លោករដ្ឋមន្ត្រី លឹម គានហោ បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យការងារបង្កបង្កើនស្រូវនៅក្នុងខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៥ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យការងារបង្កបង្កើនស្រូវនៅក្នុងខេត្តបន្ទាយមានជ័យ ។

ថ្លែងក្នុងឱកាសចុះពិនិត្យនេះ លោករដ្ឋមន្ត្រីបានមានប្រសាសន៍រលឹកថា កន្លងមកខេត្តបន្ទាយមានជ័យមានបញ្ហាទឹកខ្លាំងជាងគេ រហូតទៅដល់ខ្វះទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដែលតម្រូវឱ្យយើងទាញយកទឹកពីគ្រប់ទិសទីមកផ្គត់ផ្គង់ ។ ប៉ុន្តែបច្ចុប្បន្នធនធានទឹកដែលមាន អាចធានាបានលើផ្ទៃដីស្រូវវវស្សាដែលបានបង្កបង្កើនផលរួច និងឈានទៅប្រមូលផលបានទាំងស្រុង ព្រមទាំងអាចបន្តផ្គត់ផ្គង់លើផ្ទៃដីស្រូវប្រាំងដែលបច្ចុប្បន្នប្រជាកសិករ បាន និងកំពុងអនុវត្តលើសផែនការកំណត់ ។

លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានបញ្ជាក់ឱ្យដឹងថា មកដល់ពេលនេះ ការងារបង្កបង្កើនផលដំណាំស្រូវរដូវប្រាំងឆ្នាំ ២០១៥-២០១៦ សម្រេចបានចំនួន ១៣.៤៤០ ហិកតា ស្មើនឹងជាង ១១២ភាគរយ នៃសន្ទស្សន៍ផែនការ បើប្រៀធៀបនឹងការងារបង្កបង្កើនផលដំណាំស្រូវរដូវប្រាំងឆ្នាំ ២០១៤-២០១៥ រយៈពេលដូចគ្នា គឺលឿនជាងរហូតដល់ទៅជិត ១០.០០០ហិកតា ឯណោះ។

លោកប្រធានមន្ទីរបន្តថា ចំណែកការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សា ប្រជាកសិករដាំដុះបានចំនួន ២៤៦.០២១ ហិតកា ស្មើនឹងជាង ១០២ភាគរយ នៃសន្ទស្សន៍ផែនការ ហើយមកដល់ពេលនេះប្រមូលផលបានចំនួន ៩៣.៦០០ ហិកតា ។ លោកបន្តថា ចំពោះទិន្នផលស្រូវវស្សាដែលទទួលបានគឺខ្ពស់ លើកលែងតែតំបន់មួយចំនួន ដែលប្រជាកសិករពុំបានយកចិត្តទុកដាក់ថែទាំ លើកភ្លឺ សម្អាតស្មៅ ឬដាំដុះនៅតំបន់ដែលឆ្ងាយពីប្រភពទឹកខ្លាំងពេក ។

ចំណែកលោក ជិត ហូវ ប្រធានសហគមន៍កសិករប្រើប្រាស់ទឹកប្រព័ន្ធធារាសាស្ត្រពោធិ៍ពីរដើម ស្ថិតក្នុងឃុំបន្ទាយនាង ស្រុកមង្គលបូរី បានប្រាប់ឱ្យដឹងថា ស្រូវវស្សានៅតំបន់នេះ ត្រូវបានបងប្អូនប្រជាកសិករធ្វើការប្រមូលផលរួចរាល់អស់ហើយ ដោយទទួលបានទិន្នផលទាបបំផុត ៤តោនក្នុងហិកតា ហើយបច្ចុប្បន្នបងប្អូនកំពុងមមាញឹកក្នុងការធ្វើស្រូវប្រាំងបន្តទៀត ៕





...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print