ខេត្តពោធិ៍សាត់៖ រថយន្តធុនធំដឹកផ្លែស្វាយ១គ្រឿង ក្រឡាប់ផ្ងាជើងរបួសស្រាល ៤នាក់ ត្រូវបានគេសង្ស័យអ្នកបើកបរក្នុងស្ថានភាពងងុយដេក កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅលើចិញ្ចើមផ្លូវជាតិលេខ៥ ត្រង់ចំណុចអូរតាមាស ក្នុងចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៦៦.១៦៧ ស្ថិតក្នុងភូមិត្រពាំងកន្តួត ឃុំបឹងកន្ដួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
រថយន្តក្រឡាប់ផ្ងាជើងចាក់ផ្លែស្វាយចោល រាយប៉ាយលើដីខាងលើ ម៉ាក ហ្វុយហ្សូ ពណ៌ខៀវ ពាក់ស្លាកលេខ បាត់ដំបង 3A-0791 ។ បើកបរដោយឈ្មោះ ញឹម ថន ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិទ្រាំ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំ និងអ្នករួមដំណើរ ៣នាក់ទៀត រស់នៅភូមិ.ឃុំជាមួយគ្នា រងរបួសស្រាល ពកក្បាលរលាត់ដៃជើងបន្ដិតបន្ដួច នេះបើតាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន ។
ប្រភពជុំវិញកន្លែងកើតហេតុលើកឡើងផ្សេងៗគ្នាថា គេឃើញរថយន្តបង្កធ្វើដំណើរ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតក្រឡាប់ផ្ងាជើងចូលស្នាមភ្លោះផ្នែកខាងស្ដាំដៃ ត្រូវបានគេសង្ស័យថា បើកបរក្នុងស្ថានភាពងងុយដេក ប៉ុន្ដែអ្នកខ្លះថាបើកបរប្រើល្បឿនលឿន ហើយបានគេចពីរថយន្ត ១គ្រឿងផ្សេងទៀត ។ តែទោះជាយ៉ាងណា ហេតុការណ៍នេះពុំមាននរណាម្នាក់រងរបួសបាត់បង់ជីវិតឡើយ គ្រាន់តែខូចខាតសម្ភារៈ ឥវ៉ាន់ និងរថយន្តប៉ុណ្ណោះ ហើយសមត្ថកិច្ចក៏ពុំមានវិធានការអ្វីដែរ ព្រោះហេតុការណ៍នេះ ពុំបង្កការគ្រោះថ្នាក់ដល់បុគ្គលណាម្នាក់ឡើយ ហើយក៏មិនបង្កបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈនោះដែរ ៕
ដោយ៖ បឹុម ពិន