ភ្នំពេញ៖ អតីតតារាកំប្លែងវិវត្តខ្លួនជាតារាចម្រៀង គឺនាយ ចឺម លេចមុខមាត់កាន់តែខ្លាំងក្រោយពីស្នាដៃចម្រៀងរបស់តារារុបនេះថ្មីៗជាបន្តបន្ទាប់ទទួលបានការគាំទ្រ។ ក្រោយពីមានឱកាសកើបលុយពីការច្រៀងតាមឆាកតន្ត្រីនានា នាយចឺមបានសម្រេចចិត្តសង់ផ្ទះវីឡាប្រណីតស្កឹមស្កៃមួយនៅលើទឹកដីកំណើតដែលរហូតមកដល់ពេលនេះរួចរាល់ជាង៧០ភាគរយបាត់ទៅហើយ។
ផ្ទះវីឡារបស់នាយចឺមដែលប្រកាសថាចាយលុយប្រមាណ១៤ម៉ឺនដុល្លារអាមេរិកសាងសង់ឲ្យឪពុកម្តាយនៅលើទឹកដីកំណើតនាខេត្តកំពង់ស្ពឺ។
តារាចម្រៀងមានឈ្មោះពិត សុខ មេសា ហៅនាយចឺម បានលើកឡើងថាផ្ទះដែលខ្លួនបានចំណាយលុយសង់ជូនអ្នកមានគុណគឺសម្រេចប្រមាណ៧៥ភាគរយហើយ ប៉ុន្តែលោកក៏មានអារម្មណ៍សោកស្តាយដែលជីដូនបង្កើតរបស់លោកបានទទួលមរណភាពមុនពេលដែលផ្ទះនេះសាងសង់រួច។ ផ្ទះនេះមានទទឹងប្រវែង ១០ ម៉ែត្រ និងបណ្តោយប្រវែង ២០ ម៉ែត្រ មាន ២ ជាន់។តារាចម្រៀងដែលល្បីរឿងលេងម៉ូតរថយន្ត និងរកលុយបានខ្ទង់ម៉ឺនដុល្លារអាមេរិកក្នុងមួយខែៗពីការច្រៀងរូបនេះធ្លាប់លើកឡើងថាដោយសារគិតថា ខ្លួនមិនទាន់មានអ្វីដើម្បីសងគុណឪពុកម្តាយជាដុំកំភួននៅឡើយ ហើយនៅចូលឆ្នាំថ្មី ចង់ឲ្យពួកគាត់សប្បាយចិត្ត ក៏មានគំនិតគិតសង់ផ្ទះមួយជុងទុកជូនគាត់សម្រាប់ពេលចាស់ទៅ។ ទោះជាយ៉ាងណាតារារូបនេះនៅមិនទាន់សម្លឹងមើលផ្ទះនៅផ្ទាល់ខ្លួននៅភ្នំពេញនៅឡើយដែលតារារូបនេះលើកឡើងថានឹងទិញនៅជំហ៊ានបន្ទាប់ក្រោយពីសង់វីឡាថ្មីនេះរួច។ តាមគម្រោងវីឡាប្រណីតស្កឹមស្កៃរបស់នាយចឺមអាចនឹងរួចរាល់នៅដំណាច់ឆ្នាំ២០១៨នេះ។
នាពេលកន្លងមកសង្កេតឃើញថា នាយ ចឺម ឧស្សាហ៍ដូរស៊េរីរថយន្តទំនើបណាស់ដូចជាដូរចេញពីម៉ាក Lexus 300 មកជិះម៉ាក Hammer តម្លៃរាប់ម៉ឺនដុល្លារ បានធ្វើឲ្យមហាជន និងមិត្តអ្នកសិល្បៈបើកភ្នែកធំៗ និងជាចុងក្រោយនេះដូរមកជិះឡានម៉ាក Tundra វិញ ខណៈឯខាងប្រភពចំណូលវិញគឺនាយធ្លាប់ប្រាប់ថាបានពីកម្លាំងញើសឈាមក្នុងវិស័យសិល្បៈ។ ទោះជាយ៉ាងណានាយចឺមប្រកាសផ្អាកដោះដូររថយន្តទំនើបៗដោយងាកមកសន្សំលុយកាក់សម្រាប់ទិញ ឬសាងផ្ទះវីឡាផ្ទាល់ខ្លួនវិញ៕
ដោយ វឌ្ឍនា