តួកគី៖ យ៉ាងហោចណាស់មានមនុស្ស ១០នាក់ស្លាប់ និងជាង៧០នាក់រងរបួស នៅពេលដែល រថភ្លើង ដឹកអ្នកដំណើរបានធ្លាក់កង់ចេញពីផ្លូវដែកនៅតួកគី កាលពីថ្ងៃទី៨ខែកក្កដា។
សារព័ត៌មានAFP បានផ្សាយថា ទូរថភ្លើងចំនួន៦ទូដឹកអ្នកដំណើរ ៣៦០នាក់ បានធ្លាក់កង់ចេញពីផ្លូវនៅភូមិ Sarilar ស្រុក Corlu ក្នុងតំបន់ Tekirdag ។ រថភ្លើងជួបគ្រោះថ្នាក់បានធ្វើដំណើរ ពីតំបន់ Edirne ជាប់ព្រំដែនប្រទេសក្រិច និង ប៊ុលហ្គារីឆ្ពោះទៅកាន់ស្ថានីយHalkali នៅទីក្រុង អិស្តានប៊ុល។
សារព័ត៌មាន Anadolu បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Eyup Gumus បានបញ្ជាក់ថា រថយន្តជួយសង្គ្រោះជាង ១០០គ្រឿងបានទៅកាន់កន្លែងកើតហេតុ ។ ព័ត៌មានជាបឋម គឺមានអ្នកស្លាប់១០នាក់និង ៧៣នាក់រងរបួសធ្ងន់។
កម្លាំងទាហានតួកគីក៏បានបញ្ជូនឧទ្ទម្ភាគចក្រទៅកាន់កន្លែងកើតហេតុដើម្បីជួយបញ្ជូនអ្នករងរបួសទៅកាន់មន្ទីពេទ្យអោយបានទាន់ពេលវេលា។ មន្ត្រីក្នុងតំបន់បានឲ្យដឹងថា គ្រោះថ្នាក់កើតឡើង ដោយសារតែអាកាសធាតុអាក្រក់ ភ្លៀងធ្លាក់ខ្លាំង ធ្វើឲ្យដីនៅក្រោមផ្លូវរថភ្លើងទន់ ។
ប្រធានាធិបតីតួគី លោក Recep Tayyip Erdogan បានចូលរួមរំលែកទុក្ខដល់គ្រួរសារជនរងគ្រោះ ។ លោកបានស្នើរដល់មន្ត្រីទទួលខុសត្រូវប្រើគ្រប់វិធីសាស្ត្រដើម្បីជួយដល់អ្នករងរបួស។ លោកប្រកាសថា នឹងជម្រុញឲ្យមានការស្រាវជ្រាវបញ្ជាក់ឲ្យបានច្បាស់ពីហេតុការគ្រោះថ្នាក់ខាងលើ៕
ដោយ៖ មែវ សាធី