ខេត្តកណ្តាល៖ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពនារីដែលគេពុំស្គាល់អត្តសញ្ញាណមា្នក់ ហើមអណ្តែតទឹកទន្លេមេគង្គមកទើរនៅ ត្រង់ចំណុចកំពង់ផែស្វយ័តភ្នំពេញ ក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ។
សាកសពស្រី្តខាងលើមិនត្រូវបានគេដឹងថាស្លាប់អណ្តែតទឹកដោយសារអ្វី អណ្តែតមកពីទីណានោះទេ គ្រាន់តែដឹងថា មានអាយុប្រហែលជាងង២០ឆ្នាំ ស្លៀកខោខូវប៊យយឺតពណ៌ខ្មៅ ពាក់អាវវៀលក្លៀក មានជរ ត្រង់ ក ពណ៌ខ្មៅ អាវក្នុងពណ៌ខ្មៅ សក់លាបពណ៌លឿងនិងមានសភាពហើម ធុំក្លិនស្អុយទៅហើយ ។
ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងសពអណ្តែតទឹកមកទើរនៅលើចំណុចខាងលើ បានឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ថាមានសាកសពស្រី្តអណ្តែតទឹក ភ្លាមអាជ្ញាធរមូលដ្ឋានបានចុះទៅដល់កន្លែង ស្រង់សពឡើងគោក ដើម្បីធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យ ឃើញថា សាកសព ស្លាប់រយៈពេលជាង៤ថ្ងៃមកហើយដោយនៅលើដងខ្លួន ពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ថាជាអំពើឃាតកម្មនោះឡើយ ។ សពនេះសង្ស័យស្លាប់ដោយលង់ទឹកមកពីចម្ងាយតែម្តង ទ់បនៅក្នុងស្រុកភូមិនេះគ្មានអ្នកណាស្គាល់ ។
ក្រោយពីពិនិត្យរួចសពស្រី្តរូបននេះត្រូវបានសមត្ថកិច្ច យកទៅបញ្ចុះនៅក្រោយវត្តពោធិ៍ព្រឹក ភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាលរង់ចាំស្រាវជ្រាវស្វែងរកសាច់ញាតិ និងបានអំពាវនាវ ផងបងប្អូនដែលបាត់សមាជិកគ្រួសារដូចមានភិនភាគ រៀបរាប់ខាងលើ សូមអញ្ជើញទំនាក់ទំនង ទៅអធិការដ្ឋាន នគរបាលស្រុកកៀនស្វាយ នឹងបានជ្រាបជាដំណឹងមិនខាន ៕
ដោយ៖ សណ្តោស