ខេត្តមណ្ឌលគិរីៈ៖ រថយន្តម៉ាកកាមេរីមួយគ្រឿងបើកបរមិនប្រយ័ត្នត្រង់ចំណុចផ្លូវកំពុងស្ថាបនាផ្លូវមានស្ថានភាពរអិលខ្លាំងបានជ្រុលទៅបុកផ្ទុប និងថយន្តម៉ាកតាកូម៉ាបើកបរបញ្ច្រាសទឹសបង្ករការខូចខាតទាំងសងខាងនិងរងរបួសស្រាល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅម៉ោងប្រមាណជា៦និង២៥នាទី ថ្ងៃអាទិត្យ ១៤ រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២
ត្រូវនឹងថ្ងៃទី១៣ខែឧសភាឆ្នាំ២០១៨ចំណុចគីឡូម៉ែត្រ៧៨ភូមិអូអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌគិរី តែមិនមានអ្នករងរបួសធ្ងន់នោះទេ។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា៖ មុនពេលកើតហេតុគឺមានភ្លៀងធ្លាក់យ៉ាងខ្លាំងក៏បង្ករឱ្យផ្លូវជាតិលេខ៧៦ដែលមន្ទីរសាធារណះការកំពុងជួសជុលស្ថាបនាផ្លូវមានស្ថានភាពរអិលខ្លាំង។
ប្រភពបន្តថារថយន្តម៉ាកកាមេរីបានបោះពួយយ៉ាងលឿនទឹសដៅពីត្បូងទៅជើងមកពីស្រុកអូរាំងហើយបានមកបុកផ្ទុបនិងរថយន្តមួយគ្រឿងទៀតម៉ាកតាកូម៉ាដែលបើកបរទិសដៅបញ្ច្រាស់គ្នាត្រង់ចំណុចផ្លូវរអិលនេះតែម្តង។
ប្រភពពីនគរបាលចរាចរណ៍មូលដ្ឋានបានឱ្យដឹងថា៖ រថយន្តបង្ករម៉ាកកាមេរីផលិតឆ្នាំ១៩៩២ពណ៌សរពាក់ស្លាកលេខកំពង់ចាម២A-៣០២៤បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណរងការខូចខាតផ្នែកខាងមុខទាំងស្រុងតែម្តង។
រថយន្តរងគ្រោះម៉ាកតាកូម៉ាពណ៌សរពាក់ស្លាកលេខភ្នំពេញ២AI-៧៤៩១បើកបរដោយឈ្មោះ ទន់ សាពោ ភេទប្រុស អាយុ៣៥ឆ្នាំមានទីលំនៅឃុំដាក់ដាំស្រុកអូរាំង។
មានអ្នករួមដំណើរលើរថយន្តតាកូម៉ាស្ត្រីម្នាក់និងក្មេងស្រីវ័យ១២ឆ្នាំម្នាក់រងរបួសស្រាល ផងដែរ។
ក្នុងករណីនេះត្រូវបានគេស្តីបន្ទោសលើអ្នកបើកបររថយន្តកាមេរីដែលមិនមានការប្រុងប្រយ័ត្នព្រោះមានស្លាកសញ្ញាការដ្ឋានរបស់មន្ទីរសាធារណះការខេត្តបានដាក់កំពុងជួសជុលផ្លូវផងដែរតែមិនបានយកចិត្តទកដាក់ក្នុងការបើកបរទើបបណ្តាលឱ្យមានករណីនេះកើតឡើងបាន៕
ដោយៈជីវ័ន្ត