិព្រោះតែខ្មាសគេ មិនហ៊ានជួបមុខមិត្តភ័ក្កិចាស់។ លោកបញ្ជាក់ថាកាលពីឆ្នាំមុនលោកធ្លាប់បានចូលរួមសម្តែងក្នុងភាពយន្តបានមួយរឿងដែរ គឺរឿង”លត់ដែកថែប” ប៉ុន្តែដោយបញ្ហាជីវភាព និងសុខភាពមិនអំណោយផលទើបលោកមិនបន្តការសម្តែង ទើបសំងំបន្តរស់ក្នុងជីវភាពអ្នកចម្ការកំដរជីវិតចុងក្រោយ។
គួរបញ្ជាក់ដែរថា លោក ចៅ ចាន់ណារីជាតារាសម្ដែងដ៏ល្បីល្បាញតាំងពីទសវត្សរ៍ទី ៨០-៩០ ជំនាន់រួមគ្នាជាមួយតារាជើងចាស់ជាច្រើនមានដូចជា លោក សម វិទ្យា លោកសម តារា កេត លោកសូបូរិទ្ធ លោកយស បូវណ្ណៈ លោកខៃ ប្រសិទ្ធ លោកខៃ ប្រសើរ លោក ខ្លូត រតនា ជាដើម។លោកបានលាឈប់ពីការសម្តែងជាង ២០ ឆ្នាំមកហើយ ដែលធ្វើអោយទស្សនិកជនសឹងតែភ្លេចមុខលោកទៅហើយ៕
ដោយ វឌ្ឍនា