ភ្នំពេញ៖ ក្រោយពីបង្ហាញសកម្មភាពមនុស្សធម៌បន្តបន្ទាប់ជួយដល់សង្គម ពេលនេះ អតីតតារាចម្រៀងឡើងជាឧកញ៉ាវ័យក្មេង លោក ឡេង ណាវ៉ាត្រា បានចំណាយថវិកាផ្ទាល់ខ្លួនកសាងផ្លូវមួយខ្សែជូនដល់ប្រជាពលរដ្ឋក្នុងតំបន់សង្កាត់ចោមចៅទី១ធ្វើដំណើរបន្ត។ ផ្លូវបេតុងថ្មីនេះត្រូវបានចំណាយថវិកាសរុបមិនក្រោម១០ម៉ឺនដុល្លារអាមេរិកនោះទេ។
ម្ចាស់មុខជំនួញ អចលនទ្រព្យនិងជាអតីតពលករនៅប្រទេសកូរ៉េ លោក ឡេង ណាវ៉ាត់ត្រា បានសម្រេចចំណាយថវិកាជាង១០ម៉ឺនដុល្លារ ធ្វើផ្លូវមួយខ្សែ ជាកាដូជូនដល់ប្រជាពលរដ្ឋ រស់នៅសង្កាត់ចោមចៅទី១ធ្វើដំណើរដោយងាយស្រួល។ ការកសាងផ្លូវនេះនឹងក្លាយជាសមិទ្ធផលជួយដល់សង្គមថ្មីមួយបន្តែមទៀតបន្ទាប់ពីលោកធ្លាប់បានចូលរួមដល់សង្គមជាហូរហែរគឺមុននិងក្រោយដែលលោកទទួលបានងារជាឧកញ៉ា និងក្លាយជាអ្នកជំនួញអចនទ្រព្យលេចធ្លោរនោះ។ ផ្លូវបេតុងមួយខ្សែដែលោកបានកសាងថ្មីនេះមាន កម្រាស់១តឹកកន្លះ ប្រវែងជាង៥០០ម៉ែត្រ ទទឹង៦ម៉ែត្រ កំ ឆ្អឹងដែក ស្ថិតនៅ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទីមួយ ខណ្ឌពោធិ៍សែនជ័យ។
សកម្មភាពជួយសង្គមនេះដែរក៏ទទួលបានការសាទរ និងកោតសរសើរចំពោះសណ្តានចិត្តអតីតតារាចម្រៀងរូបនេះ ដែលបានចែករំលែក និងជួយសម្រួលការលំបាករបស់ប្រជាជនក្នុងតំបន់និងអ្នកឆ្លងកាត់តំបន់នេះ គ្រាដែលកន្លងមកផ្លូវមួយខ្សែនេះមានការលំបាកខ្លាំងក្នុងការធ្វើដំណើរពិសេសនៅក្នុងរដូវវស្សានោះ៕
ដោយ វឌ្ឍនា