ប្រធានាធិបតីអាមេរិកដូណាលត្រាំបានបញ្ជាក់ថា៖ ការដែលអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូ ជាមួយអីរ៉ង់ មិនប៉ះពាល់ដល់កិច្ចពិភាក្សារវាងអាមេរិកនិងកូរ៉េខាងជើង នាពេលខាងមុខនោះឡើយ។
កាលពីថ្ងៃទី៣០ខែមេសា ប្រធានាធិបតីអាមេរិកដូណាលត្រាំ បានបញ្ជាក់ថា អាមេរិក នឹងផ្តល់ឧ
ឱកាសនៅក្នុងកិច្ចពិភាក្សាស្តីពីបរមាណូជាថ្មីជាមួយអីរ៉ង់។ នៅក្នុងសេចក្តីប្រកាសក្រោយជំនួបពិភាក្សា ជាមួយប្រធានាធិបតី នីហ្សេរីយ៉ា ដែលកំពុងទស្សនកិច្ចអាមេរិក លោកត្រាំបានបញ្ជាក់ថា ការដែលអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូជាមួយអីរ៉ង់ នឹងមិនប៉ះពាល់ដល់ជំនួបពិភាក្សាជាមួយកូរ៉េខាងជើង នោះឡើយ។ កន្លងមកបើទោះបីលោកត្រាំមិនពេញចិត្ត និងកិច្ចព្រមព្រៀងបរមាណូជាមួយអីរ៉ង់ តែលោកបានច្រានចោល នៅពាក្យចចាមអារ៉ាមថា លោក និងលុបកិច្ចព្រមព្រៀង ជាមួយអីរ៉ង់ នៅថ្ងៃទី ១២ខែឧសភា ខាងមុខ។
អំពីបញ្ហាកូរ៉េខាងជើង វិញ លោកត្រាំ បានបញ្ជាក់ថាការជ្រើសរើស ទីតាំងព្រំដែនកូរ៉េខាងជើង និងខាងត្បូង សម្រាប់ជំនួប រវាងលោក និងគីមជុងអ៊ុន គឺជារឿង មួយដ៏ល្អបំផុត។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃ១ខែឧសភា បានស្នើឱ្យមានការរៀបចំជំនួបប្រជុំជាមួយមេដឹកនាំ កូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅឯអគារសន្តិភាព ស្ថិតនៅតំបន់ព្រំដែនគ្មានយោធារវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ជាទីដែល លោកគីមទើបតែបង្កើតប្រវត្តិសាស្ត្រថ្មីជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន កាលពីសប្ដាហ៍មុន។
ថ្លែងនៅលើ Twitter លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា៖«មានប្រទេសជាច្រើនកំពុងស្ថិតនៅក្រោមការពិចារណាសម្រាប់ទីតាំង រៀបចំកិច្ចប្រជុំ ប៉ុន្តែតើអគារសន្តិភាព ឬក៏អគារសេរីភាពស្ថិតនៅឯតំបន់ព្រំដែនគ្មានយោធារវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើងអាច នឹងក្លាយជាទីតាំងចុងក្រោយ និងកន្លែងសាកសម ឬដ៏សំខាន់ជាងប្រទេសទីបីដែរឬទេ? នេះគ្រាន់តែជាសំណើប៉ុណ្ណោះ!»។
សូមជម្រាបថា កាលពីថ្ងៃអាទិត្យ លោក ដូណាល់ ត្រាំក៏បាននិយាយដែរថាជំនួបជាមួយលោក គីម ជុងអ៊ុន អាចនឹងត្រូវធ្វើឡើងនៅ០៣ ឬ០៤សប្ដាហ៍ខាងមុខទៀតនេះ ខណៈប្រព័ន្ធផ្សព្វផ្សាយអាមេរិករាយការណ៍ថាជំនួបនេះអាចនឹងប្រព្រឹត្តទៅនៅត្រឹមពាក់កណ្ដាល ខែឧសភាខាងមុខនេះ។
ពាក់ព័ន្ធនិងស្ថានភាព សន្តិភាពនៅឧប្បទ្វីបកូរ៉េ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បាននិយាយនៅថ្ងៃចន្ទនេះថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សាកសមនឹងទទួលបានពានរង្វាន់ណូបែលសន្តិភាព (Nobel Peace Prize) សម្រាប់ការជួយជ្រោមជ្រែងឱ្យមានជំនួបកំពូលអន្តរ កូរ៉េជាមួយលោក គីម ជុងអ៊ុន កាលពីថ្ងៃសុក្រ សប្ដាហ៍មុន។
លោក មូន ជែអ៊ីន ធ្វើការកត់សម្គាល់បែបនេះ ក្នុងឱកាសនៅក្នុងជំនួបជាមួយក្រុមមន្ត្រីជាន់ខ្ពស់របស់លោក។ លោក មូន តាមរយៈ ការស្រង់សម្ដីពីក្រុមមន្ត្រីនៃវិមានប្រធានាធិបតីកូរ៉េខាងត្បូង បានគូសបញ្ជាក់ដូច្នេះថា៖«ជាការពិតណាស់ លោកប្រធានាធិបតីត្រាំ សាកសមនឹងទទួលបានជ័យលាភីពានរង្វាន់ណូបែលសន្តិភាព»។
ព្រមពេលជាមួយគ្នា លោក មូន ក៏បានអរគុណលោកត្រាំផងដែរសម្រាប់ការជួយឱ្យកូរ៉េខាងត្បូង និងកូរ៉េខាងជើងកាន់ខិតជិតគ្នា។ «ការដាក់សម្ពាធជាអតិបរាម៉ារបស់លោកត្រាំ ក៏ដូចជាទណ្ឌកម្មសេដ្ឋកិច្ច និងការគំរាមកំហែងយោធា បានចូលរួមចំណែកយ៉ាងធំធេង បង្ខំឱ្យលោក គីម ជុងអ៊ុន ត្រឡប់មករកតុចរចាវិញ»។ នេះជាការលើកឡើងរបស់លោក មូន ជែអ៊ីន៕
ដោយ៖ មែវ សាធី